
ក្រុងសែនមនោរម្យ៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន សហការជាមួយសហគមន៍មូលដ្ឋាន និងអង្គការដៃគូអភិរក្ស បានរកឃើញ និងដកហូតអន្ទាក់គ្រប់ប្រភេទសរុបជាង៥០០ខ្សែ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងថេរវេលាត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ...។

តាមរយៈរបាយការណ៍ដែលបានចុះផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ថ្វីដ្បិតតែសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានទប់ស្កាត់ និងមានការថយចុះយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែការលួចដាក់អន្ទាក់ ការលបលួចបរបាញ់ខុសច្បាប់ នៅតែជាកត្តាប្រឈមសម្រាប់តំបន់ការពារមួយនេះ។ បន្ថែមពីលើសកម្មភាពល្បាតជាប្រចាំ ក្រុមការងាររួមមាន មន្ត្រីឧទ្យានុរក្ស និងអ្នកស្ម័គ្រចិត្តល្បាតសហគមន៍នៅស្នាក់ការកណ្ដាលរយ៉លើ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បានបំពេញបេសកកម្មចុះល្បាត និងស្វែងរករុករកយ៉ាងសកម្មនៅក្នុងតំបន់អភិរក្ស និងតំបន់ស្នូល ចន្លោះថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា។

ជាលទ្ធផល ក្រុមការងារបានរុករក និងដោះអន្ទាក់ខ្សែគោសរុបចំនួន៥៣៣ខ្សែ ដែលត្រូវបានព្រានព្រៃលួចដាក់ក្នុងតំបន់ស្នូល។ យ៉ាងណាមិញ ក្នុងប្រតិបត្តិការនេះ ក្រុមការងារជួយសង្គ្រោះ និងដោះលែងសត្វជ្រូកព្រៃ បានចំនួន៨ក្បាលឱ្យត្រឡប់ទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ដោយសុវត្ថិភាព។ លទ្ធផលនៃបេសកកម្មនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការចុះល្បាតជាប្រចាំ និងការបន្តគាំទ្រយ៉ាងសកម្មលើកិច្ចការពារព្រៃឈើក្នុងតំបន់អនុវត្គគម្រោង REDD+ លំផាត់ គឺជាកាតព្វកិច្ចមិនអាចខ្វះបាន ដើម្បីលុបបំបាត់អន្ទាក់ ធានាសុវត្ថិភាពដល់សត្វព្រៃ និងថែរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យគង់វង្ស៕







