
ក្រុងសៀមរាប៖ ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិ-ឃុំ-ស្រុកបន្ទាយស្រី មានចម្ងាយ៣៩គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងខេត្តសៀមរាប និងមានចម្ងាយផ្លូវ៣២គីឡូម៉ែត្រ ពីប្រាសាទនគរវត្ត ឬអង្គរវត្ត តាមផ្លូវឆ្ពោះទៅភ្នំគូលែន…។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ប្រាសាទបន្ទាយស្រី កសាងឡើងនៅឆ្នាំ៩៦៧ ក្នុងរាជ្យព្រះបាទរាជេន្ទ្រវម៌្មទី២(រាជេន្រ្ទវរ្ម័ន) និងព្រះបាទជយវម៌្មទី៥(ជយវរ្ម័ន) នៅសតវត្សរ៍ទី១០ មុនប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ ប្រាសាទនេះ កសាងឡើងដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហ ដែលជាព្រះគ្រូរបស់ព្រះបាទជយវម៌្មទី៥ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ឈ្មោះដើមនៃប្រាសាទនេះ គឺឥសូរបុរៈ ដែលមានន័យថា បុរីនៃឥសូរ លុះក្រោយមកក៏ហៅថាបន្ទាយស្រីវិញ។ ប្រាសាទបន្ទាយស្រី មានរាងតូចច្រឡឹង លម្អដោយក្បូរក្បាច់រចនាល្អិតឆ្មារ យ៉ាងស្រស់ស្អាតនៅលើផ្ទាំងថ្ម។មួយវិញទៀត មានចម្លាក់ផ្កាភ្ញី និងរឿងទេវកថាផ្សេងៗ ទាក់ទងនឹងព្រះឥសូរ ព្រះនារាយណ៍ រឿងរាមកេរ្តិ៍ រឿងមហាភារតយ៉ាងរស់រវើក នៅលើផ្តែរ និងនៅហោរជាង។

រចនាសម្ព័ន្ធប្រាសាទ សង់ឡើងពីថ្មភក់ពណ៌ផ្កាឈូក និងឥដ្ឋរាង៤ជ្រុងទ្រវែង លើដីរាបស្មើ មានគូទឹកព័ទ្ធជុំវិញ ហើយមានតួប្រាង្គបីសង់លើខឿនតែមួយ បែរមុខទៅទិសខាងកើត ដោយប្រាង្គកណ្តាលឧទ្ទិសថ្វាយព្រះឥសូរ ក្រោមរូបស្នងជាសិវលិង្គ ខាងត្បូង ឧទ្ទិសថ្វាយដល់ព្រហ្ម និងខាងជើង ឧទ្ទិសថ្វាយដល់ព្រះនារាយណ៍។ កត្តាទាំងនេះហើយ បានជាភ្ញៀវទេសចរដែលបានមកកម្សាន្តខេត្តសៀមរាប កម្រចោលការទស្សនានៅប្រាសាទបន្ទាយស្រី នេះណាស់។ អាជ្ញាធរជាតិអប្សរា បន្ថែមថា ប្រាសាទបន្ទាយស្រី ចុះបញ្ជីបេតិកភណ្ឌ ដោយអ្នកអភិរក្សជាតិបារាំងនៅឆ្នាំ១៩១៦ ហើយចាប់តាំងពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានត្រួសត្រាយព្រៃ និងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ក៏មានការជួសជុលលើកដំបូងតាមបច្ចេកទេសអាណាស្ទីឡូ ដឹកនាំដោយលោក ហេនរី ម៉ាឆែល (Henry Marchal) ដោយយកលំនាំតាមការជួសជុលប្រាសាទ Prambanan នៅកោះជ្វាភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី។

ការជួសជុលពេលនោះ ធ្វើឡើងនៅលើប្រាសាទកណ្តាល និងរចនាសម្ព័ន្ធខ្លះៗ។ ចាប់តាំងពីឆ្នាំ១៩៩៤ អាជ្ញាធរជាតិអប្សរា ក៏បានជួសជុលប្រាសាទបន្ទាយស្រីដូចជារៀបចំគំនរថ្ម ផ្តែរ ហោរជាង ជួសជុលខ្លោងទ្វារ បោចស្មៅលើប្រាសាទ និងថែរក្សាបរិស្ថាន។លើសពីនេះ ក៏បានរៀបចំទិសដៅទស្សនា អាហារដ្ឋាន កន្លែងលក់ដូរ ចំណតយានយន្តគ្រប់ប្រភេទ កន្លែងសង្គ្រោះបឋម ដើម្បីផ្តល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ និងបង្កើតក្រមប្រតិបត្តិអង្គរឱ្យភ្ញៀវគោរពតាមផងដែរ។ លើសពីនេះ មានផ្លូវខ្វាត់ខ្វែងអមដោយទេសភាពពណ៌បៃតងស្រស់បំព្រងនារដូវវស្សា ពិតជាគួរឱ្យគយគន់ និងផ្តិតយករូបភាពទុកមើល។ក្រៅពីមានប្រាង្គប្រាសាទមានកន្លែងទស្សនាជាច្រើន ដូចជាកន្លែងតាំងពិព័រណ៍ ដែលមានតាំងបង្ហាញពីការរុករកឃើញប្រាសាទ និងការធ្វើកំណាយ ហើយក៏នៅមានកន្លែងមើលសត្វ ជិះទូកកម្សាន្ត ស្ទូចត្រី ទស្សនាធម្មជាតិថែមទៀតផង៕





