បញ្ចប់បេសកកម្មភិមានអាកាសគុនខ្មែរ ពេជ្រ សម្បត្តិ អាចនឹងធ្វើដំណើរទៅសង្វៀន K-1 ជប៉ុន ឬ BYON COMBAT ឥណ្ឌូណេស៊ី..?

រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ «ភិមានអាកាស KUN KHMER FIGHT CLUBBING» របស់ស្ថានីទូរទស្សន៍ថោន ដែលបានសហការជាមួយម្ចាស់សង្វៀនល្បីឈ្មោះ FIGHT CLUBBING ដោយមានកីឡាករជើងខ្លាំងគុនខ្មែរ៧រូប ប្រកួតមិត្តភាព និងដណ្តើមខ្សែក្រវាត់ នៅថ្ងៃអាទិត្យទី១៨តុលាខាងមុខ អាចជាការប្រកួតកាត់សេចក្តីចុងក្រោយរបស់ក្របីព្រៃ ពេជ្រ សម្បត្តិ ដើម្បីសម្រេចថា រូបគេត្រូវហោះទៅប្រកួតក្នុងកម្មវិធី K-1 ជប៉ុន ឬក៏កម្មវិធីដណ្តើមខ្សែក្រវាត់វិលជុំ៨នាក់របស់ BYON COMBAT (8 Man World Grand Prix) នៅប្រទេសឥណ្ឌូណេស៊ី...។

មកទល់នឹងពេលនេះ កីឡាករ ពេជ្រ សម្បត្តិ នៅមិនទាន់មានការទម្លាយជាផ្លូវការណាមួយនៅឡើយទេ ថា រូបគេនឹងត្រូវទៅចូលរួមប្រកួតកម្មវិធីមួយណាឱ្យប្រាកដ រវាងកម្មវិធីប្រដាល់នៅសង្វៀន K-1 ជប៉ុន និង កម្មវិធី BYON COMBAT ខណៈកម្មវិធីទាំងពីរ សុទ្ធតែកម្រិតអន្តរជាតិដូចគ្នា។ សង្វៀន K-1 ជប៉ុន គឺជាការផ្តួចផ្តើមរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ក្នុងការចង់នាំយកកីឡាករកម្ពុជាពីររូបឡើងទៅប្រកួតអមកម្មវិធីដណ្តើមខ្សែក្រវាត់ពិភពលោក។ ឯកម្មវិធី BYON COMBAT របស់ស្ថាប័នប្រដាល់ឥណ្ឌូណេស៊ី បែរជាចេញផុស្ទ័របង្ហាញមុខ កីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ រួមជាមួយបេក្ខជន៧នាក់ផ្សេងទៀតរួចទៅហើយទាំងដែលសាមីខ្លួននៅមមិនទាន់ច្បាស់។ មិនទាន់ច្បាស់ ក៏ព្រោះតែគ្រូបង្វឹកផ្ទាល់ មិនទាន់ទម្លាយរឿងនេះឱ្យដាច់ស្រេចនៅឡើយ។ មានប្រភពកៀកជិតនឹងលោកគ្រូ ពេជ្រ សុផាន់ បានឱ្យដឹងដោយសុំមិនបញ្ជាក់អត្តសញ្ញាណថា បើតាមលោកទទួលបានព័ត៌មានពីលោកគ្រូផាន់ ដែលជាមិត្តភក្តិ ភាគរយខ្ពស់បំផុត អាចទៅប្រទេសឥណ្ឌូណេស៊ី ព្រោះជាកម្មវិធីលេងខ្សែក្រវាត់ផង និងមានប្រាក់រង្វាន់ធំផង។

លោកបន្តថា ចំណែកឯកម្មវិធី K-1 ជប៉ុន គឺកីឡាករ ពេជ្រ សម្បត្តិ គ្រាន់តែទៅចូលរួមប្រកួតអមគូ កីឡាករ លន បញ្ញា ឡើងដណ្តើមខ្សែក្រវាត់ K-1 World Max 2026 Championship ប៉ុណ្ណោះ ដូច្នេះ ភាគរយតិចណាស់ដែលសម្បត្តិ អាចនឹងទៅប្រទេសជប៉ុន។ ប៉ុន្តែយ៉ាងណា លោកថា ក្រោយចប់ការប្រកួតពីព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ «ភិមានអាកាស KUN KHMER FIGHT CLUBBING» របស់ស្ថានីទូរទស្សន៍រ៍ថោន ដំណឹងច្បាស់លាស់អាចនឹងត្រូវបានទម្លាយចេញហើយ។ សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ «ភិមានអាកាស KUN KHMER FIGHT CLUBBING» របស់ស្ថានីទូរទស្សន៍រ៍ថោន នៅខេត្តសៀមរាប មានកីឡាករកម្ពុជាកំពូលៗចូលរួម មានដូចជា៖ សិស្សច្បងធំដែលជាកូនសិស្សអធិរាជប្រដាល់គុនខ្មែរ អេ ភូថង គឺ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា, នាគរាជខ្មៅចតុមុខ ឈឿង ល្វៃ, ក្របីព្រៃ ពេជ្រ សម្បត្តិ, អេ វីរខាំឈីត ភូថង, អេ អាំម៉ារីន ភូថង, សោម វិឆ្ឆ័យ, និងផានិត គុនខ្មែរ។ អ្នកទាំង៧ នឹងត្រូវស្វាគមន៍កីឡាករបរទេសមកពី៧ប្រទេសផ្សេងគ្នា លើដែនដីរាជធានីយសោធរបុរៈ ឬក្រុងអង្គរ។

ចំណែកឯការប្រកួតចាប់ផ្តើមនៅវេលាម៉ោង១៩:00នាទីយប់ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២៦ នៅមុខប្រាសាទភិមានអាកាស​ នៅទីលានជល់ដំរី​។ ដូច្នេះ យើងរង់ចាំមើលទាំងអស់គ្នាថា តើក្របីព្រៃ អាចបំបាក់ដៃគូបានដែរឬទេ ដើម្បីស្ពាយបង្វេចជ័យជម្នះនេះ នាំហេងដល់ការប្រកួតដណ្តើមខ្សែក្រវាត់ 8 Man World Grand Prix នៅឥណ្ឌូណេស៊ី?

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត