
រាជធានីភ្នំពេញ៖ កម្លាំងជំនាញកម្ពុជា នឹងបន្តពង្រឹងការត្រួតពិនិត្យ ចាត់វិធានការក្ដៅ ដើម្បីធានាថា មិនមានការលបលួចបើកដំណើរការល្បែង ឬការភ្នាល់តាមប្រព័ន្ធអនឡាញនៅតាមទីតាំងកាស៊ីណូ ព្រមទាំងបន្តបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងប្រទេស...។

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ប្រកាសព័ត៌មាននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា បានសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) រៀបចំកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៅខេត្តចំនួន១៦ ដែលមានទីតាំងកាស៊ីណូ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនោះ មានគោលបំណងសំខាន់ពីរ គឺការផ្សព្វផ្សាយអំពីការមិនអនុញ្ញាត និងបញ្ឈប់រាល់សកម្មភាពល្បែងតាមប្រព័ន្ធអនឡាញនៅក្នុង និងបរិវេណកាស៊ីណូ ព្រមទាំងរៀបចំក្រុមការងារចម្រុះចុះត្រួតពិនិត្យទីតាំងកាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦តទៅ ដើម្បីធានាថា មិនមានការលបលួចដំណើរការល្បែងអនឡាញដែលផ្ទុយពីច្បាប់ និងលក្ខខណ្ឌអាជ្ញាបណ្ណ។

លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃ គ.ប.ឆ.ប. បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេស អាជ្ញាធរមូលដ្ឋាន ក្នុងការបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងមិនបញ្ឈប់ការចាត់វិធានការត្រឹមនេះឡើយ ប៉ុន្តែនឹងបន្តចាត់វិធានការក្ដៅចំពោះទីតាំងទាំងឡាយណា ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងទីតាំងដែលលបលួចដំណើរការល្បែងអនឡាញផងដែរ។ ជាមួយគ្នា លោកថ្លែងថា ល្បែងតាមប្រព័ន្ធអនឡាញដែលពុំមានការគ្រប់គ្រងត្រឹមត្រូវ អាចជាទម្រង់មួយនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយត្រូវចាត់វិធានការស្របតាមច្បាប់ពាក់ព័ន្ធ រួមមាន ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។

ហាក់មិនខុសគ្នា លោក យ៉េត វីណែល អគ្គលេខាធិការនៃ គ.ល.ក. បានបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៦នេះ តទៅ គ.ល.ក. នឹងស្នើកិច្ចសហការពីស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យទីតាំងកាស៊ីណូទូទាំងប្រទេស សំដៅធានាថា មិនមានការលបលួចដំណើរការល្បែងអនឡាញ ដែលផ្ទុយពីលក្ខខណ្ឌអាជ្ញាបណ្ណ។ ក្នុងករណីរកឃើញសកម្មភាពពាក់ព័ន្ធ អាជ្ញាធរនឹងចាត់វិធានការតាមសមត្ថកិច្ច ហើយបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។ លេខាធិការដ្ឋាននៃ គ.ប.ឆ.ប. ក៏បានបញ្ជាក់ពីការបន្តបើកចំហកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធត្រៀមកិច្ចសហការឱ្យបានពេញលេញជាមួយ គ.ល.ក. ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងកាស៊ីណូ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល៕






