
រដ្ឋធានីសេអ៊ូល៖ កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលបាលីស្ទីកមួយគ្រាប់តម្រង់ទៅកាន់សមុទ្ទនៅឆ្នេរខាងកើតរបស់ខ្លួននៅព្រឹកព្រឹលឹមម៉ោង៦កន្លះ ថ្ងៃសៅរ៍ទី៣ ខែតុលានេះ។ វា ជាការបាញ់សាកល្បងមីស៊ីលចុងក្រោយបង្អស់ក្នុងឆ្នាំ២០២៦នេះរបស់របបព្យុងយ៉ាង។ នេះបើយោងតាមការបញ្ជាក់ដូចគ្នាពីកូរ៉េខាងត្បូង និងជប៉ុន។

កងទ័ពកូរ៉េខាងត្បូង បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីតំបន់វ៉ុនសាន (Wonsan) ហើយបានហោះក្នុងចម្ងាយជាង៧០០គីឡូម៉ែត្រ។ រដ្ឋធានីសេអ៊ូល និងវ៉ាស៊ីនតោន កំពុងវិភាគការសាកល្បងនេះ ដើម្បីដឹងព័ត៌មានលម្អិត ហើយឆ្មាំសមុទ្ទជប៉ុន បានអះអាងថា មីស៊ីលនោះ អាចជាមីស៊ីលបាលីស្ទីក។ ជាមួយគ្នា កងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនបានដំឡើងកម្រិតនៃការឃ្លាំមើលការបាញ់សាកល្បងមីស៊ីលបន្ថែមទៀត ហើយនឹងចែករំលែកព័ត៌មានសម្ងាត់ជាមួយអាម៉េរិក និងជប៉ុន។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញនៅក្នុងថ្លែងការណ៍មួយថា ក្រុមប្រឹក្សាសន្តិសុខជាតិ បានកោះប្រជុំបន្ទាន់ភ្លាមៗតែម្តង ដើម្បីវាយតម្លៃស្ថានការណ៍បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលនេះ។ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលច្រើនជាង១០លើកមកហើយក្នុងឆ្នាំ២០២៦។ ពេលខ្លះ រដ្ឋធានីព្យុងយ៉ាង បានអះអាងថា ខ្លួនកំពុងសាកល្បងប្រព័ន្ធអាវុធប្រភេទថ្មី។

ការបាញ់បង្ហោះនេះ បានកើតឡើងបន្ទាប់ពីលោកស្រី គីម យូជុង (Kim Yo Jong) ប្អូនស្រីបង្កើតរបស់មេដឹកនាំ គីម ជុងអ៊ុន បានចេញថ្លែងការណ៍មួយកាលពីថ្ងៃសុក្រទី២ ខែតុលា ដោយបដិសេធសំណើរបស់រដ្ឋធានីសេអ៊ូល ដែលទាមទារឱ្យរដ្ឋធានីព្យុងយ៉ាង សុំទោសចំពោះការផ្ទុះមីននៅតំបន់ព្រំដែនគ្មានយោធា ឬតំបន់-ស ដែលបានធ្វើឱ្យទាហានកូរ៉េខាងត្បូងរងរបួសធ្ងន់ធ្ងរ។ កូរ៉េខាងត្បូង បានអះអាងថា គ្រាប់មីនរបស់កូរ៉េខាងជើង បានបង្កឱ្យមានការផ្ទុះឡើង ដែលធ្វើឱ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួសធ្ងន់ធ្ងរ អំឡុងពេលបំពេញបេសកកម្មល្បាតនៅក្នុងតំបន់ព្រំដែន៕




