
រដ្ឋធានីសេអ៊ូល៖ ស្របពេលដែលឥណ្ឌា កំពុងពង្រីកទីផ្សារលក់អាវុធទៅកាន់ប្រទេសអាស៊ីកណ្ដាល ប្រជែងគ្នាជាមួយរុស្ស៊ី និងចិននោះ កូរ៉េខាងត្បូង ឯណេះវិញ ក៏កំពុងប្រជែងគ្នាជាមួយប្រទេសអំណាចពិភពលោក លើវិស័យអវកាសផងដែរ...។

សារព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី៦ ខែតុលា នេះថា រដ្ឋបាលអាកាសចរណ៍អវកាសកូរ៉េ (Korea AeroSpace Administration) និងវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) បានប្រកាសអំពី គ្រាប់រ៉ុក្កែត Nuri បានទៅដល់ទីតាំងបាញ់បង្ហោះទី២ នៃមជ្ឈមណ្ឌលអវកាស Naro ស្ថិតក្នុងស្រុកហ្គូហឹង Goheung កាលពីវេលាម៉ោង៧:៣០ព្រឹកថ្ងៃអង្គារ។ គ្រាប់រ៉ុក្កែតនេះ បានចេញដំណើរពីអគារដំឡើងនៅម៉ោង៦:០០ព្រឹកថ្ងៃដដែល ដោយដឹកជញ្ជូនតាមយានពិសេសគ្មានមនុស្សបើក ហើយវាបានទៅដល់ទីតាំងបាញ់បង្ហោះបន្ទាប់ពីចំណាយពេលប្រហែល១ម៉ោង និង៣០នាទី។ រ៉ុក្កែត Nuri នឹងត្រូវលើកបញ្ឈរឱ្យត្រង់ឡើងទៅលើទីតាំងបាញ់បង្ហោះ ដោយប្រើឧបករណ៍លើកមួយមានឈ្មោះ «Erector»។ បន្ទាប់មក ការតភ្ជាប់ខ្សែសម្រាប់ផ្គត់ផ្គង់ថាមពល ឥន្ធនៈ និងសារធាតុអុកស៊ីតកម្ម (oxidizer) នឹងត្រូវធ្វើឡើង និងការត្រួតពិនិត្យនៅមុនពេលបាញ់បង្ហោះ រួមទាំងការត្រួតពិនិត្យរកការលេចធ្លាយ ក៏នឹងត្រូវអនុវត្តផងដែរ។

ប្រសិនបើមិនមានបញ្ហាអ្វីកើតឡើងទេ នៅក្នុងអំឡុងពេលដឹកជញ្ជូន ការដំឡើង និងការតភ្ជាប់ប្រព័ន្ធផ្គត់ផ្គង់ (umbilical connection) នោះទេ ការដំឡើងរ៉ុក្កែត Nuri នៅលើទីតាំងបាញ់បង្ហោះត្រូវបានរំពឹងថា នឹងបញ្ចប់នៅត្រឹមថ្ងៃនេះ។ ពេលវេលាជាក់លាក់ នៃការបាញ់បង្ហោះនឹងត្រូវកំណត់នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រងការបាញ់បង្ហោះ នៅម៉ោង៨:០០ព្រឹកថ្ងៃពុធទី៧តុលា។ រយៈពេលដែលរំពឹងថា នឹងបាញ់បង្ហោះ គឺនៅចន្លោះម៉ោង១២:២៣-ម៉ោង១:២៣រសៀល។ ពេលវេលាបាញ់បង្ហោះចុងក្រោយ នឹងត្រូវសម្រេច បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ លើភាពរួចរាល់ផ្នែកបច្ចេកទេស លក្ខខណ្ឌអាកាសធាតុ បរិយាកាសនៅក្នុងលម្ហ និងហានិភ័យដែលអាចកើតមាន នៃការប៉ះទង្គិចជាមួយកាកសំណល់ក្នុងលម្ហ។

ដោយឡែក ប្រទេសឥណ្ឌាវិញ ចាប់ផ្ដើមលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Akash របស់ខ្លួន ទៅឱ្យប្រទេសតាជីគីស្ថាន (Tajikistan) និងតួកមេនីស្ថាន (Turkmenistan)។ កិច្ចព្រមព្រៀងនេះ បានផ្តល់ឱកាសឱ្យរដ្ឋាភិបាលរដ្ឋធានីញូវដេលី ចាប់យកតំបន់អាស៊ីកណ្ដាល ក្លាយជាមូលដ្ឋានលក់អាវុធដ៏សំខាន់មួយរបស់ខ្លួន ចំពេលប្រទេសមហាយក្សអាស៊ីខាងត្បូងមួយនេះ កំពុងព្យាយាម ដើម្បីក្លាយជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយ ទៅកាន់ទីផ្សារការពារជាតិរបស់ពិភពលោក។ បើតាមក្រសួងការពារជាតិឥណ្ឌា បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាស Akash អាចវាយប្រហារទៅលើគោលដៅនៅលើមេឃ ចាប់ពី១០០ម៉ែត្រ ដល់ទៅ២០គីឡូម៉ែត្រ ជាមួយនឹងរង្វង់ប្រតិបត្ដិការ ចាប់ពី២,៥គីឡូម៉ែត្រ ដល់២៥គីឡូម៉ែត្រ។ គ្រាប់មីស៊ីលនីមួយៗ មានប្រវែង៥,៨៧ម៉ែត្រ និងមានទម្ងន់ប្រហែល៧១០គីឡូក្រាម ប្រើប្រាស់ប្រព័ន្ធបញ្ជាការកំណត់ទៅលើគោលដៅវាយប្រហារ។

កម្មវិធី Akash ក៏ត្រូវបានធ្វើបច្ចុប្បន្នភាពកែលម្អជាមួយនឹងប្រភេទថ្មីៗ ដូចជា Akash Prime និង Akash-NG ដែលមានបំពាក់នូវឧបករណ៍ចាប់សញ្ញា (ឬsensors) ដែលត្រូវបានកែលម្អ និងមានការកែលម្អផ្នែកផ្សេងៗទៀត។ ការនាំចេញអាវុធរបស់ឥណ្ឌា ទៅកាន់ប្រទេសអាស៊ីកណ្ដាល ចំពេលប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការលក់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ទៅកាន់តំបន់មួយចំនួនទៀត ដែលពីមុនធ្លាប់មានតែរុស្ស៊ី ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំ ប៉ុន្តែបច្ចុប្បន្នប្រទេសចិន ក៏កំពុងពង្រីកឥទ្ធិពលរបស់ខ្លួន នៅទីនោះដូចគ្នាដែរ៕



