
ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះឆ្មក់បំបែកសំបុកមជ្ឈមណ្ឌលភ្នាល់តាមប្រព័ន្ធអនឡាញ (Game Betting) ខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនមនុស្សជិត៦០០នាក់ និងបានលាតត្រដាងមុខសញ្ញាអ្នកគ្រប់គ្រងប្រតិបត្តិការធំ ដែលជា(ថៅកែ)ជនជាតិថៃ...។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបខាងលើ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បើកការស្រាវជ្រាវ និងតាមដានមុខសញ្ញាអស់មួយរយៈពេល រហូតឈានដល់ការចុះបំបែកទីតាំងផ្ទាល់តែម្ដង។ នៅក្នុងរង្វង់ប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងបុគ្គលិកបម្រើការងារសរុបចំនួន៥៩១នាក់ ក្នុងនោះស្រី១០៦នាក់ រួមមានជនជាតិឥណ្ឌូណេស៊ី៥១៨នាក់ ថៃ២២នាក់ និងខ្មែរ៥១នាក់ផងដែរ។

ជាមួយគ្នា តាមរយៈការស៊ើបអង្កេតរបស់អាជ្ញាធររកឃើញថា មេខ្លោងធំនៃបទល្មើសឆបោកមួយកន្លែងនេះ គឺជាជនជាតិថៃ។ បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីខាងលើ រួមទាំងវត្ថុតាង មានដូចជា៖ ឧបករណ៍បច្ចេកវិទ្យាបម្រើឱ្យសកម្មភាពល្បែងស៊ីសង និងការឆបោកតាមប្រព័ន្ធអនឡាញមួយចំនួនធំ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ព្រមទាំងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត៕










