
រដ្ឋធានីវ៉ាស៊ីនតោន៖ រយៈពេលជាង៧ខែ សហរដ្ឋអាម៉េរិក បាត់បង់ និងខូចខាតយន្តហោះចម្បាំង យន្តហោះយោធា ឧទ្ធម្ភាគចក្រ និងដ្រូន ដែលបូកចូលគ្នាមានចំនួន៨១គ្រឿង ចាប់តាំងពីការផ្តើមប្រតិបត្តិការសឹកសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ពីខែកុម្ភៈ ឆ្នាំ២០២៦មក។ តួលេខនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ស្រាវជ្រាវរួមថ្មីមួយរបស់ព្រឹទ្ធសភា និងរដ្ឋសភាអាម៉េរិក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

ក្នុងចំណោមដ្រូនដែលខូចខាត ដ្រូនធំប្រភេទ MQ-9 Reaper មានចំនួនច្រើនជាងពាក់កណ្តាល។ MQ-9 Reaper ត្រូវបានប្រើសម្រាប់ស៊ើបការណ៍ ឃ្លាំមើល គាំទ្រការប្រយុទ្ធ និងបំពេញបេសកកម្មជួយសង្គ្រោះផ្សេងៗ។ ចំណែក ក្នុងចំណោមយន្តហោះដែលរងការខូចខាត ឬបាត់បង់ ក៏មានយន្តហោះទំនើប និងមានតម្លៃខ្ពស់ៗដែរ ដូចជាយន្តហោះចម្បាំងប្រភេទ F-35 A និងយន្តហោះសម្រាប់ឃ្លាំមើល ប្រភេទ E-3 Sentry ជាដើម។

របាយការណ៍ ត្រូវបានប៉ាន់ប្រមាណថា ការខូចខាតទាំងអស់នេះ អាចមានតម្លៃសរុបចន្លោះ១,៩ពាន់លានដុល្លារ ដល់៣,៣ពាន់លានដុល្លារ។ យ៉ាងណា យន្តហោះ និងដ្រូន៨១គ្រឿងនេះ មិនមែនមានន័យថា ត្រូវបានបំផ្លាញទាំងអស់នោះទេ។ យន្តហោះមួយចំនួន គ្រាន់តែរងការខូចខាត ហើយអាចជួសជុល និងយកមកប្រើប្រាស់ឡើងវិញបានបន្តទៀត។ ការខូចខាតយន្តហោះ និងសព្វាវុធរបស់សហរដ្ឋអាម៉េរិក មានការកើនឡើង ជាលំដាប់។ កាលពីខែឧសភាកន្លងទៅ របាយការណ៍ស្រាវជ្រាវរួមរបស់ព្រឹទ្ធសភា និងរដ្ឋសភា បង្ហាញថា យន្តហោះអាម៉េរិកតែ៤២គ្រឿងប៉ុណ្ណោះ ដែលបាត់បង់ និងខូចខាត៕





