ក្រោយស្ត្រីទី១នៃកម្ពុជា បំផុសគំនិតឱ្យដាំបន្លែសម្រាប់ផ្គត់ផ្គង់ជនភៀសសឹក ពេលនេះអ្នកស្រុកអង្គរធំចាប់ផ្តើមរៀបចំថ្នាលសម្រាប់ដាំ
S
Sreyleak Yith
•
16 ធ្នូ 2025 03:04 PM

ក្រុងសៀមរាប៖ អាជ្ញាធរស្រុកអង្គរធំ និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិមុខ មកទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី១៦ធ្នូនេះ បានរៀបចំដាំបន្លែបង្ការផ្សេងៗ ដើម្បីទុកផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ...។

រដ្ឋបាលខេត្តសៀមរាប បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ថ្នាក់ដឹកនាំស្រុកអង្គរធំ រួមទាំងក្រុមការងារ កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក មេភូមិ រួមជាមួយបងប្អូនជនភៀសសឹក បានរៀបចំថ្នាលសម្រាប់ដាំបន្លែ ដើម្បីទទួលផលសម្រាប់បំពេញតម្រូវការចាំបាច់ជាប្រចាំថ្ងៃ ស្របតាមការផ្តួចផ្តើម និងការបំផុសចលនា យើងរួមគ្នាដើម្បីជាតិ របស់លោកជំទាវបណ្ឌិត ពេជ ចន្នមុនី ហ៊ុន ម៉ាណែត តាមរយៈការដាំបន្លែតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍»។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៥ធ្នូម្សិលមិញ ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបំផុសគំនិតដល់ក្រុមកាយឫទ្ធិនារីកម្ពុជាទូទាំងប្រទេស ឱ្យធ្វើការដាំបន្លែនៅតាមសាលារៀន ឬដីសហគមន៍ ​ដើម្បីផ្គត់ផ្គង់ដល់ដល់ជនភៀសសឹក ដែលកំពុងគេចចេញពីទីតាំងសង្គ្រាម និងកំពុងជួបប្រទះនូវបញ្ហាខ្វះខាតស្បៀង។ ជាមួយគ្នា ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានណែនាំឱ្យដាំបន្លែណាដែលឆាប់ទទួលបានផលឱ្យទាន់តម្រូវការ ហើយក្នុងនោះ ​ការចូលរួមពីសិស្សសាលា គឺជារឿងចាំបាច់បំផុត ដែលលោកជំទាវចង់ឱ្យពួកគេសិក្សាស្វែងយល់ពីទុក្ខលំបាករបស់បងប្អូនជនភៀសសឹករងគ្រោះ ពីការឈ្លានពានរបស់យោធាថៃ។

ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

ការផ្តួចផ្តើម និងការបំផុសចលនារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងការដាំបន្លែនៅតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍នេះ គឺមានមហាជនជាច្រើនមានការគ្រាំទ្រខ្លាំង ហើយក៏សង្ឃឹមថា ចលនានេះ មានគ្រប់រាជធានី-ខេត្ត ដើម្បីជួយទ្រទ្រង់ដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកដែលរងគ្រោះពីការឈ្លានពានយោធាថៃ។ គួរដឹងថា គិតត្រឹមថ្ងៃទី១៥ធ្នូ ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានឆក់យកជីវិតពលរដ្ឋខ្មែរស្លូតត្រង់មានចំនួន១៥នាក់ និងរបួសចំនួន៧៤នាក់ រីឯចំនួនជនភៀសសឹក ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប កើនឡើងដល់១២១ ៣៧២គ្រួសារ ស្មើនឹងមនុស្ស ៤០៥ ៧៥៨នាក់៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត