
ទីក្រុងតៃប៉ិ៖ ក្រុមប្រឹក្សាកិច្ចការមហាសមុទ្ទ (Ocean Affairs Council) បានចុះទៅកាន់មូលដ្ឋានកងឆ្មាំសមុទ្ទ នៅកំពង់ផែហាប័រតៃប៉ិ (Taipei Harbor) កាលពីថ្ងៃពុធ ដើម្បីត្រួតពិនិត្យយន្តហោះគ្មានមនុស្សបើក ឬដ្រូន និងនាវា ដែលកំពុងត្រៀមសម្រាប់ការហែក្បួនអបអរសាទរទិវាបុណ្យជាតិ ដែលនឹងមកដល់ នាពេលខាងមុខនេះ...។

លោកស្រី គួន ប៊ី-លីង (Kuan Bi-ling) រដ្ឋមន្ត្រីក្រុមប្រឹក្សាកិច្ចការមហាសមុទ្ទ, លោក ឆាង ជុង-លួង (Chang Chung-lung) អគ្គនាយករដ្ឋបាលឆ្មាំសមុទ្ទ និងលោក ចូសេព វូ (Joseph Wu) អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ បានទស្សនាការបង្ហាញសមត្ថភាពរួមគ្នា រវាងនាវាគ្មានមនុស្សបើកម៉ូដែល T-24 របស់ក្រុមហ៊ុន Martac និងយន្តហោះគ្មានមនុស្សបើកម៉ូដែល V-Bat របស់ក្រុមហ៊ុន Shield AI ដែលអាចហោះបញ្ឈរ។ បន្ទាប់មក ពួកគាត់បានសាកល្បងប្រើប្រាស់ឧបករណ៍ហ្វឹកហាត់បែបនិម្មិត (simulators) ដើម្បីទទួលបានបទពិសោធជាក់ស្តែង។ បើតាមក្រុមហ៊ុន Shield AI បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក V-Bat មានតួខ្លួនប្រវែង២,៩ម៉ែត្រ មានប្រវែងស្លាប៣,៨ម៉ែត្រ និងមានទម្ងន់ហោះឡើង អតិបរមា៧៥គីឡូក្រាម។

ដ្រូនទាំងនេះ អាចហោះហើរបានរយៈពេលជាង១៣ម៉ោង ដោយមិនចាំបាច់មានសញ្ញាបញ្ជា និងបំពាក់ដោយកាមេរ៉ាដែលអាចប្រើប្រាស់បានគ្រប់ស្ថានភាពអាកាសធាតុ សម្រាប់ការឃ្លាំមើល នៅតំបន់សមុទ្ទ។ បើតាមក្រុមហ៊ុន Martac ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានឱ្យដឹងថា នាវាគ្មានមនុស្សបើកសម្រាប់តំបន់ឆ្នេរ ឬនាវាដ្រូនម៉ូដែល T-24 អាចបញ្ចេញទូកគ្មានមនុស្សបើកតូចជាងនេះ គឺម៉ូដែល T-12 (ប្រៀបដូចជាយន្តហោះផ្ទុកយន្តហោះចម្បាំងខ្នាតតូច) ហើយវាអាចដំណើរការបាន ទោះបីជាមានការរំខានដល់សញ្ញារបស់វាយ៉ាងណាក៏ដោយ។ នាវាដ្រូនប្រភេទនេះ មានតួខ្លួនប្រវែង៨,៤ម៉ែត្រ មានល្បឿនអតិបរមាជាង៩២,៦គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើដំណើរបានចម្ងាយរហូតដល់១១១១គីឡូម៉ែត្រ ជាមួយនឹងសមត្ថភាពផ្ទុកអតិបរមា៨១៦គីឡូក្រាម។

កងឆ្មាំសមុទ្ទបានឱ្យដឹងថា ខ្លួននឹងបង្ហាញនាវាវាយលុកដែលមានមនុស្សបើកចំនួន២ គ្រឿង, ទូកដ្រូន Martac T-18 (ដែលអភិវឌ្ឍរួមគ្នាជាមួយវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិ Chung-Shan), យន្តហោះគ្មានមនុស្សបើក AeroVironment Jump 20 និងប្រព័ន្ធរ៉ាដាព្រមទាំងប្រព័ន្ធថតរូបភាពកម្ដៅ (thermal imaging) ដែលបំពាក់លើរថយន្ត។ ទូកដ្រូនវាយលុក នឹងដឹកនាំក្បួននាវា រួមជាមួយនឹងប្រព័ន្ធរ៉ាដា និងប្រព័ន្ធថតកម្ដៅ V-Bat, T-24 និងអង្គភាពជួយសង្គ្រោះ ធ្វើដំណើរតាមពីក្រោយ។ លោកស្រី គួន បានលើកឡើងនៅលើបណ្តាញសង្គមថា កងឆ្មាំសមុទ្ទមានផែនការបីដំណាក់កាល ដែលគ្របដណ្ដប់លើការពង្រីកកងនាវា ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស៊ើបការណ៍ និងការឃ្លាំមើល និងការដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងយន្តហោះគ្មានមនុស្សបើក។ លោកស្រីបានកត់សម្គាល់ថា ការត្រួតពិនិត្យនេះ ផ្តោតសំខាន់លើរបៀបដែលយន្តហោះគ្មានមនុស្សបើក V-Bat និង Martac អាចសម្របសម្រួលគ្នាបាន ក្នុងការការពារដែនដីទាំងលើគោក និងក្នុងសមុទ្ទ។

កងការពារឆ្នេរសមុទ្ទ បានឱ្យដឹងថា ខ្លួននឹងដាក់បញ្ចូលយន្តហោះគ្មានមនុស្សបើក (drones) ទៅក្នុងកងនាវាល្បាតរបស់ខ្លួន ដើម្បីត្រួតពិនិត្យដែនទឹកតាមបណ្តោយឆ្នេរសមុទ្ទ និងទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ។ សមត្ថភាពរបស់វា អាចហោះហើរបានឆ្ងាយ និងសមត្ថភាពឃ្លាំមើលជុំទិសរបស់យន្តហោះគ្មានមនុស្សបើកទាំងនេះ នឹងជួយបង្កើនប្រសិទ្ធភាពនៃការប្រតិបត្តិការផងដែរ៕


