នាយករដ្ឋមន្រ្តីវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ ពង្រឹងទំនាក់ទំនង
S
Soriya Sou
•
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១០ ខែតុលា ឆ្នាំ២០២៦។ ពេលមកដល់កម្ពុជា លោកនឹងអញ្ជើញទៅក្រាបបង្គំគាល់អង្គព្រះមហាក្សត្រ និងសម្តេចហ្លួងម៉ែ នៅឯព្រះបរមរាជវាំងជាមុន មុនបន្តជួបថ្នាក់ដឹកនាំកម្ពុជាឯទៀត...។

សូមជម្រាបថា ទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានប្រកាសនៅរសៀលថ្ងៃទី៦ ខែតុលានេះថា ក្រោយមកដល់កម្ពុជា នាយករដ្ឋមន្រ្តីវៀតណាម នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៅក្នុងព្រះបរមរាជវាំង។ បន្ទាប់មក លោក ឡេ មិញហ៊ឹង នឹងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេច យួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ក្នុងជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាពីការពង្រឹងទំនាក់ទំនង កម្ពុជា-វៀតណាមឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ កម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម នាពេលខាងមុខនឹងជួយរឹតចំណងសាមគ្គីភាព និងបញ្ជាក់ពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរ កម្ពុជា-វៀតណាមក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត