
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះថា ៣ថ្ងៃមុន ឧបការីទូតសហរដ្ឋអាម៉េរិក បានមកជួបបន្ទាន់ជាមួយសម្ដេច ដោយបញ្ជាក់ថា ប្រមុខការទូតអាម៉េរិកបាននិយាយជាមួយភាគីថៃរួចហើយ ឱ្យបញ្ឈប់ការធ្វើសកម្មភាពបង្កើនកម្ដៅផ្សេងៗ ដែលបញ្ជាក់ថាជាការវាតទីយកដីកម្ពុជា ហើយត្រូវគោរពតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរួមគ្នារវាងកម្ពុជា-ថៃ ឈានឆ្ពោះទៅរកការវាស់វែងខ្សែបន្ទាត់ព្រំដែនគោក...។

តើការលូកដៃជាថ្មីម្ដងទៀតពីសហរដ្ឋអាម៉េរិក អាចមានឥទ្ធិពលឱ្យថៃឈប់ធ្វើសកម្មភាពវាតទីយកទឹកដីកម្ពុជាបន្តទៀតទេ? លោក សេក សុជាតិ អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ យល់ឃើញថា ប្រទេសថៃ ជាប្រទេសមួយដែលមានមេដឹកនាំក្រឡេកក្រឡុច សន្យាផ្សេងហើយអនុវត្តផ្សឹង ដូច្នេះ យើងពិបាកក្នុងការទុកចិត្តចំពោះការសន្យាណាមួយរបស់ភាគីថៃ មិនថាជាមួយប្រទេសកម្ពុជា ឬជាមួយប្រទេសណាផ្សេងទេ។ ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នារសៀលថ្ងៃទី៧ ខែតុលានេះ លោក សេក សុជាតិ បញ្ជាក់ថា ភាគីថៃចូលចិត្តសម្ដែង ហើយប្រើប្រាស់ល្បិចកលបើកការចរចាផ្ទៃក្នុងដោយសម្ងាត់។ ទោះបីជាមិនសូវមានសង្ឃឹម ប៉ុន្តែ លោកចាត់ទុកការលូកដៃរបស់សហរដ្ឋអាម៉េរិក ក៏អាចធ្វើឱ្យភាគីថៃយល់ឃើញថា បើខ្លួននៅតែបន្តប្រព្រឹត្តសកម្មភាពមិនស្របច្បាប់ណាមួយទៀត លើភាគីកម្ពុជា នោះសហគមន៍អន្តរជាតិផ្សេងៗទៀត នឹងអាចមើលឃើញភាពក្រឡេចក្រឡុចរបស់ថៃកាន់តែច្បាស់។

កន្លងមកគេតែងលឺពាក្យគំរាមជាហូរហែពីខាងភាគីថៃ ថា ថៃអាចនឹងវាយកម្ពុជាលើកទី៣ បើសិនកម្ពុជាមិនធ្វើតាមអ្វីដែលខ្លួនចង់បាន និងបន្តបរិហាកេររឿងពិតដែលថៃឈ្លានពានកម្ពុជា នៅលើឆាកអន្តរជាតិ។ ពាក្យគំរាមនេះ ត្រូវបានលោក សេក សុជាតិ មើលឃើញថា វាមានភាគរយអាចនឹងកើតឡើងតិចតួចណាស់ ប៉ុន្តែបើកើតឡើងមែន មានន័យស្មើនឹងថៃបានរុញខ្លួនឯងឱ្យចូលទៅផ្លូវតុលាការយុត្តិធម៌អន្តរជាតិយ៉ាងពិតប្រាកដ ហើយនឹងមានការរុញបន្ថែមទៀតពីសហគមន៍អន្តរជាតិ។ លោកថា យុទ្ធសាស្ត្រគំរាមកំហែង និងបំបាក់ទឹកចិត្ត គឺជារឿងមួយ ប៉ុន្តែផ្លូវច្បាប់ គឺជារឿងសំខាន់បំផុត ដែលកម្ពុជាត្រូវចាប់យក និងអនុវត្ត។

លោកបណ្ឌិត ជ័យ តិច អ្នកតាមដានស្ថានការណ៍សង្គមសេដ្ឋកិច្ច និងនយោបាយ ប្រាប់ SBM News ដែរថា លោកមើលឃើញការលូកដៃជាថ្មីលើបញ្ហាព្រំដែនកម្ពុជា-ថៃ ពីសំណាក់សហរដ្ឋអាម៉េរិក ជាសញ្ញាល្អ ហើយអាម៉េរិកនឹងមិនលែងដៃពីបញ្ហានេះនោះទេ ព្រោះប្រទេសមហាអំណាចមួយនេះ ជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃ។ ប៉ុន្តែយ៉ាងណា ពេលនេះ គេនៅមិនទាន់បានឃើញភាគីថៃធ្វើការចាត់វិធានការអ្វីនោះទេ បើទោះបីជាប៉ុន្មានថ្ងៃមុន បានធ្វើសកម្មភាពរើទូកុងតឺន័រចេញទីតាំងមួយកន្លែងក្នុងតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ខណៈការដកនេះដោយសារថៃបានជីកលេណដ្ឋានរួចហើយ។ ជុំវិញបញ្ហានេះ លោកបណ្ឌិត ជ័យ តិច ចង់ឃើញសហរដ្ឋអាម៉េរិក ដើរតួនាទីឱ្យកាន់តែសំខាន់ថែមទៀត។ តើថៃនឹងវាយប្រហារកម្ពុជាលើកទី៣ ដូចការគំរាមដែរទេ? លោកបណ្ឌិត ជ័យ តិច មើលឃើញថា នេះគ្រាន់តែជាការគំរាម នៅពេលកម្ពុជាបន្តលើកពីសម្មភាពខុសច្បាប់ និងការបង្កើនកម្ដៅ ជុំវិញបញ្ហាព្រំដែនពីសំណាក់ភាគីថៃ លើវេទិកាអន្តរជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាមិនដែលធ្វើសកម្មភាពអ្វីដែលជាការបង្កើនកម្ដៅលើបញ្ហាព្រំដែនទេ ហើយកម្ពុជាអត់ធ្មត់ខ្លាំងណាស់។ សម្ដេចមានប្រសាសន៍បែបនេះ ប្រាប់ឧបការីទូតសហរដ្ឋអាម៉េរិក កាលពី៣ថ្ងៃមុន និងបានស្នើសហរដ្ឋអាម៉េរិក ដែលជាអ្នកជួយឱ្យមានកិច្ចព្រមព្រៀងសន្តិភាព បន្តជួយជំរុញភាគីថៃឱ្យចូលរួមក្នុងការវាស់វែងព្រំដែនគោកឡើងវិញ ខណៈកម្ពុជាបានផ្ញើលិខិតទៅថៃជាច្រើនលើក។ ថ្លែងក្នុងពិធីអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ដេចធិបតី បានសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលការដោះស្រាយបញ្ហានេះ ត្រូវប្រើពេលវែង ខណៈរាជរដ្ឋាភិបាលកំពុងដោះស្រាយដោយសន្តិវិធី តាមយន្តការការទូត យន្តការសោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ទាំងព្រំដែនគោក និងព្រំដែនទឹក។ សម្ដេចថា ច្បាប់ការទូតមិនដូចវាយគ្នាទេ តែវាអាចចប់មិនបន្តបញ្ហាដល់កូនចៅ។ សម្ដេច ក៏បានលើកឡើងពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ទាំងសំណងជាថវិកា និងជំនួយផ្សេងៗសម្រាប់អ្នកខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ទៅតាមភាពជាក់ស្ដែង។

សម្ដេចមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាល បានសង់ផ្ទះរាប់ពាន់ខ្នងនៅភូមិរង់ចាំសម្រាប់ប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ និងផ្ដល់ជំនួយផ្សេងៗទៀតដល់ពួកគាត់ ទម្រាំអាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ សកម្មភាពនេះ វាផ្ទុយទាំងស្រុងពីការលើកឡើងរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួន ដែលនិយាយថា រាជរដ្ឋាភិបាលមិនគិតគូរដល់ប្រជាពលរដ្ឋ និងមិនអើពើយកត្រឡប់មកវិញនូវទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់។ ក្រុមប្រឆាំងថែមទាំងលើកឡើងទៀតថា បញ្ហាព្រំដែនកើតឡើងដោយសារកម្ពុជាខ្លួនឯងជាអ្នកបង្ក។ ត្រង់នេះ សម្ដេចធិបតី ឆ្លើយតបថា ថ្ងៃទី២៨ ខែឧសភា ថៃបានមកបាញ់ទាហានកម្ពុជា លោក សួន រោន លើទឹកដីកម្ពុជា ដូច្នេះ តើខ្មែរទៅរករឿងនរណា? ក្រោយមកថៃ បន្តប្រមាថកម្ពុជាជាបន្តបន្ទាប់។ សម្ដេចអះអាងថា កម្ពុជាពុំមែនជាអ្នកបង្កហេតុទេ ហើយកម្ពុជាក៏មិនដែលចង់មានសង្រ្គាមដែរ ប៉ុន្តែកម្ពុជានឹងបន្តការពារសិទ្ធិ កិត្តិយស និងអធិបតេយ្យភាពជាតិ៕




