កម្ពុជា និង UNICEF ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់បរិស្ថាន និងភាពធន់អាកាសធាតុ
អ
អុន សម្ផស្ស
•
10 ម៉ោងមុន


រាជធានីភ្នំពេញ៖ តំណាងថ្មីនៃអង្គការ UNICEF ប្រចាំកម្ពុជា លោកស្រី Maha Damaj បានបញ្ជាក់ពីការបន្តគាំទ្រយ៉ាងសកម្មរបស់អង្គការ UNICEF ចំពោះកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការអះអាងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦..។

ក្នុងជំនួប លោកស្រី Maha Damaj លើកឡើងថា UNICEF នឹងបន្តចូលរួមគាំទ្រយ៉ាងសកម្មដល់ការអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដើម្បីរួមចំណែកជួយកម្ពុជា សម្រេចបាននូវគោលដៅភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងពង្រឹងការឆ្លើយតបចំពោះបញ្ហាប្រែប្រួលអាកាសធាតុ។ ជាការឆ្លើយតប រដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានថ្លែងអំណរគុណដល់អង្គការ UNICEF ចំពោះការគាំទ្រដែលបានចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យអប់រំ និងការការពារបរិស្ថាននៅកម្ពុជា។ លោក អ៊ាង សុផល្លែត ថ្លែងបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញយុទ្ធនាការធ្វើឱ្យកម្ពុជាមានភាពស្អាត។ ក្នុងនោះ ក្រសួងបានដាក់ចេញយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋប្រមាណ១៥លាននាក់ រួមទាំងសិស្សានុសិស្សនៅតាមសាលារៀន ចូលរួម និងប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍។

ក្រៅពីនេះ ក្រសួងបានដាក់ចេញយុទ្ធនាការផ្សេងៗទៀតនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីជំរុញការចូលរួមសម្អាតបរិស្ថាននៅតាមសហគមន៍ និងតាមដងផ្លូវជាតិ។ តាមការបញ្ជាក់របស់ក្រសួង កម្ពុជាបានកាត់បន្ថយការនាំចូលប្លាស្ទិកប្រមាណ៨៥ភាគរយ ក្នុងរយៈពេលកន្លងមក។ ដោយឡែក ពាក់ព័ន្ធនឹងការកសាងភាពបៃតង លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាបានពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារព្រៃឈើ ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងការដាំស្តារព្រៃឈើនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ សកម្មភាពទាំងនេះមានគោលដៅបង្កើនគម្របបៃតង និងរួមចំណែកឱ្យកម្ពុជា ឈានទៅសម្រេចគោលដៅប្រទេសអព្យាក្រិតកាបូននៅឆ្នាំ២០៥០។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងការអប់រំ និងបញ្ជ្រាបចំណេះដឹងអំពីការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ជាពិសេស តាមរយៈការលើកកម្ពស់ជីវភាព និងភាពធន់របស់សហគមន៍នៅតំបន់ការពារធម្មជាតិ។ លោក អ៊ាង សុផល្លែត ក៏បានបញ្ជាក់ពីការបន្តពង្រីកសកម្មភាពដាំកូនឈើឡើងវិញ ដើម្បីបង្កើនគម្របបៃតង ទប់ទល់នឹងរលកកម្ដៅ និងពង្រឹងភាពធន់របស់កម្ពុជា ចំពោះវិបត្តិអាកាសធាតុ។ ការត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ដែលអាចកើតមានពីបាតុភូត អែលនីញ៉ូ ក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ ដែលត្រូវបានលើកឡើងផងដែរ។ បន្ថែមលើនោះ កម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីជំរុញការបង្កើនមូលនិធិអាកាសធាតុសម្រាប់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។ កម្ពុជាមានគោលជំហរថា ការគាំទ្រផ្នែកហិរញ្ញវត្ថុ គួរតែមានភាពសមធម៌ ដើម្បីជួយប្រទេសងាយរងគ្រោះឱ្យអាចដោះស្រាយវិបត្តិអាកាសធាតុ ដោយមិនបង្កើនបន្ទុកបំណុល។

ជាមួយគ្នា លោករដ្ឋមន្ត្រីអះអាងថា សម្រាប់កិច្ចប្រជុំកំពូល COP31 នៃរដ្ឋភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រោងធ្វើឡើងនៅប្រទេសតួកគីយ៉េ កម្ពុជានឹងបន្តជំរុញឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុប្រកបដោយសមធម៌ និងការអនុវត្តការសន្យាហិរញ្ញវត្ថុ ដើម្បីរួមចំណែកដល់ការឆ្លើយតបចំពោះវិបត្តិអាកាសធាតុសកល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត