​ឥណ្ឌូណេស៊ី ចាប់ផ្ដើមបង្កើនការទិញគ្រឿងចម្បាំងដ៏ច្រើនលើសលុប សម្រាប់​​ការធ្វើយោធូបនីយកម្ម
S
Sinuon Nop
•
12 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ បច្ចុប្បន្ន ឥណ្ឌូណេស៊ី​ កំពុងបញ្ចាទិញយន្តហោះចម្បាំង នាវាចម្បាំង និងនាវាមុជទឹកនៅក្នុងល្បឿនមួយ មិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្ដិសាស្ត្ររបស់ខ្លួន​ សម្រាប់ការធ្វើយោធូបនីយកម្មដល់កងទ័ពរបស់ប្រទេសអាស៊ានមួយនេះ...។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto

សារព័ត៌មាន Asian Times បានចេញផ្សាយថា ឥណ្ឌូណេស៊ី កំពុងទិញអាវុធទំនើបៗ បំពាក់ដល់កងទ័ពរបស់ខ្លួន នៅក្នុងការធ្វើយោធូបនីយកម្ម ក្នុងល្បឿនដែលកម្រនឹងឃើញមាន នៅក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេស។ យន្តហោះចម្បាំង Rafale ផលិតដោយប្រទេសបារាំង កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ ហើយប្រទេសនេះ បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំង KAAN ចំនួន៤៨គ្រឿង ពីប្រទេសតួកគី។ រីឯកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌូណេស៊ី ក៏បានទទួលនាវាចម្បាំង ប្រភេទ PPA របស់អ៊ីតាលីចំនួន២គ្រឿង និងបានដាក់ឱ្យដំណើរការនាវាផ្ទុក​យន្តហោះចម្បាំងស៊េរីចាស់របស់អ៊ីតាលីមួយគ្រឿង គឺនាវាផ្ទុកយន្ដហោះ Giuseppe Garibaldi ដោយប្តូរឈ្មោះទៅជា នាវាផ្ទុកយន្ដហោះ ស្រីវិជ័យ (KRI Sriwijaya)។

នាវាមុជទឹក ប្រភេទ Scorpene ចំនួន២គ្រឿង កំពុង​សាងសង់នៅក្នុងប្រទេស ដោយមានការផ្ទេរបច្ចេកវិទ្យាមកពីប្រទេសបារាំង។ រីឯមីស៊ីល ប្រភេទ BrahMos ក៏កំពុងស្ថិតក្នុងដំណើរការនៃការបញ្ជាទិញ ហើយយន្តហោះគ្មានមនុស្សបើក ឬដ្រូន (drones) របស់តួកគី ក៏កំពុងពង្រីកកងយន្តហោះប្រភេទនេះ និងយន្តហោះដឹកជញ្ជូន A400M ព្រមទាំងប្រព័ន្ធរ៉ាដាការពារដែនអាកាសថ្មី ក៏បានមកដល់ហើយ​ដែរ។ ថវិកាដែលប្រើប្រាស់ សម្រាប់ការកសាងកម្លាំងទ័ពដ៏ទំនើបបែបនេះ ក៏បានកើនឡើងយ៉ាងគំហុកផងដែរ។ ការចំណាយលើវិស័យការពារជាតិរបស់ឥណ្ឌូណេស៊ី បានកើនឡើង ចាប់ពី១២៥,៨ពាន់ពាន់លាន​រូពី (លុយឥណ្ឌូណេស៊ី) ឬស្មើ​​ប្រហែល៧ពាន់លានដុល្លារអាម៉េរិក (តាមអត្រាប្តូរប្រាក់បច្ចុប្បន្ន) នៅក្នុងឆ្នាំ២០២១ កើនដល់កំណត់ថវិកា៣៣៧,៤ពាន់ពាន់លាន​រូពី ឬស្មើប្រហែលជាង១៨,៨៥ពាន់លានដុល្លារអាម៉េរិក​ សម្រាប់ឆ្នាំ២០២៦។

ទន្ទឹមគ្នា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបញ្ជាក់ថា ថវិកាទាំងនេះ មិនមែនគ្រាន់តែ សម្រាប់ការទិញអាវុធប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កិច្ចការថែទាំហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មការពារជាតិក្នុងស្រុក និងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធទាំងមូលផងដែរ។​ ក្រសួងការពារជាតិ និងក្រុមប្រឹក្សាការពារជាតិ កាលពីខែកញ្ញាកន្លងទៅ បានទទួលស្គាល់បញ្ហាប្រឈមនេះ យ៉ាងជាក់ស្តែង ដោយបានរៀបចំវេទិកាមួយ ពិភាក្សាអំពីសមត្ថភាពប្រតិបត្តិការរួមគ្នា ​​និងប្រព័ន្ធ C6ISR រួមទាំងការកំណត់ស្ដង់ដារ សម្រាប់ប្រព័ន្ធទំនាក់ទំនង និងការតភ្ជាប់ទិន្នន័យ។ មន្ត្រីនានា បានសង្កត់ធ្ងន់ថា សង្គ្រាមសម័យទំនើប លែងត្រូវបានកំណត់ដោយចំនួននៃ​ប្រយុទ្ធ ឬកម្លាំងបំផ្លិចបំផ្លាញ សម្រាប់​អាវុធនីមួយៗទៀតហើយ។​ ការជំរុញទិញយកសម្ភារយោធារបស់ប្រទេសឥណ្ឌូណេស៊ី មិនមែនគ្រាន់តែជាការទិញអាវុធយ៉ាងគំហុកប៉ុណ្ណោះទេ។ Rafale ផ្តល់ឱ្យកងទ័ពអាកាសនូវយន្តហោះចម្បាំងទំនើប ដែលអាចបំពេញបេសកកម្មបានច្រើនប្រភេទ (multirole) ព្រមទាំងបំពាក់ដោយប្រព័ន្ធចាប់សញ្ញា (sensors) កម្រិតខ្ពស់ និងអាវុធ ដែលមានរយៈចម្ងាយវាយប្រហារឆ្ងាយ។

យន្តហោះ A400M អាចជួយពង្រីកសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសរបស់ខ្លួន។ ចំណែកឯគម្រោងយន្តហោះ KAAN ចំនួន៤៨គ្រឿងវិញ អាចបើកផ្លូវឱ្យឥណ្ឌូណេស៊ី ទទួលបានបច្ចេកវិទ្យាយន្តហោះចម្បាំងជំនាន់ទី៥ និងផ្តល់ឱកាសឱ្យឧស្សាហកម្មក្នុងស្រុក បានចូលរួមចំណែកផងដែរ។ ស្ថានភាព​របស់កងទ័ពជើងទឹក ក៏មានលក្ខណៈស្រដៀងគ្នាដែរ។ នាវាចម្បាំង ប្រភេទ PPA គឺ KRI Brawijaya និង KRI Prabu Siliwangi គឺជាកប៉ាល់ចម្បាំងដែលមានប្រវែង១៤៣ម៉ែត្រ បំពាក់ដោយមីស៊ីលវាយប្រហារពីផ្ទៃទឹកទៅផ្ទៃទឹក និងពីផ្ទៃទឹកទៅអាកាស កាំភ្លើងធំសម្រាប់កប៉ាល់ និងគ្រាប់បែកតូរពីដូ (Torpedoes) ដែលសុទ្ធសឹងជាសមត្ថភាពដ៏ទំនើបលើសលុប បើធៀបនឹងកប៉ាល់ស៊េរីចាស់ៗជាច្រើន នៅក្នុងចំណោកងនាវាទាំងនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត