អាម៉េរិកកំពុងប្រើទឹកដីថៃជាទីតាំងស្ដារកម្លាំងទ័ព ក្រោយបញ្ចប់បេសកកម្មនៅមជ្ឈិមបូព៌ា..?
ហៀប ស៊ីថេត
•
21 ម៉ោងមុន

កោះភូកេត៖ នាវាផ្ទុកយន្តហោះសហរដ្ឋអាម៉េរិក George H.W. Bush បានធ្វើដំណើរទៅដល់កោះទេសចរណ៍ភូកេតនៃប្រទេសថៃ កាលពីថ្ងៃអាទិត្យទី៤ ខែតុលា ជាមួយនឹងនាវិកប្រមាណ៤៨០០នាក់នៅលើនាវា ដើម្បីសម្រាកយកកម្លាំង និងកម្សាន្តលម្ហែអារម្មណ៍ បន្ទាប់ពីបានចំណាយពេល៦ខែ ក្នុងការជួយគាំទ្រប្រតិបត្តិការយោធានៅតំបន់មជ្ឈិមបូព៌ា។ ការចូលសំចតនេះ កើតឡើងក្រោយនាវា​ផ្ទុកយន្តហោះ អាប្រាហាំ លីនខូលន៍ (Abraham Lincoln) បានបោះទម្លាក់យុថ្កានៅកំពង់ផែឡែមឆៈប័ង (แหลมฉบัง) កាលពីទី២ ខែកញ្ញា ក្រោយរសាត់អណ្តែតលើផ្ទៃមហាសាគរជាង២០០ថ្ងៃ។

ក្នុងរយៈពេល៦ខែចុងក្រោយ នាវាផ្ទុកយន្តហោះថ្នាក់ Nimitz ដែលមានឈ្មោះថា George H.W. Bush និងក្រុមប្រយុទ្ធរបស់ខ្លួន ដែលបានគាំទ្រប្រតិបត្តិការ«មហាកំហឹង ឬ Operation Epic Fury» និងការបិទខ្ទប់ផ្លូវទឹករបស់កងទ័ពជើងទឹកអាម៉េរិក ដើម្បីធានាសន្តិសុខ និងស្ថិរភាពផ្លូវទឹកនៅមជ្ឈិមបូព៌ា នេះបើយោងតាមការបញ្ជាក់ពីកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក។ កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កោះភូកេត គឺជាកំពង់ផែដំបូងគេដែលក្រុមប្រយុទ្ធលើនាវាផ្ទុកយន្តហោះ George H.W. Bush ចូលបោះយុថ្កាសំចត ចាប់តាំងពីបានចាកចេញពីក្រុងន័រហ្វូក(Norfolk) រដ្ឋវើជីនៀ (Virginia) និងទីក្រុងកំពង់ផែមេផត (Mayport) រដ្ឋផ្លរីដា (Florida) កាលពីខែមីនា។ សេចក្តីថ្លែងការណ៍ដដែលបន្តថា ក្រុមនាវិកនឹងចូលរួមក្នុងសកម្មភាពវប្បធម៌ និងសហគមន៍នៅកោះភូកេត រួមទាំងការទស្សនាកម្សាន្ត និងការប្រកួតបាល់ទាត់រវាងសហរដ្ឋអាម៉េរិក និងថៃផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាវាផ្ទុកយន្តហោះនេះ បានសំចតនៅដែនទឹកខាងក្រៅ ខណៈសមាជិកក្រុមនាវិកត្រូវបានគេរំពឹងថា នឹងឡើងគោកតាមរយៈកំពង់ផែទឹកជ្រៅភូកេត ហើយចំណាយពេលនៅលើកោះទេសចរណ៍ភាគខាងត្បូងដ៏ពេញនិយមមួយនេះ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែតុលា។ សូមជម្រាបថា ការចូលសំចតនេះ មិនមែនមានត្រឹមតែនាវាផ្ទុកយន្តហោះ USS George H.W. Bush ដែលផ្ទុកនាវិកប្រមាណ៤៨២០នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវត្តមាននាវាពិឃាតដ៏សាហាវ USS Delbert D. Black មានកងម៉ារីនប្រមាណ២៨៩នាក់ផងដែរ។ នាវាកំណាចទាំង២នេះ បានដឹកនាំកងទ័ពសរុបទាំងអស់ចំនួន៥១០៩នាក់ ចូលសម្រាកកម្សាន្តនៅកោះភូកេតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែតុលា។ កងទ័ពទាំងនោះ ត្រូវបានដឹកជញ្ជូនឡើងគោកដោយទូកចំនួន១៤គ្រឿង ដោយមានរថយន្តក្រុង និងរថយន្តតាក់ស៊ីច្រើនស្អេកស្កះរង់ចាំដឹកពួកគេទៅកាន់តំបន់ទេសចរណ៍ ជុំវិញកោះភូកេត ខណៈអាជ្ញាធរសន្តិសុខថៃ កំពុងសហការគ្នា ការពារលើដំណើរទស្សនកិច្ចនេះ ឱ្យមានសុវត្ថិភាព។

គួរកត់សម្គាល់ថា ការទៅដល់ប្រទេសថៃដោយនាវាផ្ទុកយន្តហោះសហរដ្ឋអាម៉េរិក George H.W. Bush​ ធ្វើឡើងបន្ទាប់ពីនាវាផ្ទុកយន្តហោះសហរដ្ឋអាម៉េរិក Abraham Lincoln បានចូលចតរយៈពេល៥ថ្ងៃនៅកំពង់ផែឡែមឆៈប័ង ភាគខាងកើតប្រទេសថៃ កាលពីខែមុន ដោយមាននាវិកប្រមាណ៥០០០នាក់ នៅលើនាវានោះ។ គួរបញ្ជាក់ថា ប្រទេសថៃ គឺជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញាតែមួយគត់របស់សហរដ្ឋអាម៉េរិក នៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត