តៃវ៉ាន់ មានផែនការបញ្ជូនកងទ័ពអាកាសទៅអាម៉េរិក ត្រួតពិនិត្យការទិញគ្រាប់រំសេវ និងយន្ដហោះចម្បាំងបន្ថែម
S
Sinuon Nop
•
15 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ មេដឹកនាំកោះតៃវ៉ាន់ មានផែនការបញ្ជូនកងទ័ពអាកាសរបស់ខ្លួន ទៅកាន់សហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៧ ដើម្បីចូលរួមកិច្ចប្រជុំ ស្តីពីការទិញឧបករណ៍គាំទ្រប្រតិបត្តិការ គ្រឿងសព្វាវុធ និងគ្រាប់រំសេវ សម្រាប់កងយន្តហោះចម្បាំងរបស់ខ្លួន ប្រភេទ F-16V Block 70...។

សារព័ត៌មាន Taiwan News បានចេញផ្សាយនៅរសៀលថ្ងៃអង្គារទី៦ ខែតុលានេះថា បើតាមឯកសារថវិការបស់ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឱ្យដឹងថា មន្ត្រីកងទ័ពអាកាសចំនួនពីររូប នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក នៅក្នុងរយៈពេល៦ថ្ងៃ ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃគម្រោងទិញយន្ដហោះចម្បាំងទាំងនោះ ហើយបានបញ្ជាក់ថា ដំណាក់កាលសំខាន់ៗនៃគម្រោង ត្រូវបញ្ចប់តាមកាលកំណត់ និងស្របតាមស្ដង់ដារដែលបានកំណត់។ កងទ័ពអាកាសកោះតៃវ៉ាន់ ក៏នឹងសម្របសម្រួល និងគ្រប់គ្រងកិច្ចការផ្សេងៗដែលពាក់ព័ន្ធ។ ដំណើរទស្សនកិច្ចនេះ ក៏មានការគ្រោងទុកថវិកា៣១៣ ០០០ដុល្លារតៃវ៉ាន់ ឬស្មើប្រមាណ៩៨៦០ដុល្លារអាម៉េរិក លើការចំណាយទូទៅរបស់ទាហានទាំងពីររូបនោះផងដែរ។

កម្មវិធី F-16V Block 70 មិនគ្រាន់តែពាក់ព័ន្ធនឹងការប្រគល់យន្តហោះចម្បាំងប៉ុណ្ណោះទេ តែការបង្កើតសមត្ថភាពប្រតិបត្តិការ ក៏តម្រូវឱ្យមានការដាក់បញ្ចូលប្រព័ន្ធអេឡិកត្រូនិក តាមដានវិស័យអាកាសចរណ៍ (avionics) ប្រព័ន្ធប្រឆាំងនឹងសង្គ្រាមបច្ចេកវិទ្យាអេឡិកត្រូនិក ការគាំទ្រផ្នែកភស្តុភារ និងគ្រឿងសព្វាវុធផ្សេងៗទៀត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Liberty Times។ យន្តហោះចម្បាំងម៉ូដែលថ្មីទាំងនេះ បានបំពាក់ដោយប្រព័ន្ធប្រឆាំងនឹងសង្គ្រាមអេឡិកត្រូនិកឌីជីថលពេញលេញ L3Harris Viper Shield ដែលអាចរកឃើញ កំណត់អត្តសញ្ញាណ និងទប់ទល់នឹងការគំរាមកំហែងតាមប្រព័ន្ធអេឡិកត្រូនិក។ ប្រព័ន្ធបច្ចេកវិទ្យាអេឡិកត្រូនិកទាំងនេះ បានភ្ជាប់ជាមួយនឹងប្រព័ន្ធរ៉ាដា ប្រភេទកាំរស្មីស្កែនអេឡិកត្រូនិកសកម្ម AN/APG-83។

យន្តហោះចម្បាំងរបស់កោះតៃវ៉ាន់ F-16V អាចបំពាក់មីស៊ីលបាញ់ពីលើអាកាសទៅអាកាស AIM-120, មីស៊ីលរយៈចម្ងាយខ្លី ស៊េរី AIM-9, មីស៊ីលប្រឆាំងប្រព័ន្ធរ៉ាដា AGM-88, មីស៊ីលប្រឆាំងនឹងនាវា AGM-84 Harpoon និងគ្រាប់បែកវាយប្រហារជាក់លាក់ ប្រភេទ JDAM។ រីឯយន្តហោះចម្បាំង F-16V Block 70 ចំនួនពីរគ្រឿងលើកដំបូង បានចុះចត នៅមូលដ្ឋានទ័ពអាកាស Chihhang ស្ថិតក្នុងតំបន់ Taitung កាលពីថ្ងៃសុក្រ សប្ដាហ៍មុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត