
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក សម្រេចប្រហារជីវិតអ្នកទោសឧក្រិដ្ឋ២នាក់ទៀត ដោយការចាក់ថ្នាំសម្លាប់ ប៉ុន្តែមានម្នាក់មិនស្លាប់។ ការប្រហារជីវិតនេះ ស្ថិតនៅក្នុងរដ្ឋ២ផ្សេងគ្នា គឺនៅរដ្ឋថេនណេស៊ី (Tennessee) និងនៅរដ្ឋតិចសាស់(Texas)...។

នៅរដ្ឋថេនណេស៊ី អ្នកទោសស្ត្រីឈ្មោះ គ្រីស្តា ផៃ (Christa Pike) អាយុ៥០ឆ្នាំ ត្រូវបានអាជ្ញាធរចាក់ថ្នាំ២ដង កាលពីថ្ងៃទី៣០ ខែកញ្ញា ប៉ុន្តែមិនបានស្លាប់នោះទេ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រោយមក ផៃ ក៏បានដឹងខ្លួនឡើងវិញ។ ករណីនេះ ធ្វើឱ្យមានការសង្ស័យអំពីដំណើរការប្រហារជីវិត និងការប្រើថ្នាំ។ ផៃ ត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្ម និងសម្លាប់សិស្សស្រីវ័យ១៩ឆ្នាំម្នាក់ កាលពីឆ្នាំ១៩៩៥។

ខណៈពេលនេះ ករណីរបស់ផៃ កំពុងជំរុញឱ្យមានការជជែកវែកញែកគ្នា ថាតើត្រូវចាក់ថ្នាំសម្លាប់ម្ដងទៀត ឬក៏ត្រូវដោះស្រាយតាមវិធីណាផ្សេង? នេះជាករណីដំបូងនៅសហរដ្ឋអាម៉េរិក ដែលអ្នកទោសត្រូវបានចាក់ថ្នាំប្រហារជីវិត តែមិនស្លាប់។ មេធាវីការពារក្ដី ស្នើឱ្យតុលាការពិចារណាប្តូរពីទោសប្រហារជីវិត មកនៅជាទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ។ ទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ តុលាការរដ្ឋថេនណេស៊ី មិនទាន់ធ្វើសេចក្ដីសម្រេចនោះទេ។

មួយសប្តាហ៍ក្រោយមក នៅរដ្ឋតិចសាស់ឯណោះវិញ ក៏ត្រូវចាក់ថ្នាំប្រហារជីវិតអ្នកទោសបុរសម្នាក់ដែរ ឈ្មោះ ចាម៉ាល់ ហូវ៉ដ (Jamaal Howard) អាយុ៤៦ឆ្នាំ។ ដោយសារឃើញករណីអ្នកទោសស្ត្រីឈ្មោះ គ្រីស្តា ផៃ ចាក់ថ្នាំមិនស្លាប់ អ្នកទោសបុរសឈ្មោះ ចាម៉ាល់ ហូវ៉ដ រូបនេះ ក៏បានស្នើឱ្យតុលាការផ្អាកប្រហារជីវិតខ្លួន។ ប៉ុន្តែសំណើនេះ ត្រូវបានតុលាការបដិសេធ ហើយចុងក្រោយ ចាម៉ាល់ ហូវ៉ដ នៅតែត្រូវបានប្រហារជីវិតដដែល នៅថ្ងៃទី៧ ខែតុលា ដោយការចាក់ថ្នាំ។

អាជ្ញាធររដ្ឋតិចសាស់ ប្រកាសថា ចាម៉ាល់ ហូវ៉ដ បានស្លាប់នៅម៉ោង៨យប់។ ចាម៉ាល់ ហូវ៉ដ ត្រូវបានចោទប្រកាន់ពីបទប្លន់ និងបាញ់សម្លាប់អ្នកលក់ម្នាក់នៅក្នុងហាង កាលពីឆ្នាំ២០០០។ សមត្ថកិច្ច រកឃើញថា ចាម៉ាល់ ហូវ៉ដ បានបាញ់ជនរងគ្រោះជាស្ត្រីត្រូវចំទ្រូង១គ្រាប់ ហើយបានយកប្រាក់១១៤ដុល្លារ និងបារីមួយកេស៕



