ប៉ូលិសថៃ ចាប់បានគ្រឿងញៀនជាង១,១តោន ដែលពួកឧក្រិ.ដ្ឋជនប្រុងនាំចូលហ្វីលីពីន
Mao Sopha
•
11 ម៉ោងមុន

រាជធានីបាងកក៖ ប៉ូលិសថៃ បានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ជាង ១,១តោន មានតម្លៃប្រមាណ៩លានដុល្លារ ពីទូកនេសាទ១គ្រឿងក្នុងឈូងសមុទ្ទថៃ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយដោយកាសែត The Nation។ 

ក្រុមប៉ូលិស បានតាមដានទូកនេសាទឈ្មោះ East Hrbour 1 បន្ទាប់ពីទទួលបានព័ត៌មាន ថា ទូកនេះ លួចដឹកជញ្ជូនគ្រឿងញៀនតាមដែនទឹក ហើយបញ្ជូនបន្តទៅកាន់ទូកធំៗ។ កាលពីថ្ងៃទី៤ ខែតុលា មន្ត្រីជំនាញ បានឃើញទូក East Hrbour 1 ចេញពីតំបន់ឆ្នេរសមុទ្ទសុងក្លា (สงขลา) ហើយក៏ដាក់នាវាល្បាត និងតាមដានមើលមុខសញ្ញានេះ។ រហូតដល់ម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលា កងតម្រួតថៃ ក៏ស្ទាក់ចាប់ទូកនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប៦នាក់សុទ្ធតែជាជនជាតិថៃទាំងអស់។ 

ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ត្រូវបានលាក់ទុកក្នុងបន្ទប់សម្ងាត់នៅផ្នែកខាងក្រោយទូក។ គ្រឿងញៀនទាំងនេះ ត្រូវបានខ្ចប់ដាក់ក្នុងប៉ាវចំនួន៣៩បាវ និងមានកញ្ចប់ចំនួន៨ផ្សេងទៀត។ ប៉ូលិស វាយតម្លៃថា ទូក East Hrbour 1 អាចមានតម្លៃប្រមាណ២០ម៉ឺនដុល្លារ ហើយក៏ត្រូវបានរឹបអូសដែរ។ ជនសង្ស័យ សារភាពថា ពួកគេទទួលគ្រឿងញៀននៅក្នុងឈូងសមុទ្ទថៃ ហើយមេខ្លោងនៅពីក្រោយ សន្យាផ្តល់ប្រាក់ប្រមាណ៣ពាន់ដុល្លារដល់ពួកគេម្នាក់ៗ សម្រាប់ការងារលួចដឹកជញ្ជូននេះ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យ គ្រឿងញៀនទាំងនេះ មានគោលដៅដឹកបញ្ជូនទៅកាន់ប្រទេសហ្វីលីពីន។ ប៉ូលិស បានបញ្ជូនជនសង្ស័យទាំង៦នាក់ និងថ្នាំញៀនជាវត្ថុតាង ទៅកាន់អង្គភាពប្រឆាំងគ្រឿងញៀន ដើម្បីបើកការស៊ើបអង្កេតបន្ត៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត