
ក្រុងសៀមរាប៖ ជារឿងគួរឱ្យសោកស្តាយ ដែលមគ្គុទេសទេសចរខ្មែរប្រាប់ជនបរទេសនូវព័ត៌មានខុសឆ្គងយ៉ាងធ្ងន់ធ្ងរ អំពីរូបអប្សរាកាន់កញ្ចក់ បែរជាថា កាន់ការ៉េមនៅសម័យជាង១ពាន់ឆ្នាំមុនទៅវិញ។ យ៉ាងណា ដើម្បីទប់ស្កាត់ការបកស្រាយខុសបន្តទៀត អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្ដុះបណ្ដាលដល់ភ្នាក់ងារទេសចរណ៍ចំនួន៤០នាក់ បង្កើនចំណេះដឹងអំពីប្រវត្តិសាស្ត្រ អារ្យធម៌ សិលាចារឹក តម្លៃអក្សរសាស្ត្រខ្មែរ បេតិកភណ្ឌអរូបី ព្រមទាំងជំនឿ និងពិធីបុរាណផ្សេងៗ របស់ប្រជាជនខ្មែរបុរាណនៅតំបន់អង្គរ…។

សិក្ខាសាលានេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ មន្រ្តីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការអប់រំបំប៉ននេះ នឹងជួយឱ្យភ្នាក់ងារទេសចរណ៍ដែលបំពេញការងារផ្ទាល់នៅតាមប្រាសាទបុរាណ មានមូលដ្ឋានចំណេះដឹងច្បាស់លាស់ក្នុងការចែករំលែក និងបកស្រាយព័ត៌មានប្រកបដោយប្រភពច្បាស់លាស់ ជូនដល់សាធារណជន និងភ្ញៀវទេសចរ។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាស្ពានតភ្ជាប់រវាងអតីតកាលដ៏រុងរឿងនៃអង្គរមកមន្ត្រី-បុគ្គលិក ដែលជាអ្នកស្រុកអង្គរ ហើយកំពុងបម្រើការនៅអង្គរ ក្នុងការស្វែងយល់បន្ថែម និងបង្កើនចំណេះដឹងអំពីប្រវត្តិដូនតារបស់ខ្លួន។

លោកថា ការអប់រំពង្រឹងជំនាញជាប្រចាំនេះ នឹងធ្វើឱ្យភ្នាក់ងារទេសចរណ៍ទាំងអស់ក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» និងជាប្រតិបត្តិករដែលមានការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ប្រធានបទសំខាន់ៗ ត្រូវបានអ្នកជំនាញលើកយកមកធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅ រួមមាន៖ ការសិក្សាពីប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធទីក្រុងបុរាណ, ប្រវត្តិសាស្ត្រ និងនីតិវិធីនៃការអភិរក្ស ដំណើរការសិក្សាស្រាវជ្រាវ ការដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងតម្លៃលេចធ្លោជាសកល, ការសិក្សាពីបេតិកភណ្ឌរូបី និងអរូបី, សិលាចារឹក និងតម្លៃនៃអក្សរសាស្ត្រខ្មែរ។

អ្នកជំនាញក៏បានរំលេចយ៉ាងច្បាស់អំពីតម្លៃមហាសាលនៃអក្សរសាស្ត្រ និងភាសាខ្មែរ ដែលជាអត្តសញ្ញាណ គ្រឹះនៃទស្សនវិជ្ជា និងជាឧបករណ៍ឆ្លុះបញ្ចាំងពីវិវឌ្ឍនភាពនៃប្រាជ្ញាញាណរបស់ដូនតាខ្មែរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដើម្បីបណ្ដុះស្មារតីមន្ត្រី-បុគ្គលិកឱ្យមានមោទនភាព និងចូលរួមថែរក្សាអក្សរសាស្ត្រជាតិឱ្យបានគង់វង្ស។ គេសង្កេតឃើញថា វគ្គបណ្ដុះបណ្ដាលខាងលើត្រូវបានរៀបចំឡើង បន្ទាប់ពីកន្លងទៅថ្មីៗ មានមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរម្នាក់ បានអត្ថាធិប្បាយប្រាប់ភ្ញៀវទេសចរខុស ជុំវិញរូបចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទកាន់កញ្ចក់ តែបែរជាអត្ថាធិប្បាយថា អប្សរាកាន់ការ៉េមទៅវិញ ដែលនាំឱ្យមានការរិះគន់ភ្លូកទឹកភ្លូកដីពីសាធារណជន។ យ៉ាងណា មគ្គុទ្ទេសក៍ទេសចរណ៍រូបនោះ ក៏ត្រូវបានមន្ទីរទេសចរណ៍ហៅទៅអប់រំណែនាំរួចហើយ៕






