តើពន្លឺសន្តិភាពនៅលើដែនដីភាគខាងត្បូងថៃ អាចរះឡើងបានដែរឬទេ..? ហើយចុះខ្មែរលើយើងវិញ គិតយ៉ាងម៉េចដែរ?
ហៀប ស៊ីថេត
•
14 ម៉ោងមុន

បទបរិយាយ៖ នៅចម្ងាយជាង១០០០គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីបាងកក ជម្លោះប្រដាប់អាវុធដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ កំពុងចាប់ផ្តើមផ្ទុះឡើងវិញយ៉ាងស្រួចស្រាវ។ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ក្នុងខែសីហា រលកនៃការដុតបំផ្លាញ និងការវាយប្រហារដោយគ្រាប់បែក បានកើតឡើងជិត៨០ទីតាំង នៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេសថៃ បន្ទាប់ពីក្រុមចលនាប្រដាប់អាវុធ ឬក្រុមផ្តាច់ខ្លួនបើកការតស៊ូវាយប្រហារយ៉ាងសាហាវ កាលពីខែកក្កដា ដោយបានបាញ់ប្រហារសម្លាប់ទាហាន៥នាក់ នៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ។ ទោះបីជាគ្មានក្រុមណាមួយចេញមុខទទួលខុសត្រូវផ្លូវការក្ដី ប៉ុន្តែអាជ្ញាធរថៃបានអះអាងថា នេះគឺជារលកនៃការវាយលុកថ្មីមួយទៀតនៅក្នុងជម្លោះកម្រិតទាបរវាងរដ្ឋ និងក្រុមប្រដាប់អាវុធម៉ាឡេ-មូស្លីម ខណៈកិច្ចចរចាសន្តិភាព ត្រូវបានពន្យារពេលជាបន្តបន្ទាប់។

ជុំវិញវិបត្តិផ្ទៃក្នុងដ៏ស្រួចស្រាវនេះ មានសំណួរជាច្រើនចោទសួរថា តើប្រទេសថៃ អាចស្វែងរកទីបញ្ចប់នៃសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃនេះ បានដែរឬទេ..? ហើយថាតើក្រុមបំបែកខ្លួននៅភាគខាងត្បូង ដែលជាអតីតដែនដីនគរស៊ុលតង់-ប៉ាតានី អាចទទួលបានជោគជ័យដែរឬយ៉ាងណា? ចុះពលរដ្ឋខ្មែរលើជាង៣០ខេត្តវាយដណ្តើមកាន់កាប់ពីអតីតកាលដូចគ្នា មានបំណងរើបម្រាសវិញដែរឬទេ..? ជាទូទៅ នៅពេលដែលនិយាយអំពីការប្រតិបត្តិសាសនានៅក្នុងប្រទេសថៃ គេតែងនឹកឃើញដល់ព្រះពុទ្ធសាសនាជាគោល ប៉ុន្តែគេគ្រប់គ្នាប្រហែលជាមិនសូវបានដឹងទេថា ក្នុងនោះ មានប្រជាជនចន្លោះពី ៥ភាគរយ ទៅ១០ភាគរយនៃប្រទេសនេះ គឺជាសាសនិកមូស្លីម។ ខេត្តនៅតំបន់ភាគខាងត្បូងចំនួន៤ ដែលជាជនជាតិម៉ាឡេ-មូស្លីម ពីអតីតកាល ជាអ្នកប្រតិបត្តិសាសនាអ៊ិស្លាមដ៏គត់មុតបំផុត។ មូលហេតុដែលសហគមន៍នេះ មានលក្ខណៈស្រដៀងគ្នានឹងម៉ាឡេស៊ីភាគខាងជើង ក៏ដោយសារទីនោះជាអតីតអាណាចក្រឯករាជ្យមួយមានឈ្មោះថា «ស៊ុលតង់ប៉ាតានី»។

កិច្ចសន្ទនារវាងព្រះពុទ្ធសាសនា-មូស្លីម
កិច្ចសន្ទនារវាងព្រះពុទ្ធសាសនា-មូស្លីម

តើហេតុអ្វីបានជាថៃ ក្លាយជាម្ចាស់គ្រប់គ្រងលើដែនមួយចំណិតនៃតំបន់ភាគត្បូងនេះបាន..?

តាមពិតវាមិនមែនជារឿងចៃដន្យឡើយ! មិនចៃដន្យក៏នៅត្រង់ថា វាជាការបែងចែកទឹកដីនាសម័យអាណានិគម ពោលគឺស្រដៀងនឹងការខណ្ឌចែកទឹកដីកម្ពុជា-ថៃ ក្រោយសម័យអាណានិគមបារាំង, ការបែងចែកទឹកដីកម្ពុជាក្រោមឱ្យទៅអាណ្ណាម(វៀតណាម) កាលពីជំនាន់បារាំងកាន់កាប់ទឹកដីតំបន់ឥណ្ឌូចិន យ៉ាងដូច្នោះដែរ។ បើយើងចោលភ្នែកមើលទៅឆ្នាំ១៩០៩ ប្រទេសសៀម បានព្រមព្រៀងលើព្រំដែនជាមួយម៉ាឡេស៊ី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស ដោយកាលនោះ សៀមបានសម្ដែងធ្វើជាតួកម្សត់គួរឱ្យអាណិត ដោយបានបោះបង់ចោលនូវគំនិតទាមទារសិទ្ធិលើការគ្រប់គ្រងរដ្ឋម៉ាឡេភាគខាងជើងដូចជា រដ្ឋកេឡានតាន់(Kelantan) ឱ្យទៅអង់គ្លេស តែបានសុំប្តូរមកវិញ នៅតំបន់អាណាចក្រស៊ុលតង់ប៉ាតានីដែលនៅសេសសល់ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់សៀម។

ផែនទីខេត្តភាគខាងត្បូង
ផែនទីខេត្តភាគខាងត្បូង

ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស នាសម័យនោះ ធ្វើឱ្យដែនដីស៊ុលតង់ប៉ាតានីក្លាយជាសាច់មួយដុំធំប្រគល់មកឱ្យនគរសៀម ហើយប្រជាជនកាន់សាសនាមូស្លីមភាគច្រើន ត្រូវបានគេមើលរំលង មើលងាយ ធ្វើទុក្ខបុកម្នេញ ឬគ្មានការខ្វល់ខ្វាយទាល់តែសោះ។ ដោយទ្រាំនឹងទង្វើរដ្ឋអំណាចសៀម មិនបាន ពួកគេក៏បង្កើតជាចលនាតស៊ូប្រឆាំងនឹងរដ្ឋអំណាចរាជធានីបាងកកវិញ អស់រយៈពេលជាងមួយសតវត្សរ៍ និងទាមទារឯករាជ្យភាព។ កំលុងទសវត្សរ៍ដំបូងៗ ការតស៊ូភាគច្រើនបានធ្វើឡើងក្រោមរូបភាពសន្តិវិធី ប៉ុន្តែចលនាទាំងនេះ ត្រូវបានរដ្ឋអំណាចថៃបង្ក្រាបយ៉ាងចាស់ដៃ រួមទាំងការចាប់ឃុំឃាំង លោក ហាជី ស៊ូឡុង អាប់ឌុល កាដឺ (Haji Sulong Abdul Kadir) ដែលជាមេដឹកនាំសាសនា និងជាបុគ្គលដ៏មានឥទ្ធិពលក្នុងការទាមទារស្វ័យភាពជូនជនជាតិម៉ាឡេ-មូស្លីម រហូតរូបលោកត្រូវបានបាត់ខ្លួនដោយគ្មានតម្រុយ និងធ្វើឱ្យប្រជាជនភាគខាងត្បូង សង្ស័យយ៉ាងខ្លាំងថា លោកត្រូវបានកងកម្លាំងតម្រួតថៃសម្លាប់ចោល។

លោក ហាជី ស៊ូឡុង អាប់ឌុល កាដឺ (Haji Sulong Abdul Kadir) 
លោក ហាជី ស៊ូឡុង អាប់ឌុល កាដឺ (Haji Sulong Abdul Kadir) 

ព្រឹត្តិការណ៍នេះ បានធ្វើឱ្យដំបៅនៅក្នុងទ្រូងជនជាតិម៉ាឡេ-មូស្លីម កាន់តែឈឺចាប់ពឺតផ្សារ ហើយជំរុញឱ្យពួកគេប្រមូលផ្តុំជាក្រុមប្រដាប់អាវុធ រួចចាប់ផ្តើមអំពាវនាវទាមទារឯករាជ្យផ្តាច់ខ្លួនចេញពីរដ្ឋថៃ ដោយមានក្រុម រ៉េវ៉ូលូស៊ី ណាស៊ីយ៉ូណាល់ ឬ BRN គឺជាកម្លាំងប្រដាប់អាវុធស្នូល និងមានឥទ្ធិពលបំផុតនៅលើសមរភូមិទាមទារឯករាជ្យនៅតំបន់ភាគខាងត្បូង។ ចាប់តាំងពីឆ្នាំ២០០៤ មក ជម្លោះប្រដាប់អាវុធនេះ បានបណ្ដាលឱ្យមនុស្សជាង៧៨00នាក់ស្លាប់ ខណៈប្រតិបត្តិការយោធា និងការវាយប្រហារក្រោយឆ្នាំ២០០៤ នេះ មានកម្រិតឃោរឃៅ និងមានទំហំមិនធ្លាប់មានពីមុនមកឡើយ។ ទោះបីជាដំណើរត្រាច់ចរស្វែងសន្តិភាពផ្លូវការ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៣ រវាងរាជរដ្ឋាភិបាលថៃ និងក្រុម BRN ក៏ដោយ ប៉ុន្តែប្រៀបដូចជាដំណើរអណ្តើក និងមាហនល្បឿនយឺតខ្លាំងដូចខ្យងក្នុងរយៈពេល១២ឆ្នាំកន្លងមក នោះក៏ដោយសារតែវិបត្តិនយោបាយ និងការផ្លាស់ប្ដូរអំណាចដឹកនាំភ្លឹបភ្លែតៗដូចអំពិលអំពែក រួមទាំងការខ្វះគោលដៅច្បាស់លាស់ពីសំណាក់រាជរដ្ឋាភិបាលថៃ អំពីលទ្ធផលចុងក្រោយនៃកិច្ចចរចា រហូតធ្វើឱ្យភាគីទាំង២មិនអាចស្វែងរកចំណុចប្រសព្វដើម្បីឈានទៅរកសន្តិភាពយូរអង្វែងបាន។

លុះមកដល់ឆ្នាំ២០២៥ ការវាយប្រហារនៅភាគខាងត្បូងថៃ បានចាប់ផ្តើមកម្រើកឡើងខ្លាំងជាថ្មី។ ថ្វីបើអត្រាអ្នកស្លាប់នៅមានកម្រិតទាបជាងមុន ប៉ុន្តែការវាយប្រហារព្រមៗគ្នាក្នុងពេលតែមួយ ឆ្លងកាត់ខេត្តភាគខាងត្បូង គឺជាកង្វល់ក្នុងចិត្តរាជធានីបាងកក។ អាជ្ញាធរថៃ មិនអាចចាប់ខ្លួនអ្នកប្រព្រឹត្តបានឡើយ ហើយពួកបែរជាយកលេសថា ក្រុមសកម្មប្រយុទ្ធនៅតែទទួលបានការគាំទ្រ ឬការលាក់បាំងពីប្រជាជនក្នុងតំបន់ទាំងនោះ ដោយសារតែការអាណិតអាសូរ ឬរស់នៅក្នុងភាពភ័យខ្លាចចំពោះសុវត្ថិភាព។ សូមជម្រាបថា ការកើនឡើងនៃអំពើហិង្សានេះ កើតចេញពីរបៀបដែលក្រុម BRN គ្មានជម្រើសក្នុងការតវ៉ាដោយសន្តិវិធីឡើយ ដោយសារតែការបិទផ្លូវ និងការគាបសង្តត់ពីសំណាក់រដ្ឋអំណាចរាជធានីបាងកក។ ដូច្នេះ វិធីតែមួយគត់ដែលបង្ហាញថា ពួកគេនៅតែមានសមត្ថភាព និងមិនចុះញមថៃ គឺតាមរយៈអំពើហិង្សា ដើម្បីបង្ហាញកម្លាំងយោធាទៅកាន់ប្រជាជនខ្លួន ព្រមទាំងជាការតបតយ៉ាងចាស់ដៃ ចំពោះកងកម្លាំងសន្តិសុខថៃ ដែលតែងតែគំរាមកំហែង និងដាក់គំនាបគាបសង្កត់មកលើក្រុម BRN។

<br />

បច្ចុប្បន្ន មេដឹកនាំថៃមិនមែនភ័យខ្លាចតែក្រុម BRN នៅភាគខាងត្បូង ទាមទារបំបែករដ្ឋចេញពីថៃ តែមួយមុខនោះទេ ជនជាតិខ្មែរ ដែលថៃវាយសង្គ្រប់យកទៅគ្រប់គ្រងជាង៣១ខេត្ត ដែលស្មើនឹងជាងពាក់កណ្តាលនៃប្រទេសថៃបច្ចុប្បន្ន ក៏ពួកគេព្រួយបារម្ភខ្លាំងដែរ ពួកគេព្រួយខ្លាចពលរដ្ឋដែលជាជនជាតិខ្មែរលើ ទាំងនោះ ក្រោកបះបោរទាមទារបំបែករដ្ឋចេញពីប្រទេសថៃ ដូចគ្នា ទើបបានជារាល់ថ្ងៃនេះ មេដឹកនាំថៃព្យាយាមបោកបញ្ឆោតជនជាតិខ្មែរលើទាំនោះថា ពួកគេជាពូជពង្សមកពីជនជាតិខម មិនមែនជាជនជាតិខ្មែររស់នៅប្រទេសកម្ពុជា សព្វថ្ងៃនេះទេ។ អ្វីដែលកាន់តែអាក្រក់បំផុតនោះ គឺមេដឹកនាំថៃ ថែមទាំងបង្រៀនកូនចៅខ្មែរលើជំនាន់ក្រោយ ឱ្យវង្វេងប្រវត្តិសាស្ត្រដើមរបស់ខ្លួនថែមទៀត នោះក៏ព្រោះតែពួកគេដឹងថា នៅពេលណាជនជាតិខ្មែរលើដឹងខ្លួន (ខ្មែរភាគខាងលើពីតំបន់ភ្នំដងរែកទៅទិសខាងលិច) ស្គាល់ប្រវត្តិសាស្ត្រដើមពិត ពួកគេអាចនឹងទាមទារបំបែករដ្ឋចេញពីប្រទេសថៃ ដូចក្រុម BRN នៅភាគខាងត្បូងដែរ មិនខានឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្ដីសង្ឃឹមរបស់ជនជាតិម៉ាឡេ-មូស្លីម និងពលរដ្ឋខ្មែរលើ ដែលកំពុងរស់នៅលើទឹកដីថៃ ថាអាចនឹងទាមទារបំបែករដ្ឋចេញពីប្រទេសថៃ ហាក់នៅឆ្ងាយណាស់។ ប៉ុន្តែសម្រាប់ជនជាតិម៉ាឡេ-មូស្លីម ហាក់មានប្រៀបជាងជនជាតិខ្មែរលើ បន្តិចត្រង់ថា បច្ចុប្បន្ន ជនជាតិម៉ាឡេ-មូស្លីម មានក្រុមប្រដាប់អាវុធបំបែករដ្ឋ BRN នៅចាំជួយពីក្រោយ និងធ្វើចលនាប្រឆាំងបើកមុខ ផ្ទុយគ្នាពីពលរដ្ឋខ្មែរលើ ដែលបច្ចុប្បន្ន ពួកគេស្ទើរតែបានរលាយសាច់មួយជាមួយពលរដ្ឋសៀម ឬថៃ បាត់ទៅហើយ និងមានពលរដ្ឋខ្មែរលើខ្លះ វង្វេងដូនតា ហ៊ានទាំងប្រកាសខ្លួនឯងថា ជាជនជាតិសៀមសុរិន្ទ, សៀមបុរីរម្យ ពុំមែនជាខ្មែរឡើយ ទាំងដែលពួកគេកំពុងប្រើប្រាស់ភាសាខ្មែរ យ៉ាងស្ទាត់ជំនាញ និយាយមកកាន់ពលរដ្ឋខ្មែរដើម នៅប្រទេសកម្ពុជា៕

<br />

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត