
រាជធានីភ្នំពេញ៖ ស្ត្រីវ័យ៦៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្រឈមមុខនឹងជាប់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំ បន្ទាប់ពីធ្វើសកម្មភាពជះទឹកអាស៊ីត ទៅលើបុរសម្នាក់ បណ្ដាលឱ្យរងរបួស នៅក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីដើមខែតុលាកន្លងទៅ...។

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធសាអេឡិចត្រូនិកយ៉ាងដូច្នេះថា ករណីនេះ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ សូវណ្ណ កែវភាជ ហៅ ជូឡាយ អាយុ៦៤ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាម មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ។

ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនជាប់ចោទខាងលើ ក្រោយធ្វើសកម្មភាព ជះទឹកអាស៊ីតលើជនរងគ្រោះ ឈ្មោះ ឡុង ណារ៉េត ឱ្យរងរបួសផ្ទៃមុខ និងដងខ្លួនធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ទោះជាយ៉ាងណា ចំពោះដើមចមដែលឈានដល់ការប្រព្រឹត្តិបទល្មើសនេះ សមត្ថកិច្ច មិនបានទម្លាយចេញជាសាធារណៈឡើយ៕



