អាជ្ញាធរជាតិអប្សរា បើកសាកល្បងច្រកចូលទស្សនាកំពែងទីពីរនៃប្រាសាទបន្ទាយស្រី
S
Sreyleak Yith
12 ម៉ោងមុន

ក្រុងសៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងដាក់អនុវត្តសាកល្បងការតម្រង់ជួររង់ចាំ (A Queueing System) រយៈពេល៧ថ្ងៃ នៅច្រកចូលកំពែងទីពីរនៃប្រាសាទបន្ទាយស្រី ចាប់ពីថ្ងៃទី២៣កុម្ភៈ ដល់ថ្ងៃទី១មីនា ឆ្នាំ២០២៦។

អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២០កុម្ភៈនេះ បានឱ្យដឹងថា ការដាក់ឱ្យសាកល្បងនេះ ដើម្បីលើកកម្ពស់គុណភាព និងបទពិសោធន៍នៃការទស្សនានៅប្រាសាទបន្ទាយស្រី ក៏ដូចជារក្សាបាននូវសុវត្ថិភាពខ្ពស់ដល់ភ្ញៀវទេសចរ និងប្រាសាទបុរាណ។ បើតាមសិលាចារឹក ប្រាសាទបន្ទាយស្រី ត្រូវបានកសាងទ្បើងនៅឆ្នាំ៩៦៧នៃគ្រិស្តសករាជ (គ.ស) ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន ដើម្បីឧទ្ទិសដល់ព្រះឥសូរនៃសាសានាព្រាហ្មណ៍។ ប្រាសាទបន្ទាយស្រីមានរាងតូចច្រឡឹង លម្អដោយក្បូរក្បាច់រចនាយ៉ាងល្អិតឆ្មារដ៏ស្រស់ស្អាតនៅលើផ្ទាំងថ្មពណ៌‌ផ្កាឈូក។ មិនតែប៉ុណ្ណោះ មានចម្លាក់ផ្កាភ្ញី និងរឿងទេវកថាផ្សេងៗយ៉ាងរស់រវើក ទាក់ទងនឹងព្រះឥសូរ ព្រះនារាយណ៍ រឿងរាមកេរ្តិ៍ រឿងមហាភារតយុទ្ធ ជាដើម។

ប្រាសាទបន្ទាយស្រី មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចម្ងាយ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប និងមានចម្ងាយ៣២គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត។ រចនាសម្ព័ន្ធប្រាសាទសង់ឡើងពីថ្មភក់ពណ៌ផ្កាឈូក និងឥដ្ឋរាង៤ជ្រុងទ្រវែងលើដីរាបស្មើ មានគូទឹកព័ទ្ធជុំវិញ ហើយមានតួប្រាង្គបីសង់លើខឿនតែមួយ បែរមុខទៅទិសខាងកើត ដោយប្រាង្គកណ្តាលឧទ្ទិសថ្វាយព្រះឥសូរក្រោមរូបស្នងជាសិវលិង្គ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រះព្រហ្ម និងខាងជើងឧទ្ទិសថ្វាយដល់ព្រះនារាយណ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត