ប្រទេសថៃ ព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅរាជធានី-ខេត្តជាង៥០ ចំពេលតំបន់មួយចំនួនទឹកនៅបន្ដជន់លិចផ្ទះដល់ជាន់ទី២
S
Sinuon Nop
•
12 ម៉ោងមុន

រាជធានីបាងក៖ អាជ្ញាធរថៃ បានចេញការព្រមាននៅថ្ងៃចន្ទទី៥ ខែតុលានេះ អំពីភ្លៀងនៅបន្ដធ្លាក់ ចាប់ពីខ្លាំងទៅខ្លាំងបំផុត នៅទូទាំងតំបន់ជាច្រើនរបស់ប្រទេស ខណៈទឹកជំនន់កំពុងបន្ដជន់លិចផ្ទះសម្បែងនៅតាមតំបន់ភាគកណ្តាល និងភាគខាងកើត ជាពិសេស នៅតាមតំបន់ផ្នែកខាងក្រោមនៃទំនប់ធំៗ...។

សារព័ត៌មាន The Pattaya News បានចេញផ្សាយថា សេចក្តីជូនដំណឹងចុងក្រោយរបស់នាយកដ្ឋានឧតុនិយមថៃ បានព្រមានដល់ខេត្តចំនួន៥១ និងរាជធានីបាងកក នៅក្នុងចំណោមរាជធានី-ខេត្តទាំង៧៦ អំពីភ្លៀងធ្លាក់ ចាប់ពីខ្លាំងទៅខ្លាំងបំផុត នៅថ្ងៃចន្ទទី៥តុលានេះ ព្រមទាំងហានិភ័យ នៃទឹកជំនន់ជន់លិចភ្លាមៗ ទឹកហូរខ្លាំង និងទឹកហូរហៀរ នៅតាមតំបន់ផ្លូវទឹក ជើងភ្នំ និងតំបន់ទំនាប។ រីឯស្ថានភាពអាកាសធាតុនឹងប្រែប្រួលមិនទៀងទាត់ បណ្ដាលមកពីការប៉ះគ្នា ឬអន្តរកម្ម រវាងប្រព័ន្ធសម្ពាធខ្ពស់មកពីប្រទេសចិន និងខ្យល់មូសុងនិរតី ហើយអ្នកព្យាករអាកាសធាតុ បានបញ្ជាក់ថា ស្ថានភាពបែបនេះ អាចនឹងបន្តរហូតដល់ថ្ងៃទី៧ ខែតុលា។

ស្របគ្នានេះដែរ សារព័ត៌មាន Khaosod ក៏បានចេញផ្សាយផងដែរថា គិតត្រឹមថ្ងៃចន្ទ ទី៥តុលាដដែលនេះ ស្ថានភាពទឹកជំនន់នៅស្រុកបាងបាន ខេត្តអាយធ្យា(อยุธยา) នៅតែមានសភាពធ្ងន់ធ្ងរ ដោយផ្ទះមួយចំនួន មានទឹកជំនន់ជន់ឡើងដល់ជាន់ទី២ ហើយបានបង្ខំឱ្យអ្នកស្រុក ត្រូវធ្វើដំណើរតាមទូក និងធ្វើឱ្យគ្រួសារខ្លះ ត្រូវជួលកន្លែងស្នាក់នៅបណ្តោះអាសន្ន ដើម្បីអាចធ្វើដំណើរទៅធ្វើការងារ និងរស់នៅបាន។ សហគមន៍នានា ដែលស្ថិតនៅតាមបណ្តោយទន្លេចៅព្រះយា ឬចៅប្រៈយ៉ា (เจ้าพระยา) ជាពិសេស នៅភូមិលេខ៣ ស្ថិតក្នុងឃុំបានគុម បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ទឹកបានហៀរហូរចេញពីលើច្រាំងទន្លេ និងជន់លិចស្ទើរទូទាំងសហគមន៍ទាំងមូល ខណៈតំបន់ខ្លះទៀត ទឹកចាប់ផ្តើមហូរហៀរឆ្លងកាត់ផ្លូវថ្នល់។

អ្នកស្រុកនៃតំបន់នោះ បានអះអាងថា ទឹកជំនន់បានកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ ដោយបានហក់ឡើងចន្លោះពី៥០-៦០សង់ទីម៉ែត្រ។ ផ្ទះមួយចំនួននៅក្នុងតំបន់នេះ គឺទឹកបានឡើងដល់ជាន់ទី២ ខណៈផ្ទះខ្លះទៀត ទឹកបានហក់ឡើងដល់ដំបូល និងតំបន់ខ្លះ ទឹកបានជន់លិចជម្រៅចន្លោះពី២ទៅ៣ម៉ែត្រឯណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត