
រាធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនក្រុមមុខសញ្ញាជនសង្ស័យចំនួន៧នាក់ ជាបន្តបន្ទាប់ ដែលបានយកឈ្មោះ«អ្នកសារព័ត៌មាន» ដើរធ្វើសកម្មភាពកៀបស៊ី ជំរិតទារប្រាក់ និងបង្កការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាជីវករនៅម្ដុំផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ...។

យោងតាមប្រភពព័ត៌មានពីមន្ត្រីអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមអ្នកកាសែតក្លែងក្លាយនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន អំពីសកម្មភាពរបស់ក្រុមជនខាងលើ ដែលបានប្រើប្រាស់កាត និងឈ្មោះជាអ្នកសារព័ត៌មាន ដើរគំរាមកំហែង មានទាំងកាំភ្លើងខ្លី ដើម្បីកៀបស៊ី ទារប្រាក់ពីពលរដ្ឋស្លូតត្រង់មួយចំនួន។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយខណ្ឌពោធិ៍សែន និងខណ្ឌចំការមន ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញាច្បាស់លាស់ និងឈានទៅក្របួចក្រុមអ្នកកាសែតក្លែងក្លាយ និងបក្ខពួកសរុប៧នាក់ ពាក់ព័ន្ធករណីអំពើកំហែងយក មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធខុសច្បាប់។

ជាមួយគ្នាផងដែរ សមត្ថកិច្ចបានបន្តធ្វើការដកហូតវត្ថុតាង រួមមាន៖ កាតអ្នកសារព័ត៌មានក្លែងក្លាយ អាវុធខ្លី(កាំភ្លើងហ្គាស) មធ្យោបាយសម្រាប់ធ្វើសកម្មភាព និងសម្ភារមានតម្លៃមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ន ជនជាប់ចោទក្លែងជាអ្នកសារព័ត៌មានទាំង ៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕





