
រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានប្រកាសទទួលស្គាល់ពីការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ និងបញ្ហាប្រឈមដែលប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋពឹងផ្អែកលើវិស័យមួយនេះ កំពុងជួបប្រទះ ដោយក្រសួងបញ្ជាក់ថា នឹងបន្តបើកចំហទទួលយកមតិយោបល់ ព្រមទាំងជំរុញការអនុវត្តដំណោះស្រាយជាក់ស្តែង...។

ការបង្ហោះសារតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ធ្វើឡើងស្របពេលមានការលើកឡើង និងពិភាក្សាយ៉ាងទូលំទូលាយ តាមបណ្តាញសង្គមពាក់ព័ន្ធនឹងស្ថានភាពវិស័យទេសចរណ៍កម្ពុជា ជាពិសេស ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។ ក្រសួងបានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម រាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីអន្តរាគមន៍ជាច្រើន ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ រួមមាន៖ កម្មវិធីជំរុញការស្តារឡើងវិញវិស័យទេសចរណ៍នៅខេត្តសៀមរាប វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ និងការលើកទឹកចិត្តផ្នែកពន្ធមួយចំនួន។ ជាមួយគ្នា ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ក៏កំពុងអនុវត្តយុទ្ធសាស្ត្រគន្លឹះចំនួន៦ និងយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ក្នុងគោលបំណងជំរុញចរន្តទេសចរណ៍ក្នុងស្រុក និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ។

ក្នុងន័យនេះ ក្រសួងអះអាងថា នៅតែប្រកាន់ខ្ជាប់គោលការណ៍ផ្ដល់កិច្ចសហការល្អ សម្របសម្រួល និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅរួមដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។ ក្រសួងសង្កត់ធ្ងន់ថា៖«ក្រសួងទេសចរណ៍បន្តបើកចំហ ទទួលយកមតិយោបល់ និងសំណូមពរពីអ្នកជំនាញ ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាព័ត៌មាន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន»។ បន្ថែមលើនេះ ក្រសួងចាត់ទុកការលើកឡើងពីបញ្ហាជាក់ស្តែង គឺជាធាតុចូលដ៏មានតម្លៃ និងជាឱកាសសម្រាប់រួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្មារតី«ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!»៕



