តើមានអាថ៌កម្បាំងអ្វីនៅពីក្រោយការដេញថ្លៃ ទើបរដ្ឋបាលឃុំចង្ក្រង់ ចេញសេចក្ដីជូនដំណឹងរឹតបន្ដឹងអ្នកសារព័ត៌មាន..?
S
Sinuon Nop
•
13 ម៉ោងមុន

ក្រុងក្រចេះ៖ ក្រោយការបែកធ្លាយភាពមិនប្រក្រតី អំពីករណីដេញថ្លៃលើការអភិវឌ្ឍមូលនិធិឃុំកន្ទួត ក្រោមការចោទប្រកាន់អំពើគប់គិតគ្នាជាប្រព័ន្ធ ដើម្បីក្រសោបយកថវិកាមូលនិធិឃុំ យកមកហែកចែកគ្នាស៊ី ដែលនឹងអាចបាត់បង់គុណភាពផ្លូវនោះមក ស្រាប់តែឃុំចង្ក្រង់ បានបង្កើតលក្ខខណ្ឌដ៏តឹងរឹង សម្រាប់អ្នកសារព័ត៌មានចូលទៅយកព័ត៌មាន ដើម្បីចែកចាយដល់ប្រជាពលរដ្ឋឱ្យដឹង ហើយការដាក់លក្ខខណ្ឌបែបនេះ តើមានចេតនាអ្វីនៅបង្កប់ពីក្រោយការដេញថ្លៃនេះ...?

បើតាមការបង្ហោះនៅលើបណ្ដាញសង្គម អំពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលឃុំចង្ក្រង់នោះ គឺលក្ខខណ្ឌអ្នកសារព័ត៌មានដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមយកព័ត៌មាន នៅក្នុងពិធីដេញថ្លៃគម្រោងមូលនិធិរបស់ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវភ្ជាប់មកជាមួយនូវឯកសារ៖ ១-ឈ្មោះអាជ្ញាបណ្ណរបស់អង្គភាព មានសុពលភាព, ២-អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាព, ៣-បណ្ណសម្គាល់ខ្លួនរបស់អង្គភាព មានសុពលភាព, ៤-លិខិតបញ្ជាបេសកកម្ម ចុះបញ្ជីនៅច្រកចេញចូលសាលាខេត្ត។ ក្រោយពេលមានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលឃុំចង្ក្រង់នោះមក ក៏មានគេយកទៅបង្ហោះនៅលើបណ្ដាញសង្គម ហើយបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង ពីក្រុមអ្នកលេងបណ្ដាញសង្គម ជាមួយនឹងការលើកឡើង អំពីទស្សនៈរបស់ពួកគេរៀងៗខ្លួន និងចោទជាចម្ងល់ ថា តើវាមានអាថ៌កម្បាំងអ្វី នៅពីក្រោយការដេញថ្លៃនោះ? តើការដេញថ្លៃនោះ មានការគប់គិតគ្នាហែកចែកគ្នាស៊ីឬ ទើបដាក់លក្ខខណ្ឌដ៏តឹងតែងដល់អ្នកកាសែតចូលទៅយកព័ត៌មាន..?

អ្នកសារព័ត៌មាន គ្រាន់តែចង់ដឹងអំពីនីតិវិធី នៅក្នុងការដេញថ្លៃគម្រោងផ្សេងៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយកព័ត៌មាននោះ ទៅផ្សព្វផ្សាយ ជាពិសេស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការលុបបំបាត់អំពើពុកលុយ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រី។ ការដេញថ្លៃលើគម្រោងផ្សេងៗ ទាំងនៅក្នុងស្ថាប័នរដ្ឋ អង្គការ ឬក្រុមហ៊ុនឯកជន គឺជាប្រភពព័ត៌មានដ៏សំខាន់ សម្រាប់អ្នកសារព័ត៌មាន នៅក្នុងការធ្វើសេចក្តីរាយការណ៍ អំពីភាពស្មោះត្រង់ សុចរិត យុត្ដិធម៌ តម្លាភាព និងការប្រឆាំងនឹងអំពើពុករលួយ ជាដើម។ អ្នកសារព័ត៌មាន គ្រាន់តែចង់ដឹង ថាតើដំណើរការដេញថ្លៃនោះ មានតម្លាភាព និងបើកចំហ ដើម្បីផ្សព្វផ្សាយជាសាធារណ: ទាន់ពេលវេលាដែរឬទេ? តើព័ត៌មានលម្អិត នៃគម្រោងថវិកាប្រហាក់ប្រហែល និងលក្ខណៈបច្ចេកទេស ត្រូវបញ្ជាក់ច្បាស់លាស់ និងស្មើភាពគ្នា សម្រាប់ក្រុមហ៊ុនទាំងអស់ដែរឬទេ? តើមានការបំបែកគម្រោងធំឱ្យទៅជាគម្រោងតូចៗ ដើម្បីគេចវេះពីការដេញថ្លៃជាសាធារណៈដែរឬទេ?

តើមានការបង្កើតក្រុមហ៊ុនក្លែងក្លាយជាច្រើន មកកៃបន្លំដេញថ្លៃ ដើម្បីឱ្យក្រុមហ៊ុនគោលដៅឈ្នះដែរឬទេ? តើម្ចាស់ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃនោះ មានទំនាក់ទំនង ឬជាប់សាច់ញាតិ មិត្តភក្តិ ឬផលប្រយោជន៍ស្ងាត់ៗ ជាមួយនឹងមន្ត្រី ឬគណៈកម្មការរៀបចំការដេញថ្លៃនោះដែរឬទេ? តើក្រុមហ៊ុនដែលឈ្នះការដេញថ្លៃគម្រោងធំៗនោះ ទើបតែចុះបញ្ជី នៅមុនថ្ងៃដេញថ្លៃបន្តិច ឬគ្មានបទពិសោធសោះមែនដែរឬយ៉ាងណា?ជាការពិតណាស់ ស្ថាប័នរដ្ឋ ឬអង្គការខ្លះ អនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួម ធ្វើជាសាក្សីនៅក្នុងការដេញថ្លៃ និងបើកសំណើដេញថ្លៃ ខណ:ការប្រកាសឈ្មោះក្រុមហ៊ុនឈ្នះ តម្លៃនៃការដេញថ្លៃ ត្រូវតែជារឿងបើកចំហ ជាសាធារណៈ។ លើសពីនេះទៅទៀត អ្នកសារព័ត៌មាន ត្រូវតែតាមដានបន្តថា តើក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ លក់គម្រោងនោះ បន្តឱ្យក្រុមហ៊ុនផ្សេងៗទៀត នៅក្នុងតម្លៃទាបជាងមុន ដើម្បីយកកេងចំណេញក្បាលកាក់ដែរឬទេ? តើការអនុវត្តគម្រោងពិតប្រាកដ មានគុណភាពតាមកិច្ចសន្យាដែរឬទេ? តើមានការទាមទារបន្ថែមថវិកាខុសប្រក្រតីក្រោយទទួលបានគម្រោងដែរឬអត់? 

លោក ឯម ធីរិន អភិបាលរងស្រុកចិត្របុរី តំណាងឱ្យលោក យិន វណ្ណៈ ជាអភិបាលស្រុក នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានចូលរួមដឹកនាំកិច្ចប្រជុំ បើកសំណើដេញថ្លៃ គម្រោងជួសជុលផ្លូវក្រួសធម្មជាតិប្រវែង៦,៤គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ និងសាងសង់លូចំនួន៤កន្លែង ដែលប្រើប្រាស់មូលនិធិឃុំចង្ក្រង់ ឆ្នាំ២០២៦។ ការដាក់តាំងសេចក្តីជូនដំណឹងនេះ ធ្វើឡើងស្របពេលដែលកន្លងមក មានការផ្សព្វផ្សាយ និងការចោទសួរអំពីភាពមិនប្រក្រតី ពាក់ព័ន្ធនឹងដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ នៅឃុំកន្ទួត ស្រុកចិត្របុរី ដែលបានក្លាយជាប្រធានបទពិភាក្សា នៅលើបណ្តាញសង្គម។ លោក ឯម ធីរិន អភិបាលរងស្រុកចិត្របុរី បានបញ្ជាក់ថា ឯកសារទាំង៤ចំណុចខាងលើ គ្រាន់តែជាសេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មានតែប៉ុណ្ណោះ មិនមែនជាច្បាប់ថ្មី សម្រាប់កំណត់ ឬហាមឃាត់អ្នកសារព័ត៌មានមិនឱ្យចូលយកព័ត៌មាននោះទេ។ ការរៀបចំបែបនេះ មានគោលបំណងជំរុញឱ្យអ្នកសារព័ត៌មាន ចូលរួមយកព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងយល់ដឹងអំពីនីតិវិធី ដើម្បីចៀសវាងការយល់ច្រឡំ ឬការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ។

លោក ឯម ធីរិន អភិបាលរងស្រុកចិត្របុរី
លោក ឯម ធីរិន អភិបាលរងស្រុកចិត្របុរី

លោក ឯម ធីរិន បន្ថែមថា កន្លងមក ក៏មានអ្នកសារព័ត៌មានចូលរួមតាមដានដំណើរការដេញថ្លៃផងដែរ ប៉ុន្តែអ្នកខ្លះមិនបានចុះបញ្ជីវត្តមាន។ ដូច្នេះ រដ្ឋបាលស្រុក ចង់ឱ្យអ្នកសារព័ត៌មានដែលចូលរួម មានអង្គភាព ឬស្ថាប័នសារព័ត៌មានច្បាស់លាស់ ដើម្បីចូលរួមតាមដាន និងពិនិត្យដំណើរការអភិវឌ្ឍមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ លោកភិបាលរងស្រុកបន្ថែមថា ដំណើរការដេញថ្លៃគម្រោងដែលប្រើប្រាស់មូលនិធិឃុំ-សង្កាត់ មិនមានភាពអាថ៌កម្បាំងទេ ប៉ុន្តែត្រូវអនុវត្តដោយតម្លាភាព និងគណនេយ្យភាព ស្របតាមសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ឬសៀវភៅ PIM។ ប៉ុន្ដែក្រោយមានការណែនាំពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រដ្ឋបាលស្រុកចិត្របុរី បានបង្កើនការយកចិត្តទុកដាក់លើការអនុវត្តការងារ ជាពិសេស ការអនុវត្តគម្រោងដែលប្រើប្រាស់មូលនិធិឃុំ-សង្កាត់ ដើម្បីធានាឱ្យដំណើរការអនុវត្តគម្រោងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ដោយឡែក លោក ចេង សុខដុម នាយករងទីចាត់ការវិនិយោគខេត្តក្រចេះ បានឱ្យដឹងថា លោកមិនបានទទួលព័ត៌មានអំពីសេចក្តីណែនាំណាមួយពីថ្នាក់លើ ដែលតម្រូវឱ្យមានការរៀបចំឯកសារទាំង៤ចំណុចនេះឡើយ។ លោកបញ្ជាក់ថា ក្នុងដំណើរការដេញថ្លៃជាក់ស្តែង ក៏មិនមានការឃាត់ ឬហាមឃាត់អ្នកសារព័ត៌មាន មិនឱ្យចូលយកព័ត៌មាននោះដែរ គឺគ្រាន់តែមានការជូនដំណឹងតែប៉ុណ្ណោះ។ លោក ចេង សុខដុម ក៏បានបញ្ជាក់ថា លោកមិនទាន់ដឹងថា រដ្ឋបាលឃុំចង្ក្រង ទទួលបានការណែនាំ ឬព័ត៌មានពាក់ព័ន្ធនឹងការដាក់តាំងលក្ខខណ្ឌឯកសារទាំងនេះ ពីប្រភពណាមួយជាក់លាក់នោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត