រុស្ស៊ី បញ្ជាឱ្យជនបរទេស និងអ្នកការទូត ប្រញាប់ចាកចេញពីអ៊ុយក្រែន មុនបើកការវាយប្រហារទ្រង់ទ្រាយធំ
N
Nary Vann
•
10 ម៉ោងមុន

រដ្ឋធានីម៉ូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី បានប្រកាសអាសន្ន ដោយដាស់តឿនឱ្យជនបរទេស និងមន្ត្រីការទូតបរទេសទាំងអស់ប្រញាប់ចាកចេញពីរដ្ឋធានីកៀវ ឱ្យបានឆាប់បំផុត ខណៈកងទ័ពរុស្ស៊ីគ្រោងនឹងបន្តបង្កើនការវាយប្រហារតាមអាកាស យ៉ាងធ្ងន់ធ្ងរលើរដ្ឋធានី និងទីក្រុងធំៗររបស់អ៊ុយក្រែន ដើម្បីជាការសងសឹក។ នេះបើយោងតាមការចេញផ្សាយររបស់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦...។  

ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងបន្តវាយប្រហារលើគោលដៅយោធា និងរចនាសម្ព័ន្ធសំខាន់ៗនៅក្នុងរដ្ឋធានីកៀវ ដើម្បីឆ្លើយតបនឹងអ្វីដែលខ្លួនហៅថា អំពើភេរវកម្មររបស់អ៊ុយក្រែនមកលើទឹកដីរុស្ស៊ី។ អាជ្ញាធររុស្ស៊ី បានព្រមានបន្ថែមថា ជនបរទេសទាំងហ្លាយណាដែលបន្តស្នាក់នៅ ឬធ្វើដំណើរចូលអ៊ុយក្រែន ត្រូវទទួលខុសត្រូវលើសុវត្ថិភាពខ្លួនឯងទាំងស្រុង។ ក្រសួងការបរទេសបានប្រកាសយ៉ាងដូច្នេះថា៖«រុស្ស៊ីសូមព្រមានជាថ្មីដល់ជនបរទេស រួមទាំងបុគ្គលិកបេសកកម្មការទូត កុំឱ្យបន្តស្នាក់នៅ ឬធ្វើដំណើរចូលទៅក្នុងទឹកដីអ៊ុយក្រែនឡើយ។ ផលវិបាកទាំងហ្លាយណាដែលកើតឡើង គឺជាការទទួលខុសត្រូវទាំងស្រុងររបស់អ្នក ដែលមើលរំលងការព្រមាននេះ»។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពរុស្ស៊ីបានបាញ់ប្រហារលើស្ពានឆ្លងកាត់ទន្លេឌីនីប្រូ (Dnipro) ក្នុងរដ្ឋធានីកៀវ ធ្វើឱ្យជីវភាពរស់នៅររបស់ប្រជាជនជាង៣លាននាក់ ធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ មុនពេលរដូវរងាមកដល់។

ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានប្រកាសថា អ៊ុយក្រែននឹងបង្កើនការវាយប្រហារឌុបលើរោងចក្រចម្រាញ់ប្រេងររបស់រុស្ស៊ី ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រថ្មីររបស់រដ្ឋធានីមូស្គូ។ លោក ហ្សេឡេនស្គី បានទម្លាយថា ចារកិច្ចអ៊ុយក្រែនប្រមូលបានឯកសារសម្ងាត់ ដែលបង្ហាញថា លោក វ្ល៉ាឌីមៀ ពូទីន បានចេញបទបញ្ជាឱ្យវាយប្រហារលើសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងរចនាសម្ព័ន្ធស៊ីវិលគ្រប់ទិសទី ដើម្បីបង្ខំឱ្យប្រជាជនរត់ចោលរដ្ឋធានីកៀវ និងទីក្រុងផ្សេងៗទៀត ខណៈកងទ័ពរុស្ស៊ីកំពុងបាត់បង់ប្រៀបនៅសមរភូមិមុខ។

លោក វ្ល៉ាឌីមៀ ពូទីន 
លោក វ្ល៉ាឌីមៀ ពូទីន 

គួរបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើងយ៉ាងពេញទំហឹងកាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំ ចូលទៅក្នុងដែនដីអ៊ុយក្រែន ក្រោមហេតុផល «ប្រតិបត្តិការយោធាពិសេស»។ ជម្លោះនេះ មានដើមចមចេញពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាច្រើនឆ្នាំមកហើយ បន្ទាប់ពីរុស្ស៊ីកាត់យកតំបន់គ្រីមៀ (Crimea) កាលពីឆ្នាំ២០១៤ និងការប្រឆាំងយ៉ាងដាច់អហង្ការបស់រដ្ឋធានីម៉ូស្គូ ចំពោះបំណងរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO)។ សង្គ្រាមបានអូសបន្លាយពេលជាង៤ឆ្នាំមកនេះ បានបណ្ដាលឱ្យមនុស្សរាប់សែននាក់ស្លាប់ និងរបួស ប្រជាជនរាប់លាននាក់ភៀសខ្លួន និងបំផ្លាញសេដ្ឋកិច្ច ព្រមទាំងសន្តិសុខសកលយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត