សិស្សច្បងធំ និងសិស្សប្អូនរួមគ្រូ ឡើងសង្វៀនភិមានអាកាសគុនខ្មែរ ដណ្តើមខ្សែក្រវាត់ពិភពលោក
Chanmarady Chuon
•
12 ម៉ោងមុន

គុនខ្មែរ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថានីយទូរទស្សន៍ Town Full HDTV និងស្ថាប័ន FIGHT CLUBBING របស់ប្រទេសអ៊ីតាលី រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់កម្រិតអន្តរជាតិដ៏អស្ចារ្យមួយ គឺ “ភិមានអាកាស KUN KHMER × FIGHT CLUBBING” ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ខាងមុខ នៅទីលានជល់ដំរី ខេត្តសៀមរាប។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ មានការដាក់ឱ្យដណ្តើមខ្សែក្រវាត់ពិភពលោកចំនួន២ខ្សែផងដែរ...។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំកាលពីព្រឹកថ្ងៃចន្ទទី៥តុលា នាទីស្តីការសាលាខេត្តសៀមរាប ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងជាប្រធាន NOCC ផងដែរនោះ បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងមានការប្រកួតលក្ខណៈគុនខ្មែរ និងឃីកបុកស៊ីង សរុបចំនួន៧គូ ដោយមានការចូលរួមពីកីឡាករល្បីៗប្រចាំប្រទេសកម្ពុជា ឡើងតតាំងជាមួយកំពូលកីឡាករឆ្លងទ្វីបមកពី៦ប្រទេស រួមមាន៖ អ៊ីតាលី បារាំង រ៉ូម៉ានី ទុយណេស៊ី តួគីយេ និងសេណាហ្គាល់។ ចំណែក សមាសភាពកំពូលអ្នកចម្បាំងក្រុងអង្គរទាំង ៧រូប របស់កម្ពុជា រួមមាន៖ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា, នាគរាជខ្មៅចតុមុខ ឈឿង ល្វៃ, ក្របីព្រៃ ពេជ្រ សម្បត្តិ, អេ វីរខាំឈីត ភូថង, អេ អាំម៉ារីន ភូថង, សោម វិឆ័យ, និង ផានិត គុនខ្មែរ។

អ្វីដែលកាន់តែពិសេស និងកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងនោះ ប្រភពពីអ្នករៀបចំកម្មវិធីបានបង្ហើបឱ្យដឹងថា មហាព្រឹត្តិការណ៍នេះ នឹងមានការដាក់ឱ្យដណ្ដើមខ្សែក្រវាត់ពិភពលោក FIGHT CLUBBING World Championship រហូតដល់ទៅ២ខ្សែ និងការប្រកួតដណ្តើមខ្សែក្រវាត់ IPCC World K-1 Championship ២ខ្សែទៀតផងដែរ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតជុំវិញសមាសភាពបេក្ខភាពដណ្ដើមខ្សែក្រវាត់ គឺកីឡាករ ធឿន ធារ៉ា ប្រកួតជាមួយកីឡាករ 𝗔𝗯𝗱𝗼𝘂𝗹𝗮𝘆𝗲 𝗗𝗶𝗮𝗹𝗹𝗼 កីឡាករ អេ អាំម៉ារីនភូថង ប្រកួតជាមួយកីឡាករ  𝗧𝗵𝗿𝗶𝘀𝘁𝗮𝗻 𝗠𝗮𝘀𝘀𝗼𝗯𝗿𝗶𝗼 ដណ្តើមខ្សែក្រវាត់ពិភពលោក FIGHT CLUBBING World Championship។ ចំណែក កីឡាករ ម៉ឺន មេឃា ប្រកួតជាមួយ កីឡាករ 𝗦̦𝘂𝗮𝘆𝗯 𝗔𝗰𝗮𝗿 និងកីឡាករ សោម វិឆ័យ ប្រកួតជាមួយកីឡាករ 𝗔𝗹𝗶 𝗭𝗮𝗿𝗶𝗻𝗳𝗮𝗿 ដណ្តើមខ្សែក្រវាត់ IPCC World K-1 Championship។

គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍“ភិមានអាកាស KUN KHMER × FIGHT CLUBBING” នឹងត្រូវផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ TOWN FULLHD TV និងផ្សាយបន្តទៅកាន់ DAZN ដែលជាបណ្តាញទូរទស្សន៍កីឡាដ៏ល្បីល្បាញរបស់ចក្រភពព្រីតថេន ទៅកាន់ជាង២០០ប្រទេស ជុំវិញពិភពលោក។ បន្ថែមពីនេះ នៅក្នុងតំបន់ព្រឹត្តិការណ៍ ក៏មានការដាក់ស្តង់ពិពណ៌ផលិតផលដូចជា ទឹកបរិសុទ្ធ និងភេសជ្ជៈប៉ូវកម្លាំង ដោយដាច់ខាតមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយ ឬលក់គ្រឿងស្រវឹង និងជាតិអាល់កុលឡើយ។ ជុំវិញការហាមឃាត់លក់គ្រឿងស្រវឹងនេះ លោកទេសរដ្ឋមន្ត្រី ថោង ខុន គូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ មិនត្រឹមតែលើកកម្ពស់ និងអភិវឌ្ឍមរតកយុទ្ធគុនដូនតាខ្មែរទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយអរិយធម៌ វប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្ហាញពីកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព សន្តិសុខ និងស្ថិរភាពពេញលេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត