
រាជធានីភ្នំពេញ៖ ទីបំផុត ក្រសួងមហាផ្ទៃបានសម្រេចបង្កើតជាផ្លូវការ «ភូមិរង់ចាំ» ទីជម្រកបណ្ដោះអាសន្នរបស់បងប្អូនជនភៀសសឹករាប់ពាន់គ្រួសារ ដែលរងគ្រោះព្រោះការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា…។

យោងប្រការ១ ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចបង្កើត «ភូមិរង់ចាំ» ចំនួន៦ រួមមាន៖ ភូមិរង់ចាំ១, ភូមិរង់ចាំ២, ភូមិរង់ចាំ៣, ភូមិរង់ចាំ៤, ភូមិរង់ចាំ៥, និង ភូមិរង់ចាំ៦ ដោយបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្រោយសេចក្ដីសម្រេចនេះ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិបង្កើតថ្មី ត្រូវអនុលោមទៅតាមសេចក្តីណែនាំចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទនីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្ដូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ។ អង្គភាពចំណុះក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន។

«ភូមិរង់ចាំ» ត្រូវបានប្រសិទ្ធនាមដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសសម្ដេចអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅជម្រកបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ ដោយផ្ទាល់។ «ភូមិរង់ចាំ មិនមែនមានន័យថា យើងមករស់នៅផ្ទះបណ្ដោះអាសន្នមួយជីវិតទេ គឺដើម្បីរង់ចាំផ្ទះសម្បែងរបស់យើង ដីធ្លីរបស់យើងបានត្រឡប់មកវិញដោយមធ្យោបាយសន្តិវិធី មិនមែនត្រឡប់មកវិញដោយមធ្យោបាយយោធា ដែលអាចអូសបន្លាយតជំនាន់មនុស្ស ផ្ទុយពីមធ្យោបាយសន្តិវិធី ដែលអាចដោះស្រាយទៅមានចីរភាព ហើយអាចទៅជាប្លង់រឹងសម្រាប់រយៈពេលវែង តជំនាន់»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។

សូមជម្រាបថា មកទល់ពេលនេះប្រជាពលរដ្ឋដែលកំពុងស្នាក់នៅភូមិរង់ចាំ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានចំនួន៣៣១៨គ្រួសារ ស្មើនឹងចំនួន១១២១៧នាក់។ ក្នុងនោះ ពលរដ្ឋក្នុង១គ្រួសារទទួលបានដីពីរាជរដ្ឋាភិបាលទំហំ២០ម៉ែត្រx៣០ម៉ែត្រ និងទំហំផ្ទះ៥ម៉ែត្រ×៧ម៉ែត្រ ថែមមានដីសម្រាប់បង្កបង្កើនផលផងដែរ៕




