លើកដំបូង! អាម៉េរិក នឹងបា.ញ់សម្លា.ប់អ្នកទោសឧក្រិ.ដ្ឋជនយង់ឃ្នងម្នាក់
Mao Sopha
•
11 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បានអនុម័តយល់ព្រមឱ្យប្រហារជីវិតអតីតមន្ត្រីយោធា និងជាវេជ្ជបណ្ឌិតអាម៉េរិកម្នាក់ឈ្មោះ នីដាល់ ហាសាន (Nidal Hasan) ដោយប្រើកាំភ្លើងបាញ់ផ្តាច់ជីវិត។ ហាសាន មានទោសធ្ងន់ធ្ងរណាស់ ពាក់ព័ន្ធនឹងការបាញ់ប្រហារយ៉ាងសាហាវនៅមូលដ្ឋានយោធា ហ្វត ហ៊ូដ (Fort Hood) ក្នុងរដ្ឋតិចសាស (Texas) កាលពីឆ្នាំ២០០៩ បណ្ដាលឱ្យយោធាអាម៉េរិក១៣នាក់ស្លាប់ និង៣២នាក់ទៀតរងរបួស...។

លោក ត្រាំ លើកដងប៉ាកាស៊ីញ៉េលើសេចក្ដីសម្រេចនេះ នៅថ្ងៃទីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ តាមសំណើរបស់រដ្ឋមន្ត្រីការពារជាតិ លោក ផេត ហេកសិត (Pete Hegseth)។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ស៊ីន ផាណេល (Sean Parnell) អះអាងថា លោករដ្ឋមន្ត្រី ផេត ហេកសិត នឹងកំណត់ពេលវេលា និងទីកន្លែងសម្រាប់ការប្រហារជីវិតនេះ។

ហាសាន ជាពលរដ្ឋអាម៉េរិក ដែលកើតលើទឹកដីអាម៉េរិក តែមានដើមកំណើតជាជនជាតិប៉ាឡេស្ទីន ហើយបានចូលធ្វើជាកងទ័ពផង និងជាគ្រូពេទ្យចិត្តសាស្ត្ររបស់កងទ័ពអាម៉េរិកផង។ តុលាការយោធាអាម៉េរិក បានចេញសេចក្ដីសម្រេចស្តីពីការដាក់ទោសប្រហារជីវិតលើហាសាន កាលពីឆ្នាំ២០១៣ បន្ទាប់ពីរកឃើញថា មានកំហុសដល់ទៅ៤៥ករណីឯណោះ រួមមាន១៣ករណី ជាឃាតកម្មគិតទុកជាមុន និង ៣២ករណី ជាការប៉ុនប៉ងឃាតកម្មគិតទុកជាមុន។ 

ក្នុងសវនាការជំនុំជម្រះក្ដី ហាសាន ធ្លាប់និយាយថា ការសម្រេចចិត្តបើកការបាញ់ប្រហារនេះ គឺដោយសារមិនចង់ឱ្យកងទ័ពអាម៉េរិក ចេញទៅបំពេញបេសកកម្មសង្គ្រាមនៅអាហ្គានីស្ថាន។ ហាសាន មានសមានចិត្តចំពោះពួកតាលីបង់នៅអាហ្គានីស្ថាន ដូច្នេះ ក៏ចង់ការពារពួកតាលីបង់ពីការវាយប្រហាររបស់កងទ័ពអាម៉េរិក។ កាលនោះ អាម៉េរិក បានបញ្ជូនកងទ័ពទៅអាហ្គានីស្ថាន ដើម្បីទប់ទល់នឹងក្រុមតាលីបង់។ មកដល់បច្ចុប្បន្ន ក្រុមតាលីបង់ កំពុងគ្រប់គ្រងអាហ្គានីស្ថាន។ 

ការប្រហារជីវិតដោយការប្រើអាវុធបាញ់ប្រហារនេះ គឺជាវិធីកម្របំផុតនៅអាម៉េរិក។ គិតចាប់តាំងពីឆ្នាំ១៩៦១មក គឺក្រោយពីសង្គ្រាមលោកលើកទី២ ហាសាន នឹងក្លាយជាអ្នកទោសដំបូងគេនៅអាម៉េរិក ដែលនឹងត្រូវបាញ់ប្រហារដោយការបាញ់ប្រហារ។ វិធី ដែលអាម៉េរិក តែងប្រើលើអ្នកទោសប្រហារជីវិតនាពេលកន្លងមក គឺការចាក់ថ្នាំសម្លាប់ មិនមែនការប្រើកាំភ្លើង ឬអាវុធបាញ់សម្លាប់នោះទេ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត