យោធាភូមាទម្លាក់គ្រាប់ស្រោចដូចទឹកភ្លៀងចូលដីថៃ អនុទីន មិនហ៊ានខឹង បានត្រឹមឆុងតែស្វាគមន៍ មីន អ៊ុងឡាំង
ហៀប ស៊ីថេត
11 ម៉ោងមុន

រាជធានីបាងកក៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ រូបភាព ខាងក្រៅឆាក នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល បានសម្ដែងធ្វើជាតួអង្គលើឆាកការទូត ដោយរៀបចំពិធីបដិសណ្ឋារកិច្ចយ៉ាងអធិកអធមលើកម្រាលព្រំក្រហម និងកងការពារកិត្តិយស ដើម្បីទទួលស្វាគមន៍មេដឹកនាំភូមា លោក មីន អ៊ុងឡាំង នៅវិមានរាជរដ្ឋាភិបាលក្នុងរាជធានីបាងកក។ កិច្ចប្រជុំនេះ ពោរពេញដោយការរៀបចំទុកជាមុន ដោយភាគីថៃមិនហ៊ានក្អកដាក់ភូមាឡើយ ពោលគឺបានត្រឹមនិយាយថា ជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខព្រំដែន ថ្វីបើយោធាភូមាបានគំរាមកំហែងឥតល្អែរតាមបណ្តោយព្រំដែនថៃក៏ដោយ។

ភាគីថៃ បានបើកទ្វារបន្ទប់ប្រមោយដំរី នៃអគារថៃគូហ្វាហ៍ (ไทยคู่ฟ้า) ស្វាគមន៍ជំនួបប្រជុំទ្វេភាគី ចំពេលស្ថានការណ៍ព្រំដែននៃប្រទេសទាំង២ កំពុងរអិលធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងកិច្ចប្រជុំ ភាគីទាំង២ បានជជែកពិភាក្សាអំពីស្ថិរភាពព្រំដែនជារបៀបវារៈក្ដៅ ប៉ុន្តែនេះគ្រាន់តែជាឆាកល្ខោននយោបាយបិទបាំងការពិតប៉ុណ្ណោះ។ ថៃដែលតែងតែមានមហិច្ឆតាក្រអើតក្រទម បង្កជម្លោះ និងបង្ហាញសាច់ដុំយោធានៅតាមបណ្តោយព្រំដែនជាប់ប្រទេសជិតខាង ឥឡូវនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពកម្សោយ និងអសមត្ថភាពក្នុងការការពារបូរណភាពទឹកដី និងសុវត្ថិភាពប្រជាជនខ្លួន នៅភាគខាងលិច។ ទន្ទឹមនឹងប្រទេសឈ្លានពានកម្ពុជាមួយនេះ ខ្លាំងបានតែជាមួយប្រទេសកម្ពុជា និងឡាវប៉ុណ្ណោះ។

គ្រាប់កាំភ្លើង និងការទម្លាក់គ្រាប់បែកពីលើអាកាសរបស់យោធាភូមា ដើម្បីកម្ទេចក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បានជះអំបែង ផ្លាតគ្រាប់ចូលដីថៃជាបន្តបន្ទាប់។ ជំនួសឱ្យការឆ្លើយតប រាជរដ្ឋាភិបាលថៃ បានត្រឹមបើកទ្វារវិមានរាជរដ្ឋាភិបាល ទទួលស្វាគមន៍ភាគីភូមាដោយស្នាមញញឹម តែទំនងជាបង្កប់ដោយចិត្តគំនិតគុំគួន។ គុំគួនក៏ព្រោះតែភាគីថៃ ហាក់កំពុងបង្ហាញនយោបាយការទូតមុខ២ និងគ្មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយវិបត្តិសន្តិសុខក្នុងតំបន់ឡើយ។ សូមជម្រា​បថា ថ្មីៗនេះ យោធាភូមាបានប្រើប្រាស់យន្តហោះចម្បាំង YAX-130, យន្តហោះ Y-12 និងដ្រូនទម្លាក់គ្រាប់បែកដូចទឹកភ្លៀង នៅតំបន់ភូមិមីនឡាប៉ាន់ (Minlapan) ស្រុកម្យ៉ាវ៉ាឌី និងក្នុងរដ្ឋការ៉ែន ជាប់ព្រំដែនថៃ។

លើសពីនេះ គ្រាប់កាំភ្លើងបានបាញ់ទម្លុះចូលដល់ក្នុងផ្ទះពលរដ្ឋថៃ ខណៈអំបែងគ្រាប់បែកជះចូលផ្ទះអ្នកភូមិនៅក្នុងខេត្តតាក ធ្វើឱ្យប្រជាជនថៃរស់នៅទាំងការភ័យខ្លាច និងគ្មានសុវត្ថិភាព។ នេះសបញ្ជាក់ឱ្យឃើញថា ប្រទេសដែលចូលចិត្តឈ្លានពានគេ តែងតែបរាជ័យក្នុងការការពារអធិបតេយ្យភាពខ្លួនឯង ជាពិសេស សុវត្ថិភាពប្រជាជន។ តើនេះជាបាកម្ម ឬបណ្តាសារទេវតា?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត