នាយករដ្ឋមន្រ្ដីជប៉ុន ប្រកាសទៅកាន់សភា អំពី​ភាពក្លាហានដោះស្រាយបញ្ហាប្រឈមនានា
S
Sinuon Nop
•
15 ម៉ោងមុន

រាជធានីតូក្យូ៖ ស្របពេលប្រទេសជប៉ុន កំពុងមានភាពតានតឹងជាមួយប្រទេសចិន និងរុស្ស៊ី លោកស្រីនាយករដ្ឋមន្រ្ដី សាណេអេ តាកៃឈិ បានប្រកាសទៅកាន់សភា ថា រដ្ឋាភិបាលរបស់លោកស្រី ក្លាហានហ៊ានប្រឈមមុខនឹងបញ្ហានានា ដើម្បីធ្វើឱ្យប្រទេសជប៉ុន និងប្រជុំកោះនានារបស់ប្រទេសនេះ រឹងមាំ និងរុងរឿង...។

លោកស្រី សាណេអេ តាកៃឈិ (Sanae Takaichi) បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃចន្ទទី៥ ខែតុលាថា៖«នៅថ្ងៃនេះ សម័យប្រជុំលើកទី២២២ នៃសភាជប៉ុន (សម័យប្រជុំវិសាមញ្ញ) ​បានបើក ហើយខ្ញុំបានថ្លែងនូវសេចក្ដីថ្លែងការណ៍ អំពីគោលបំណងរបស់ខ្ញុំ នៅក្នុងកិច្ចប្រជុំពេញអង្គ ទាំងសភាតំណាងរាស្ត្រ និងសភាជាន់ខ្ពស់​។ អ្នកដែលមានឆន្ទៈនៅក្នុងការសម្រេចគោលដៅរបស់ខ្លួន នឹងទទួល​បានជោគជ័យ នៅចុងបញ្ចប់​»។ គណៈរដ្ឋមន្ត្រី តាកៃឈិ ​​នឹងប្រកាន់ខ្ជាប់នូវស្មារតី​យូរអង្វែង និងមានវិបុលភាព​ ហើយនឹងមិនព្រងើយកន្តើយចំពោះការផ្លាស់ប្ដូរសម័យកាលនោះឡើយ ជាមួយនឹង​​ការ​សម្រេចចិត្តដោយមិនស្ទាក់ស្ទើរ លើគោលនយោបាយចាំបាច់នានា និងហ៊ានប្រឈមមុខនឹងបញ្ហាប្រឈមនានា ដោយក្លាហាន។

លោកស្រីនាយករដ្ឋមន្រ្ដី បានបន្ដថា ​យើងនឹងមិនឈប់ត្រឹមតែការសម្រេចចិត្តប៉ុណ្ណោះទេ។ យើងនឹងប្រែក្លាយបញ្ហាប្រឈមនានា ទៅជាគោលនយោបាយ និងប្រែក្លាយគោលនយោបាយ ទៅជាសមិទ្ធផលជាក់ស្តែង ព្រមទាំងទទួលខុសត្រូវ លើការ«អនុវត្ត» គោលនយោបាយទាំងនោះ រហូតទាល់តែលទ្ធផលបានទៅដល់គ្រប់ជ្រុងជ្រោយរបស់ប្រទេស និង«ដើម្បីធ្វើឱ្យប្រជុំកោះរបស់ជប៉ុន មានភាពរឹងមាំ និងរីកចម្រើនរុងរឿង»។ យើងនឹងធ្វើឱ្យគ្រប់តំបន់របស់​​ប្រទេសជប៉ុន មានភាពសកម្ម និងកសាងប្រទេសមួយ ដែលប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅ ប្រកបដោយសុវត្ថិភាព និងមានសន្តិសុខ ព្រមទាំងអាចបោះជំហានទៅមុខប្រកបដោយក្ដីសង្ឃឹម។ ​ប៉ុន្ដែដើម្បីបន្តវេនប្រទេសជប៉ុន ដែលកាន់តែរឹងមាំ មានភាពសម្បូរសប្បាយ និងគួរឱ្យមានមោទនភាពទៅកាន់មនុស្សជំនាន់ក្រោយ យើងនឹងមិនឈប់បោះជំហានទៅមុខនោះឡើយ សម្រាប់បេសកកម្មនេះ។​ ការសម្រេចចិត្ត ការប្រឈមមុខនឹងបញ្ហា និងការអនុវត្ត​ យើងនឹងបន្តបង្កើតសមិទ្ធផលជាក់ស្តែង ដែលប្រជាពលរដ្ឋអាចមើលឃើញ និងទទួលអារម្មណ៍បានយ៉ាងពិតប្រាកដ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត