
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានបណ្តេញមន្ត្រីទូតអ៊ីរ៉ង់២រូប ចេញពីប្រទេសរបស់ខ្លួន ដោយចោទប្រកាន់ថា ពួកគេបានបំពានបទបញ្ជារបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក។ មន្ត្រីទាំងពីររូបនេះ គឺជាសមាជិកនៃគណៈប្រតិភូអ៊ីរ៉ង់ ដែលបានធ្វើដំណើរមកកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានចេញបញ្ជាឱ្យគណៈប្រតិភូអ៊ីរ៉ង់ទាំងអស់ ចាកចេញពីសហរដ្ឋអាម៉េរិកភ្លាមៗ បន្ទាប់ពីកិច្ចចរចាការទូតរវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីតេហេរ៉ង់ ឈានដល់ដំណាក់កាលជាប់គាំង។ ទោះជាយ៉ាងណា មន្ត្រីទូតទាំង២រូបនោះ នៅតែបន្តស្នាក់នៅក្នុងទីក្រុងញូវយ៉ក ហួសកាលកំណត់។ នៅថ្ងៃសុក្រចុងសប្តាហ៍មុន អាជ្ញាធរសហរដ្ឋអាម៉េរិក បានរកឃើញថា ពួកគេមិនទាន់ចាកចេញ និងបានជូនដំណឹងទៅកាន់ស្ថានបេសកកម្មអ៊ីរ៉ង់ប្រចាំ UN ជាថ្មីម្ដងទៀត ឱ្យដកបុគ្គលិកទាំងពីរចេញជាបន្ទាន់។

យោងតាមមន្ត្រីសហរដ្ឋអាម៉េរិក មន្ត្រីទូតអ៊ីរ៉ង់ម្នាក់ បានចាកចេញពីសហរដ្ឋអាម៉េរិកនៅយប់ថ្ងៃសុក្រ ហើយម្នាក់ទៀតបានចាកចេញនៅព្រឹកថ្ងៃសៅរ៍(ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦)។ ស្ថានបេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបដិសេធចំពោះការប្រើពាក្យ«បណ្តេញចេញ»នេះ ដោយអះអាងថា ការចាកចេញរបស់មន្ត្រីពួកគេ គឺជាកម្មវិធីដែលបានគ្រោងទុក និងជូនដំណឹងទៅភាគីភាគីសហរដ្ឋអាម៉េរិកទុកជាមុនតាំងពីពាក់កណ្តាលខែកញ្ញាម្ល៉េះ។

ការបណ្ដេញចេញនេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីតេហេរ៉ង់ កាន់តែឡើងកម្តៅខ្លាំង និងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បដិសេធផែនការចរចារបស់អ៊ីរ៉ង់ តែលោកបានសម្ដែងក្ដីសង្ឃឹមថា ការចរចានឹងអាចបន្តនៅពេលខាងមុខ។ ទោះជាយ៉ាងណា ភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានអះអាងថា ខាងភាគីរដ្ឋធានីតេហេរ៉ង់ ពុំទាន់មានផែនការរៀបចំការចរចាដោយផ្ទាល់ណាមួយបន្ថែមទៀត ជាមួយរដ្ឋធានីវ៉ាស៊ីនតោននៅឡើយទេ៕



