
ក្រុងសៀមរាប៖ ក្នុងប្រវត្តិសាស្ត្រខ្មែរ ប្រាសាទភិមានអាកាស ជាប់ពាក់ព័ន្ធនឹងជំនឿនៃកំណើតពូជពង្សខ្មែរ លើសពីនេះ ក៏ជាសំណង់សក្ការបូជាយ៉ាងស័ក្តិសិទ្ធិ ស្ថិតនៅចំកណ្ដាលនៃបរិវេណព្រះបរមរាជវាំងបុរាណ ក្នុងរាជធានីអង្គរធំ ខេត្តសៀមរាប…។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ប្រាសាទភិមានអាកាស កសាងឡើងនៅចុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវម៌្មទី២ និងត្រូវបានបញ្ចប់ជាស្ថាពរនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី១។ ប្រាសាទនេះ សាងសង់ឡើងតាមរចនាបថឃ្លាំង មានរូបរាងជាសាជីថ្នាក់ៗ តំណាងឱ្យ «ភ្នំព្រះសុមេរុ» ជាទីស្នាក់អាស្រ័យរបស់ពួកទេវតា ក្នុងព្រហ្មញ្ញសាសនា។ ពាក្យថា «ភិមានអាកាស» មានប្រភពមកពីភាសាសំស្ក្រឹត៖ វិមាន ប្រែថា លំនៅឋានរបស់ទេវតា និងអាកាស ប្រែថា មេឃ ឬលម្ហ ដែលមានន័យថា «វិមានដែលអណ្តែតខ្ពស់ត្រដែតលើអាកាស» ឬ «វិមានសួគ៌»។ ជាសំណង់មានលក្ខណៈស្ថាបត្យកម្មឆ្នើមក្នុងទម្រង់ជា«ប្រាសាទភ្នំ» តំណាងឱ្យចក្រវាឡ។ ភិមានអាកាស មានរចនាសម្ព័ន្ធរាងសាជី៣ថ្នាក់ កសាងឡើងដោយប្រើថ្មបាយក្រៀមជាគ្រឹះយ៉ាងរឹងមាំ និងមានថ្នាក់ខាងលើបង្អស់ធ្វើអំពីថ្មភក់។ នៅតាមជ្រុងនីមួយៗនៃថ្នាក់ទាំងបី មានតម្កល់រូបចម្លាក់ដំរីយ៉ាងប្រណីត។

រីឯជណ្តើរឡើងទាំង៤ទិសមានភាពចោតខ្លាំង និងលម្អដោយរូបចម្លាក់តោឈរយាម យ៉ាងអង់អាចនៅតាមថ្នាក់នីមួយៗ។ អាជ្ញាធរជាតិអប្សរា ឱ្យដឹងបន្ថែមថា ប្រាសាទភិមានអាកាស ជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង។ ភ្ញៀវទេសចរអាចដើរឆ្លងកាត់ទីធ្លាដ៏ស្ងប់ស្ងាត់ជ្រងំ លាក់ខ្លួនក្រោមម្លប់ឈើធំៗ ឆ្ពោះទៅកាន់ព្រះលានជល់ដំរី និងព្រះលានស្ដេចគម្លង់ ស្ថិតនៅក្បែរនោះ ដើម្បីស្វែងយល់បន្ថែមពីភាពអស្ចារ្យនៃរាជធានីអង្គរធំ នាអតីតកាល។ ហើយទីនេះ ក្រៅតែជាកន្លែងសក្ការបូជាតាមបែបព្រហ្មញ្ញសាសនា ភិមានអាកាស គឺជាប្រាសាទ ជាទីសក្ការផ្ទាល់របស់ព្រះមហាក្សត្រអង្គរ។ នៅជុំវិញប្រាសាទភិមានអាកាស មានសំណង់បុរាណសំខាន់ៗផ្សេងទៀតរួមមាន ស្រះស្រី និងស្រះប្រុស ព្រមទាំងសំណង់ផ្សេងៗជាច្រើនទៀតផងដែរ៕





