
រាជធានីបាងកក៖ ព្រំដែនថៃជាប់ភូមា កាន់តែវឹកវរ ដោយសសង្គ្រាមរវាងយោធាភូមា និងក្រុមបំបែករដ្ឋ បានផ្ទុះអាវុធដូចលាជនៅតាមបណ្តោយព្រំដែនជាមួយថៃ ខណៈគ្រាប់ផ្លោងទំហំ៦០មិល្លីម៉ែត្ររបស់ភូមា បានហោះរំលងព្រំដែនធ្លាក់ផ្ទុះចំកណ្តាលភូមិរបស់ពលរដ្ឋថៃ ក្នុងស្រុកម៉ែសូត្រ (Mae Sot) ខេត្តតាក (Tak) បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋថៃចំនួន៤ខ្នង និងទ្រព្យសម្បត្តិសាធារណៈ...។

ថ្វីបើគ្រាប់ផ្លោងយោធាភូមាហោះជ្រែកមេឃ ធ្លាក់បំផ្លាញផ្ទះសម្បែងប្រជាជនថៃក្បែរព្រំដែនក៏ដោយ ប៉ុន្តែភាគីថៃហាក់មានប្រតិកម្មឆ្លើយតបបែបទន់ភ្លន់ និងខ្សោយ។ ជាក់ស្តែង បន្ទាប់ពីគ្រាប់ពិតរបស់យោធាភូមាធ្លាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ មេបញ្ជាការយោធភូមិភាគ៣របស់ថៃ លោក វរៈថេប ប៊ុនយ៉ាហ៍ (Worathep Boonyah) បានចេញមុខប្រកាសក្តែងៗថា ថៃបានអនុវត្តតាមវិធាននៃការប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ ដោយបានបញ្ជាឱ្យបាញ់គ្រាប់ផ្សែង ១២០មិលី្លម៉ែត្រ ឆ្លងដែនទៅវិញ ដើម្បីជាការព្រមានតបតវិញ។

បើទោះបីជាយោធាថៃខំបាញ់គ្រាប់ផ្សែងដើម្បីបង្ហាញការព្រមានក៏ដោយ ក៏ភាគីភូមាហាក់មិនខ្វល់ជាមួយសោះឡើយ ដោយយោធាភូមានៅតែបន្តបាញ់ប្រហារ និងប្រើប្រាស់អាវុធធុនធ្ងន់ៗផ្ទុះលាន់ឮរំពងតាមបណ្តោយព្រំដែនដដែល ព្រោះភាគីថៃ តែងតែបាញ់គ្រាប់ផ្សែងឥតល្ហែ ដើម្បីឆ្លើយតបនឹងយោធាភូមា ក្រោមស្រមោលរម្ងាប់ចិត្តពលរដ្ឋងថៃតាមព្រំេដែនតែប៉ុណ្ណោះ ព្រោះមិនហ៊ានព្រហើនអ៊ុងអាត់ដូចដែលធ្លាប់ធ្វើដាក់កម្ពុជា នោះឡើយ៕




