កងឆ្មាំសមុទ្ទកូរ៉េខាងត្បូង រឹបអូសនាវានេសាទចិន២គ្រឿង
S
Sinuon Nop
•
2 ថ្ងៃមុន

រដ្ឋធានីសេអ៊ូល៖ នាវានេសាទចិន ចំនួន២គ្រឿង កំពុងធ្វើប្រតិបត្តិការដោយខុសច្បាប់ នៅក្នុងដែនទឹកក្បែរកោះ Baengnyeong ​ជាកោះស្ថិតនៅភាគខាងជើងបំផុត នៃសមុទ្ទខាងលិច​ ត្រូវបានកងកម្លាំងឆ្មាំសមុទ្ទកូរ៉េខាងត្បូង ឃាត់ទុក...។

សារព័ត៌មាន The Chosun Daily បានចេញផ្សាយនៅរសៀលថ្ងៃពុធទី៧ ខែតុលានេះថា ​អង្គភាពសន្តិសុខពិសេស ប្រចាំសមុទ្ទខាងលិច នៃកងឆ្មាំសមុទ្ទតំបន់កណ្តាល កាលពីព្រឹកថ្ងៃពុធ បានប្រកាសថា ពួកគេបានឃាត់ទុកនាវាចិន២គ្រឿង​ ដោយសារតែនាវាទាំង២នេះ បានរំលោភលើច្បាប់ ស្តីពីអធិបតេយ្យភាពលើការនេសាទ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)។​ នាវាទាំង២គ្រឿងនេះ ជាប់ការសង្ស័យថា បានឆ្លងកាត់ខ្សែព្រំដែនសមុទ្ទភាគខាងជើង (NLL) នៅក្នុងសមុទ្ទខាងលិច និង​នេសាទដោយខុសច្បាប់ នៅវេលាម៉ោងប្រហែល៥:៣០ល្ងាចថ្ងៃអង្គារ នៅចម្ងាយប្រហែល៣៩គីឡូម៉ែត្រ ភាគពាយព្យនៃកោះ Baengnyeong ស្ថិតក្នុងស្រុក Ongjin ទីក្រុងអ៊ីនឈាន់ Incheon។

នាវាទាំង២គ្រឿងនេះ ​មានតួធ្វើពីដែក និងមានទម្ងន់១៥០តោន ហើយវាប្រតិបត្តិការជាគូ ដោយនាវាធំមួយ និងនាវាជំនួយមួយ​ ​ត្រូវបានគេប្រទះឃើញកំពុងប្រើប្រាស់វិធីសាស្ដ្រនេសាទអូសមងភ្លោះ​​។ ពួកគេ បានកាត់មងនោះចោល ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែទីបំផុតត្រូវបានកងកម្លាំងឆ្មាំសមុទ្ទឃាត់ខ្លួន។ បើ​តាមការស៊ើបអង្កេត នាវាធំនោះ មានសមាជិកនាវិកជនជាតិចិនចំនួន១៦នាក់ រួមទាំងប្រធាននាវាម្នាក់​អាយុ​៥០ឆ្នាំ ខណៈ​​នាវាជំនួយ មានមនុស្ស១៥នាក់ និងមានផលនេសាទជាត្រី Sand lance ព្រមទាំងត្រីតូចៗ ផ្សេងៗទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត