
ក្រុងព្រះសីហនុ៖ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ជនជាតិចិនចំនួន៩នាក់ ជាផ្លូវការលើ ៣បទល្មើសធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងករណីលួចដឹកជញ្ជូន និងរក្សាទុកសារធាតុញៀនខុសច្បាប់ជិត១តោន ព្រមទាំងអាវុធរាប់សិបដើម កាលពីពេលថ្មីៗ...។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការលើសំណុំរឿងព្រហ្មទណ្ឌចំនួន២ ដែលកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្ទ បើកការស៊ើបអង្កេត ឈានដល់បង្ក្រាបបានក្រុមជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន៩នាក់ រួមមាន៖ ១.ឈ្មោះ វ៉ាង យីហ្វាន WANG YI FAN, ២.ឈ្មោះ ហ្ស៊ូ តៅ XU TAO, ៣.ឈ្មោះ ហាន យ៉ាង HAN YANG, ៤.ឈ្មោះ ហ្សៀ គៀនហ្វា XIA QIAN FA, ៥.ឈ្មោះ ហុង ប៉េងហ្វី HONG PENG FEI, ៦.ឈ្មោះ លីវ ជៀ LIU JIA, ៧.ឈ្មោះ ហ្សាំង ហួ XIANG HUA, ៨.ឈ្មោះ សេង ជួង SHENG ZHUANG និង៩.ឈ្មោះ ជូ វិនប៊ីន CHU WEN BIN។

ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងកំលុងពេលប្រតិបត្តិការបង្ក្រាប នូវសារធាតុញៀនទម្ងន់ប្រមាណ៩០០គីឡូក្រាម (ប្រភេទកេតាមីន), អាវុធវែង-ខ្លី ចំនួន៤៩ដើម និងមធ្យោបាយដឹកជញ្ជូន រួមទាំងសម្ភារមានតម្លៃមួយចំនួនទៀតផងដែរ។ ក្រោយពីតំណាងអយ្យការ បានពិនិត្យសំណុំរឿងខាងលើ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យចំនួន៩នាក់ ពីបទ ដឹកជញ្ជូន និងជួ ញដូរដោយខុសច្បាប់នូវសារធាតុញៀន, ធ្វើចរាចរណ៍អាវុធ គ្រឿងផ្ទុះ និងសន្និធិអាវុធ គ្រឿងផ្ទុះ តាមបញ្ញត្តិមាត្រា ៤៨ កថាខណ្ឌទី២, កថាខណ្ឌទី៣, កថាខណ្ឌទី៦ ចំណុច ១នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា ៤៨៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

រីឯបក្ខពួកមួយចំនួនទៀត ដែលកំពុងរត់គេចខ្លួន ត្រូវចោទពីបទផ្តើមគំនិត និង សមគនិត (ក្នុងបទល្មើសខាងលើ) តាមបញ្ញត្តិមាត្រា ២៨ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ ដើម្បីបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕




