
រដ្ឋធានីសេអ៊ូល៖ កូរ៉េខាងត្បូង បានប្រកាសនៅពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នេះថា ខ្លួនកំពុងរៀបចំវិធានការឆ្លើយតប ដើម្បីបង្ខំឱ្យកូរ៉េខាងជើងចេញមុខសុំទោសជាផ្លូវការ ជុំវិញហេតុការណ៍ផ្ទុះមីននៅតំបន់រំសាយអាវុធ (DMZ) ដែលបានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួសធ្ងន់ធ្ងរ។

យោងតាមលទ្ធផលនៃការស៊ើបអង្កេតរួមគ្នា ជាមួយបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UNC) ការផ្ទុះកាលពីថ្ងៃទី២១ ខែកញ្ញា បានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស ក្នុងនោះ២នាក់រងរបួសធ្ងន់ ដោយសារតែគ្រាប់មីនដែលកូរ៉េខាងជើងបានលួចកប់។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោកស្រី ជុង ប៊ីន-ណា (Chung Bin-na) បានអំពាវនាវឱ្យរដ្ឋធានីព្យុងយ៉ាងចូលតុចរចា ដើម្បីដោះស្រាយបញ្ហាមិនច្បាស់លាស់នៃខ្សែបន្ទាត់ព្រំដែនយោធា (MDL) ដែលមានប្រវែងជាង២០០គីឡូម៉ែត្រ និងមានបង្គោលព្រំដែនប្រមាណ១៩០០កន្លែង ដែលពិបាកកំណត់ឱ្យច្បាស់លាស់បន្ទាប់ពីឆ្លងកាត់ច្រើនទសវត្សរ៍។

ជាការឆ្លើយតប កូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់របស់រដ្ឋធានីសេអ៊ូល និងបានទាត់ចោលការទាមទារឱ្យសុំទោស ដោយចាត់ទុកថាជា «រឿងគ្មានមូលដ្ឋាន»។ លោកស្រី គីម យូជុង (Kim Yo Jong) ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានអះអាងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ថា ភាគីកូរ៉េខាងជើង មិនបានចេតនាកប់គ្រាប់មីននៅក្នុងតំបន់ព្រំដែននោះឡើយ ហើយភាពខុសគ្នានៃការមើលឃើញខ្សែបន្ទាត់ព្រំដែននេះហើយ ដែលជាដើមហេតុបង្កឱ្យមានភាពតានតឹងឥតឈប់ឈរនៅតំបន់នោះ៕



