៨ចំណុចដែលពលរដ្ឋខ្មែរគួរធ្វើ ក្នុងដំណាក់កាលយោធាថៃឈ្លានពាន
S
Sreyleak Yith
•
19 ធ្នូ 2025 01:00 PM

រាជធានីភ្នំពេញ៖ ការឈ្លានពានលើកទី២របស់យោធាថៃមកលើកម្ពុជា គិតមកទល់ពេលនេះ មានរយៈពេល១៣ថ្ងៃហើយ ពោលគឺចាប់តាំងពីថ្ងៃទី៧ធ្នូមកដល់ថ្ងៃទី១៩ធ្នូនេះ កងទ័ពថៃនៅបន្តបាញ់ស្រោច ទម្លាក់គ្រាប់បែកធុនធ្ងន់ មកលើកម្ពុជា។ ក្នុងនាមជាប្រជាពលរដ្ឋ អ្វីដែលគួរធ្វើក្នុងកំលុងពេលនេះ គឺមាន៨ចំណុចធំៗដែល SBM News នឹងជម្រាបជូនដូចតទៅ…។

ចំណុចសំខាន់ៗទាំង៨នោះរួមមាន៖ ទី១.បញ្ឈប់ជាបន្ទាន់ ការថត និងចែករំលែករូបភាពវីដេអូ ការចល័តទ័ព ទីតាំងលេណដ្ឋាន (ត្រង់សេ) គ្រឿងសព្វាវុធ និងកន្លែងឈរជើងរបស់កងកម្លាំង។ ទី២.ចែករំលែកព័ត៌មានណាដែលពិត និងមានប្រភពច្បាស់លាស់។ ទី៣.ចូលរួមបរិច្ចាគថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទី៤.ថែរក្សាសុខភាព ចៀសវាងការបរិភោគគ្រឿងស្រវឹង ដើម្បីត្រៀមចូលរួមបរិច្ចាគឈាមក្នុងករណីចាំបាច់។ ទី៥.ប្រកបការងារជាប្រក្រតី ដើម្បីបន្តចរន្តសេដ្ឋកិច្ចជាតិ។ ទី៦.ចៀសវាងការបាក់ទឹកចិត្ត និងរក្សាមនសិកាស្នេហាជាតិ។ ទី៧.រក្សាសាមគ្គីភាព និងរួបរួមគ្នា ក្រោមស្មារតីខ្មែរតែមួយ និងចំណុចចុងក្រោយគឺទី៨.នោះគឺបន្តការតាមដានស្ថានការណ៍ប្រទេសជាតិ ជាប់ជាប្រចាំ។

គួរដឹងដែរថា បើតាមក្រសួងការពារជាតិ គិតត្រឹម០៩:៤៥នាទី ថ្ងៃទី១៩ធ្នូនេះ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តែយ៉ាងណា កងកម្លាំងកម្ពុជាបានឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយចោរឈ្លានពានទឹកដី និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទី ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ សូមជម្រាបថា ការឈ្លានពានរបស់កងទ័ពថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា៖ យន្តហោះចម្បាំង, នាវាចម្បាំង, កាំភ្លើងធំគ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនផ្សេងទៀត មកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិមនុស្សជាតិ។

យោធាថៃប្រើកាំភ្លើងធំបាញ់មកលើកម្ពុជា
យោធាថៃប្រើកាំភ្លើងធំបាញ់មកលើកម្ពុជា

ទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់។ មិនត្រឹមតែឈ្លានពានកម្ពុជាប៉ុណ្ណោះទេ គឺបង្កភាពអសន្តិសុខក្នុងតំបន់ទាំងមូល ព្រោះតែមហិច្ឆតាឈ្លានពានមិនចេះឆ្អែតឆ្អន់មកលើប្រទេសជិតខាង៕

ទាហានថៃឈ្លានពានកម្ពុជា
ទាហានថៃឈ្លានពានកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត