ចិន បា.ញ់ព្រមានយន្តហោះចម្បាំងរបបសឹកភូមា ក្រោយហោះឆ្វែលក្បែរព្រំដែនខ្លួន
ហៀប ស៊ីថេត
•
10 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ កងកម្លាំងសន្តិសុខចិន បានបាញ់ព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញា ដើម្បីការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីយន្តហោះចម្បាំងរបស់របបសឹកភូមា ហោះឆ្វែលពីលើទីបញ្ជាការដ្ឋាននៃកងទ័ពឯករាជ្យកាឈីន (ឬ KIA) ក្នុងទីក្រុងឡាយហ្សា (Laiza) ក្នុងរដ្ឋកាឈីន ជាប់ព្រំដែនចិន។ នេះបើតាមខ្លឹមសារចុះផ្សាយដោយកាសែត The Irrawaddy ចុះផ្សាយនៅថ្ងៃសុក្រទី២៥ ខែកញ្ញានេះ។

យន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូនប្រភេទ Y-12 របស់របបសឹក បានហោះពីលើទីបញ្ជាការដ្ឋានរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច KIA ចំនួន២ថ្ងៃ​ជាប់គ្នា ពោលគឺកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បន្ទាប់ពីកងកម្លាំងតស៊ូដឹកនាំដោយក្រុម KIA បានវាយប្រហារកម្ទេច និងពន្លិចនាវាសរុបប្រមាណ២០គ្រឿង ក្នុងក្បួននាវាដឹកជញ្ជូនស្បៀង និងអាវុធយុទ្ធោបករណ៍របស់របបសឹកភូមា ទៅកាន់តំបន់ប្រយុទ្ធគ្នាក្នុងក្រុងបាម៉ូ (Bhamo) កាលពីដើមខែកញ្ញា។ អ្នកនាំពាក្យកងទ័ព KIA បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានឮសំឡេងបាញ់ប្រហារជាច្រើនគ្រាប់ចេញពីភាគីចិន ខណៈយន្តហោះរបស់របបសឹកបានហោះសំដៅទៅកាន់ក្រុងឡាយហ្សា តាមផ្លូវអាកាសដែលស្របតាមបណ្តោយព្រំដែនភូមា-ចិន។អ្នកភូមិនៅក្រុងឡាយហ្សា បានបញ្ជាក់ប្រាប់សារព័ត៌មាន The Irrawaddy ថា យន្តហោះចម្បាំងរបស់របបសឹក បានហោះឆ្វែលពីលើទីក្រុងនេះ ចាប់តាំងពីថ្ងៃពុធមកម្ល៉េះ ហើយសាលារៀនក្នុងតំបន់ត្រូវបានបិទទ្វាររយៈពេលពី១ទៅ២សប្តាហ៍។

ចាប់តាំងពីថ្ងៃពុធមក កងទ័ព KIA និងសម្ព័ន្ធមិត្តបានចេញការព្រមាន ដោយអំពាវនាវឱ្យប្រជាជនកាឈីន បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់។ ដោយសារភាពតានតឹងផ្នែកយោធា និងការគំរាមកំហែងនៃការវាយប្រហារតាមអាកាសពីសំណាក់យោធាភូមា កងទ័ព KIA បានណែនាំសាធារណជនឱ្យចៀសវាងការជួបជុំគ្នាច្រើន ជីករណ្តៅលេណដ្ឋានការពារគ្រាប់បែកនៅតាមផ្ទះនីមួយៗ ចៀសវាងការធ្វើដំណើរឆ្ងាយដែលមិនចាំបាច់ និងត្រូវផ្លាស់ប្ដូរព័ត៌មានគ្នាភ្លាមៗ ប្រសិនបើទទួលបានការព្រមានពីការវាយប្រហារតាមអាកាស។ ទោះបីជាមានការហោះហើរគំរាមកំហែងយ៉ាងណាក៏ដោយ ក៏យន្តហោះចម្បាំងរបស់របបសឹកមិនបានវាយប្រហារលើក្រុងឡាយហ្សានោះទេ។ យ៉ាងណាមិញ យន្តហោះចម្បាំងជាច្រើនគ្រឿងត្រូវបានរាយការណ៍ថា បានទម្លាក់គ្រាប់បែកលើដែនដីគ្រប់គ្រងដោយ KIA ក្នុងស្រុកផាកាន់ (Hpakant) នាល្ងាចថ្ងៃព្រហស្បតិ៍។

គួររំលឹកថា កាលពីចុងខែសីហា និងដើមខែកញ្ញា របបសឹកបានបញ្ជូនក្បួននាវាដឹកជញ្ជូន២ ឆ្លងតាមទន្លេអ៊ីរ៉ាវ៉ាឌី (Irrawaddy River) ដើម្បីដឹកស្បៀង អាវុធ គ្រាប់កាំភ្លើង និងកងទ័ពបន្ថែមទៅកាន់ក្រុងបាម៉ូ (Bhamo)។ ក្នុងអំឡុងពេលនោះ យន្តហោះចម្បាំងរបស់របបសឹក បានទម្លាក់គ្រាប់បែកដូចភ្លៀងរលឹមតាមបណ្តោយទន្លេនេះ ដើម្បីបើកផ្លូវសុវត្ថិភាពសម្រាប់ក្បួននាវា ខណៈកងទ័ពជើងគោកបានប្រតិបត្តិការតាមច្រាំងទន្លេ រហូតបង្កឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយកងកម្លាំងតស៊ូដឹកនាំដោយក្រុម KIA។ ក្នុងអំឡុងពេលប្រយុទ្ធគ្នានោះ កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច KIA​ បានវាយប្រហារកម្ទេចពន្លិចនាវាជិត២០គ្រឿង រួមមាន៖ នាវាដឹកទំនិញ, នាវាសណ្តោង និងទូកល្បឿនលឿនបំពាក់កាំភ្លើងធំ ព្រមទាំងបានធ្វើឱ្យកងទ័ពរបបសឹក និងគ្រួសាររបស់ពួកគេជិត២០០នាក់ យល់ព្រមទម្លាក់អាវុធចុះចាញ់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត