កងទ័ពថៃ ដកទូកុងតឺន័រចេញក្រោយជីកលេណដ្ឋានរួច ដោយជឿថា អាចទប់ទល់នឹងរថក្រោះកម្ពុជា
Mao Sopha
•
11 ម៉ោងមុន

បញ្ហាព្រំដែន៖ មានវីដេអូឃ្លីបមួយកំពុងផ្ទុះលើបណ្តាញសង្គម គឺសកម្មភាពកងទ័ពថៃ រើទូកុងតឺន័រចេញទីតាំងមួយកន្លែងក្នុងតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ វីដេអូនេះ ធ្វើឱ្យមានការងឿងឆ្ងល់យ៉ាងខ្លាំង ហេតុអ្វីនៅសុខៗ កងទ័ពថៃ ក៏ស្រាប់តែរើទូកុងតឺន័រចេញយ៉ាងដូច្នេះ?

កងកម្លាំងថៃប្រើគ្រឿងចក្រអេស្កាវ៉ាទ័រ លើកទូកុងតឺន័រចេញក្រោយជីកលេណដ្ឋាននៅខាងក្រោយរួច។ 
កងកម្លាំងថៃប្រើគ្រឿងចក្រអេស្កាវ៉ាទ័រ លើកទូកុងតឺន័រចេញក្រោយជីកលេណដ្ឋាននៅខាងក្រោយរួច។ 

មិនមែនកងទ័ពថៃ មានចិត្តចង់ដកទូកុងតឺន័រចេញពីដីកម្ពុជាស្រួលៗឡើយ។ តាមពិត កងទ័ពថៃ លួចជីកលេណដ្ឋានដ៏រឹងមាំរួចទៅហើយ មុននឹងហ៊ានដកទូកុងតឺន័រចេញពីទីតាំង។ លេណដ្ឋាននេះ មានទទឹង៣ម៉ែត្រ ហៅថា លេណដ្ឋានប្រឆាំងនឹងរថក្រោះ។ អង្គភាពកងកម្លាំងសុរៈនារី(สุรนารี) ដែលស្ថិតក្រោមកងទ័ពប្រចាំភូមិភាគទី២របស់ថៃ អះអាងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះថា ពួកគេ ចាប់ផ្តើមជីកលេណដ្ឋាន តាំងពីរាជរដ្ឋាភិបាលថៃ-កម្ពុជា ចុះកិច្ចព្រមព្រៀងផ្អាកសង្គ្រាមមកម្ល៉េះ។

ថៃជីកលេណដ្ឋាន និងដាក់បន្លាលួសក្នុងដីកម្ពុជា។ 
ថៃជីកលេណដ្ឋាន និងដាក់បន្លាលួសក្នុងដីកម្ពុជា។ 

អង្គភាពកងកម្លាំងនេះ លើកឡើងទៀតថា ទូកុងតឺន័រ មិនអាចទប់ទល់ ឬរារាំងការវាយប្រហារដោយរថក្រោះឡើយ ដូច្នេះ ពួកគេ ចាំបាច់ត្រូវតែជីកលេណដ្ឋានជំនួសវិញ ហើយនៅកន្លែងណា ដែលជីកលេណដ្ឋានរួចរាល់ ទូកុងតឺន័រ នឹងត្រូវរើចេញ។ ការបញ្ជាក់របស់អង្គភាពកងកម្លាំងសុរៈនារី ត្រូវបានចុះផ្សាយដោយសារកាសែតថៃ ឈ្មោះ Siamrath។ 

កងកម្លាំងថៃ ពិនិត្យមើលលេណដ្ឋាន។ 
កងកម្លាំងថៃ ពិនិត្យមើលលេណដ្ឋាន។ 

ចំណែកកាសែតមួយទៀត ឈ្មោះ Thai PBS បានដកស្រង់សម្តីអ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ លោក រិឆា សុខសុវ៉ានន្ន (ริชา สุขสุวานนท์) ទៅផ្សាយថា ទូកុងតឺន័រ គ្រាន់តែជារបាំងការពារបណ្តោះអាសន្នប៉ុណ្ណោះ។ លោក ថ្លែងថា ពេលកំពុងប្រើទូកុងតឺន័រជារបាំងការពារ កងទ័ពថៃ ក៏បានរៀបចំ និងពង្រឹងវិធានការផ្សេង ដែលរឹងមាំជាងទូកុងតឺន័រ ដើម្បីអាចការពារខ្លួននៅតាមព្រំដែន។ លោក បន្តថា ទូកុងតឺន័រដែលដកចេញនោះ នឹងត្រូវយកទៅប្រើ ឬដាក់នៅកន្លែងផ្សេងទៀត ហើយកងទ័ពថៃ នៅតែត្រូវបានដាក់ពង្រាយតាមព្រំដែនដដែល។  

លោក រីឆា សុខសុវ៉ានន់
លោក រីឆា សុខសុវ៉ានន់

ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា មិនទាន់មាត់កអ្វីនោះទេ ជុំវិញសកម្មភាពកងទ័ពថៃ ដកទូកុងតឺន័រចេញ ហើយជំនួសមកវិញដោយលេណដ្ឋានប្រឆាំងរថគ្រោះបែបនេះ។ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ សូមមិនធ្វើអត្ថាធិប្បាយ ដោយស្នើឱ្យអង្គភាពយើងខ្ញុំសួរទៅខាងកងទ័ពវិញ ព្រោះជាកិច្ចការពាក់ព័ន្ធនឹងកងទ័ព៕ 

លោក មាន ចាន់យ៉ាដា
លោក មាន ចាន់យ៉ាដា
កងទ័ពថៃ ដាក់ទូកុងតឺន័រក្នុងដីកម្ពុជា។ 
កងទ័ពថៃ ដាក់ទូកុងតឺន័រក្នុងដីកម្ពុជា។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត