ព្រឺសម្បុរខ្ញាក! ក្រុមអ្នកចម្បាំងទាំង៧រូប នឹងដើរចុះពីប្រាង្គភិមានអាកាសដូចចេញពីទ្វារទេវតា ឆ្ពោះមកកាន់សង្វៀនគុនខ្មែរ នៅមុខទីលានជល់ដំរី
Chanmarady Chuon
•
13 ម៉ោងមុន

គុនខ្មែរ៖ ព្រឹត្តិការណ៍ប្រដាល់កម្រិតអន្តរជាតិ និងជាប្រវត្តិសាស្ត្រថ្មីមួយទៀត នោះគឺ ភិមានអាកាស KUN KHMER × FIGHT CLUBBING 2026 ត្រូវបានប្រភពកៀកជិតនឹងអ្នកដឹកនាំកម្មវិធី ទម្លាយថា នឹងមានការរៀបចំឡើងយ៉ាងស្កឹមស្កៃ និងប្លែកអារម្មណ៍មិនធ្លាប់មាន ដោយកម្មវិធីត្រៀមឱ្យកំពូលអ្នកប្រយុទ្ធគុនខ្មែរ ធ្វើដំណើរចុះពីកំពូលប្រាង្គភិមានអាកាសដោយផ្ទាល់ និងឆ្លងកាត់ក្លោងទ្វារលានជល់ដំរី សំដៅឡើងមកតតាំងជាមួយជើងខ្លាំងអន្តរជាតិ នៅលើសង្វៀនគុនខ្មែរដែលស្ថិតនៅចំពីមុខព្រះពន្លាជល់ដំរីផ្ទាល់តែម្ដង…។

គួររម្លឹកផងដែរថា ប្រាសាទភិមានអាកាស ជាទីតាំងប្រាសាទបុរាណដ៏ល្អឯករបស់ខ្មែរ ហើយត្រូវបានរៀបចំឱ្យមានការប្រកួតជាប្រវត្តិសាស្ត្រនេះ ដើម្បីផ្សព្វផ្សាយទាំងក្បាច់គុនដូនតាផង និងប្រាសាទបុរាណខ្មែរផង។ ប្រាសាទភិមានអាកាស បានចាប់ផ្ដើមកសាងឡើងនៅចុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវម៌្មទី២ និងត្រូវបានបញ្ចប់ជាស្ថាពរនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាល ព្រះបាទសូរ្យវម៌្មទី១។ ប្រាសាទនេះ សាងសង់ឡើងតាមរចនាបថឃ្លាំង ដែលមានរូបរាងជាសាជី តំណាងឱ្យ«ភ្នំព្រះសុមេរុ» ដែលជាទីស្នាក់អាស្រ័យរបស់ពពួកទេវតា ក្នុងព្រហ្មញ្ញសាសនា។ ពាក្យថា «ភិមានអាកាស» មានប្រភពមកពីភាសាសំស្ក្រឹត៖ «វិមាន» ប្រែថា លំនៅឋានរបស់ទេវតា និង «អាកាស» ប្រែថា មេឃ ឬលម្ហ ដែលមានន័យថា «វិមានដែលអណ្តែតខ្ពស់ត្រដែតលើអាកាស» ឬ «វិមានសួគ៌»។

ព្រឹត្តិការណ៍ដ៏ធំសម្បើម ភិមានអាកាស KUN KHMER × FIGHT CLUBBING 2026 កើតឡើងក្រោមសហការរៀបចំដោយស្ថានីយទូរទស្សន៍ Town Full HDTV និងស្ថាប័នប្រដាល់អន្តរជាតិ FIGHT CLUBBING របស់ប្រទេសអ៊ីតាលី ដោយគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២៦ខាងមុខ នៅលើទឹកដីដ៏អច្ឆរិយៈនៃរាជធានីយសោធរបុរៈ ឬក្រុងអង្គរ នាខេត្តសៀមរាប។ អ្វីដែលកាន់តែពិសេស និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជននោះ គឺជំនួបជាមួយកីឡាករបរទេសលើកនេះ មានដាក់ឱ្យដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក សរុបរហូតដល់ទៅ៤ខ្សែ រួមមាន៖ ខ្សែក្រវាត់ FIGHT CLUBBING World Championship ចំនួន២ខ្សែ និងខ្សែក្រវាត់ IPCC World K-1 Championship ចំនួន២ខ្សែទៀតផងដែរ។

ជុំវិញការរៀបចំកម្មវិធីដ៏អស្ចារ្យនេះឡើង ត្រូវបាន លោក MC វុត្ថា អ្នករៀបចំកម្មវិធីកីឡាស្ថានីយទូរទស្សន៍ Town ថ្លែងប្រាប់ SBM News នៅរសៀលថ្ងៃទី០៨ ខែតុលានេះថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពិតជាមានការរៀបចំ និងទម្រង់ប្រកួតដូចបានបញ្ជាក់ខាងលើប្រាកដមែន។ លោកបន្ថែមថា ប្រសិនបើគ្មានការប្រែប្រួលទេ ការប្រកួតនេះ នឹងមានទាំងទម្រង់លក្ខណៈគុនខ្មែរ (Kun Khmer Rules) និងឃីកបុកស៊ីង (Kickboxing/K-1) ដោយមានការដណ្ដើមខ្សែក្រវាត់ពិភពលោក ចំនួន៤ខ្សែផងដែរ។ តាមការប្រកាសសមាសភាពផ្លូវការ កំពូលអ្នកប្រយុទ្ធឆ្លងទ្វីបទាំង៧រូប ប្រចាំស្ថាប័ន Fight Clubbing មកពីប្រទេសអ៊ីតាលី រួមមាន៖ ១.កីឡាករ Shuayb Acar, ២.កីឡាករ Abdoulaye Diallo, ៣.កីឡាករ Ayoub Bahri, ៤.កីឡាករ Thristan Massobrio, ៥.កីឡាករ Ragheb Dkhili, ៦.កីឡាករ Pasquale Rubino និង៧.កីឡាករ Ali Zarinfar។ អ្នកទាំងនេះ នឹងត្រូវតតាំងជាមួយក្រុមអ្នកចម្បាំងគុនខ្មែរ៧រូប រួមមាន៖ អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា, នាគរាជខ្មៅចតុមុខ ឈឿង ល្វៃ, ក្របីព្រៃ ពេជ្រ សម្បត្តិ, អេ វីរខាំឈីត ភូថង, អេ អាំម៉ារីន ភូថង, សោម វិឆ័យ, និង ផានិត គុនខ្មែរ។

សូមជម្រាបថា ព្រឹត្តិការណ៍ ភិមានអាកាស KUN KHMER × FIGHT CLUBBING ដែលនឹងត្រូវផ្សាយបន្តទៅកាន់ស្ថាប័នព័ត៌មាន DAZN ជាបណ្តាញទូរទស្សន៍កីឡាដ៏ល្បីល្បាញរបស់ចក្រភពព្រីតថេន ដោយមានការផ្សាយចេញទៅកាន់ជាង២០០ប្រទេស ជុំវិញពិភពលោកផងនោះ វាមិនត្រឹមតែជាសមរភូមិក្បាច់គុនដណ្តើមជើងឯកពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាស្ពានចម្លងដ៏សំខាន់មួយក្នុងការជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងក្បាច់គុនបុរាណខ្មែរ ឱ្យល្បីរន្ធឺពេញពិភពលោក។ ការរួមបញ្ចូលគ្នា រវាងអរិយធម៌នៃដែនដីអច្ឆរិយៈសៀមរាបអង្គរ និងវិស័យកីឡាប្រដាល់អន្តរជាតិ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលជួយបើកភ្នែកទិព្វ ឱ្យពិភពលោកឱ្យសម្លឹងមើលមកកាន់កម្ពុជាកាន់តែច្បាស់ និងបន្សល់ទុកនូវមោទនភាពយ៉ាងធំធេងសម្រាប់ជាតិទាំងមូល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត