
កីឡា៖ លោក អាគិហីរ៉ូ កាតូ (Akihiro Kato) ប្រធានក្លឹបបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger FC) ដែលមានមូលដ្ឋាននៅខេត្តសៀមរាប ព្រមទាំងដៃគូជនជាតិជប៉ុន បានឧបត្ថម្ភ និងសាងសង់ទីលានបាល់ទាត់ស្មៅសិប្បនិម្មិតមួយកន្លែង ជូនដល់កុមារនៅជំរំជនភៀសសឹកក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគម្រោងនេះ បានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២៦...។

ទីលានបាល់ទាត់ស្មៅសិប្បនិម្មិតដែលមានទំហំ៤៤ម៉ែត្រ x ២២ម៉ែត្រ នេះ ត្រូវបានបង្កើតឡើងដើម្បីបម្រើដល់ការលេងកីឡារបស់កុមារ និងប្រជាពលរដ្ឋភៀសសឹកប្រមាណ២ម៉ឺននាក់ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងជំរំ និងពុំទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន ដោយសារទាហានថៃបានចូលកាន់កាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ លោក Akihiro Kato បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយសម្ដែងក្ដីរំភើប និងក្ដីសង្ឃឹមយ៉ាងមុតមាំយ៉ាងដូច្នេះថា៖«ខ្ញុំសង្ឃឹមថា! យើងខ្ញុំបានបរិច្ចាគទីលានបាល់ទាត់មួយជូនដល់ភូមិរង់ចាំ។ ទីលាននេះ នឹងក្លាយជាកន្លែងដែលកុមារអាចលេងកីឡា រត់លេង និងមានស្នាមញញឹមជារៀងរាល់ថ្ងៃ។ ប៉ុន្តែទោះបីជាទីលានបាល់ទាត់នេះ លែងមានអ្នកប្រើប្រាស់ក៏ដោយ ខ្ញុំក៏សប្បាយចិត្តដែរ ប្រសិនបើនោះមានន័យថា អ្នកទាំងអស់គ្នាអាចត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ បានដោយសុវត្ថិភាពឆាប់ៗ»។

ជាមួយគ្នា ប្រធានក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ក៏បានបញ្ជាក់បន្ថែមអំពីគម្រោងចុះទៅជួបកុមារដោយផ្ទាល់ក្នុងពេលឆាប់ៗផងដែរថា៖«ខ្ញុំសូមឱ្យកុមារទាំងអស់រស់នៅដោយមានក្ដីសុបិន ក្ដីសង្ឃឹម និងភាពក្លាហាន។ ខ្ញុំនឹងទៅលេងភូមិរង់ចាំនៅក្នុងខែនេះ។ ជួបគ្នាឆាប់ៗ..!»។ ការឧបត្ថម្ភទីលានបាល់ទាត់នាពេលនេះ មិនត្រឹមតែជាការផ្ដល់ទីកន្លែងហាត់ប្រាណ និងកម្សាន្តសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ដល់កម្លាំងចិត្ត និងក្ដីសង្ឃឹមយ៉ាងធំធេងដល់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ដែលកំពុងជួបការលំបាក ឱ្យមានស្នាមញញឹមឡើងវិញ តាមរយៈវិស័យកីឡា៕






