មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បង្ហាញការព្រួយបារម្ភពីជម្លោះព្រំដែនកម្ពុជា-ថៃ
S
Sreyleak Yith
•
19 ធ្នូ 2025 09:05 AM

រាជធានីភ្នំពេញ៖ ក្រោយទទួលបានរបាយការណ៍ ពីការរីករាលដាលនៃជម្លោះព្រំដែនកម្ពុជា ក្រោយយោធាថៃប្រើយន្តហោះចម្បាំង F-16, ដ្រូនអត្តឃាត និងអាវុធធុនធ្ងន់ នៅជុំវិញតំបន់មានជនស៊ីវិលរស់នៅ និងតំបន់បេតិកភណ្ឌវប្បធម៌ បណ្ដាលឱ្យជនស៊ីវិលបាត់បង់ជីវិត លោក វ៉ុលកើ ថើក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស កាលពីថ្ងៃទី១៨ធ្នូម្សិលមិញ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងលើរឿងនេះ…។

លោក Volker Turk ឧត្តមស្នងការ​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស
លោក Volker Turk ឧត្តមស្នងការ​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស

លោក វ៉ុលកើ ថើក គូសបញ្ជាក់ថា យោងតាមច្បាប់មនុស្សធម៌អន្តរជាតិ ការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការចាំបាច់បំផុត។ ជាមួយគ្នា លោកអំពាវនាវភាគីទាំងសងខាង បញ្ឈប់ការវាយប្រហារជាបន្ទាន់ និងវិលត្រឡប់មករកកិច្ចសន្ទនាវិញ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូរឡាឡាំពួរ។ លោកបញ្ជាក់ថា ក្រុមការងារអង្គការសហប្រជាជាតិ ត្រៀមខ្លួនជួយកសាងទំនុកចិត្ត និងធានាថា ការការពារជីវិត និងសុខុមាលភាពរបស់ប្រជាជនស៊ីវិលគឺជាអាទិភាព។ លោក វ៉ុលកើ ថើក បន្ថែមថា រាល់ការវាយប្រហារត្រូវគោរពតាមគោលការណ៍ជាមូលដ្ឋាន ដែលមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ដូចជា ត្រូវមានការបែងចែកគោលដៅភាពចាំបាច់ និងសមាមាត្រដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារជនស៊ីវិល។

សូមជម្រាបថា បើតាមរបាយការណ៍ពីក្រសួងមហាផ្ទៃកម្ពុជា បង្ហាញថា គិតត្រឹមថ្ងៃទី១៨ធ្នូ ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បណ្ដាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់កើនឡើងដល់១៨នាក់ និងរបួសចំនួន៧៩នាក់។ រីឯជនភៀសសឹក បានកើនឡើងរហូតដល់ជាង៤៧ម៉ឺននាក់ កំពុងត្រូវបានរៀបចំឱ្យស្នាក់នៅតាមជំរំសុវត្ថិភាពនានាក្នុងខេត្តចំនួន១១ រួមមាន៖ ខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, ពោធិ៍សាត់ ,បាត់ដំបង, សៀមរាប, កោះកុង, ខេត្តកំពត, កំពង់ស្ពឺ, កណ្តាល និងខេត្តកំពង់ចាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត