កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចុះឆ្មក់បង្ក្រាបទីតាំងអនឡាញស្កេម២កន្លែង ឃាត់ខ្លួនជនបរទេសចំនួន៣២នាក់
ហាក់ អ៊ីឌី
•
12 ម៉ោងមុន

ក្រុងព្រះសីហនុ៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការក្ដៅ ស្រាវជ្រាវ និងចុះឆ្មក់បង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam/Online Scam) ចំនួន២កន្លែងផ្សេងគ្នាក្នុងក្រុងព្រះសីហនុ ដោយលទ្ធផលសម្រេចបានការឃាត់ខ្លួនជនបរទេសសរុបចំនួន៣២នាក់...។

ផ្អែកតាមរបាយការណ៍ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងរយៈពេលពីរថ្ងៃជាប់ គ្នា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី និងសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ សកម្មភាព​នៃការឆ្មក់ចូលទីតាំងទាំង២កន្លែងក្នុងភូមិសាស្ត្រសង្កាត់លេខ៣ និងលេខ៤ នៅក្រុងព្រះសីហនុនេះ កម្លាំងកងរាជអាវុធហត្ថបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ រួមមាន៖ កុំព្យូទ័រ, ទូរសព្ទដៃ, ឧបករណ៍ភ្ជាប់បណ្តាញអ៊ីនធឺណិត និងសម្ភារបម្រើឱ្យសកម្មភាពឆបោកមួយចំនួនទៀត។

ទោះជាយ៉ាងណា ក្រៅពីវត្ថុតាងដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើស សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទសប្រុសស្រីជាបន្តបន្ទាប់សរុប៣២នាក់ផងដែរ។ បច្ចុប្បន្ន ជនសង្ស័យជាជនបរទេសទាំង៣២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់ស្ថាប័នអយ្យការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ព្រមទាំងបន្តនីតិវិធីអន្តោប្រវេសន៍សម្រាប់ការបណ្តេញចេញពីកម្ពុជា។ ការចុះបង្ក្រាបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរឹតបន្តឹង និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់អាជ្ញាធរកម្ពុជា ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពាររូបភាពល្អរបស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសជាតិទាំងមូល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត