
រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា លោក ហេង សុខឃន បានឱ្យដឹងថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ឆ្នាំ២០២៦ (Asian Kickboxing Championships 2026) ជាលើកទី២ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ...។

នៅក្នុងសេចក្តីប្រកាសជូនដំណឹងរបស់សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ជាក់ថា ប្រទេសចំនួន២៥ មកពីទូទាំងទ្វីបអាស៊ី នឹងមកចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយទាំង៣កម្រិត (មាស-ប្រាក់-សំរឹទ្ធ) នៅប្រទេសកម្ពុជា ខណៈព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីងនេះ ត្រូវបែងចែកជា២ផ្នែកផ្សេងគ្នា ដោយផ្នែកទី១.ជាការប្រកួតវាយលើតាតាមី (Tatami Disclipline) និងផ្នែកទី២.ជាការប្រកួតនៅលើសង្វៀន (Ring Disclipline)។ សូមជម្រាបថា ការប្រកួតវាយលើកម្រាលតាតាមីនេះ សំដៅលើការប្រកួតដែលគ្មានសង្វៀន និងគ្មានខ្សែនៅព័ទ្ធជុំវិញឡើយ។ ការប្រកួតលើកម្រាលនេះ មានច្រើនប្រភេទ ទាំងបុរស និងនារី ដែលស្មើនឹងចំនួនប្រហែល៧៦វិញ្ញាសា មានទាំងប្រភេទប្រយុទ្ធ និងសម្ដែង។

ចំណែកការប្រកួតនៅលើសង្វៀន មានខ្សែព័ទ្ធជុំវិញ ក៏មានច្រើនវិញ្ញាសាដែរ ទាំងបុរស និងនារី ដែលមានប្រហែលជាង៥០វិញ្ញាសា សម្រាប់ដាក់ឱ្យអត្តពលិកចម្រុះជាតិសាសន៍ប្រកួតប្រជែង។ ប៉ុន្តែគ្រប់វិញ្ញាសាទាំងអស់ មិនទាន់ប្រាកដថា សុទ្ធតែត្រូវបានដាក់ឱ្យក្រុមអត្តពលិកធ្វើការប្រកួតទាំងអស់នោះទេ ដ្បិតក្នុងមួយវិញ្ញាសា ចាំបាច់ត្រូវមានកីឡាករ-កីឡាការិនី ចុះឈ្មោះចាប់ពី៤នាក់ឡើងទៅ ទើបអាចប្រកួតក្នុងវិញ្ញាសានោះបាន។ ប្រសិនបើវិញ្ញាសាណាមួយ មិនមានអត្តពលិកចុះឈ្មោះគ្រប់ចំនួនទេ គឺមិនអាចប្រកួតបានឡើយ។ បើតាម លោក ហេង សុខឃន សម្រាប់កីឡាករ-កីឡាការិនីឃីកបុកស៊ីងជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រជែងយកមេដាយទាំង៣ប្រភេទនេះ ខណៈអ្នកដែលដណ្តើមបានមេដាយណាមួយក្នុងចំណោមមេដាយ (មាស ប្រាក់ និងសំរឹទ្ធ) នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

គួរជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី (Asian Kickboxing Championships) លើកទី១ ឆ្នាំ២០២៤ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន៤១គ្រឿង ក្នុងនោះ មេដាយមាសបានចំនួន៩គ្រឿង, មេដាយប្រាក់ បានចំនួន៤គ្រឿង និងមេដាយសំរឹទ្ធិ បានចំនួន២៨គ្រឿង។ ព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជ្រើសរើសជើងឯកអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១៣ ខែតុលា ឆ្នាំ២០២៤ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានកីឡាករ-កីឡាការិនីកម្ពុជា ចុះឈ្មោះចូលរួមប្រកួតសរុបចំនួន៦១នាក់ ប៉ុន្តែកីឡាករកម្ពុជា៤រូប បានបោះបង់សិទ្ធិចូលរួម រួមមាន៖ កីឡាករ បឺត សង្ឃឹម, កីឡាករ ឈឿង ល្វៃ, កីឡាករ រិន ដេវីត, និងកីឡាករ សែន ចន្ទឫទ្ធីគុណ ហៅធីអាហ្គោ៕








