
រាជធានីបាងងកក៖ ថៃ នៅតែគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាព្រំដែនដូចជាមិនហ៊ានធ្វេសប្រហែសបន្តិចណាឡើយ ជាពិសេស តែងផ្តោតលើការពង្រឹងសមត្ថភាពកងទ័ព និងសព្វាវុធគ្រប់ប្រភេទ។ ជាក់ស្តែង កាសែតខាវសត ផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ថា លោក ផៈណា ក្លែវប៉្លតថុក (พนา แคล้วปลอดทุกข์) អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការផ្លាស់ប្ដូរ និងការតែងតាំងមន្ត្រីកងទ័ពជាន់ខ្ពស់ថ្នាក់វរសេនីយ៍ឯក (ពាក់ស័ក្តិ៥) ដល់ទៅ៣៩២នាក់ឯណោះ ដោយក្នុងនោះ មានទាំងមេបញ្ជាការអង្គភាពប្រយុទ្ធសំខាន់ៗផងដែរ ដើម្បីទទួលខុសត្រូវលើបញ្ហាសន្តិសុខ និងការគ្រប់គ្រងស្ថានការណ៍តាមតំបន់ព្រំដែនថៃ-កម្ពុជា និងព្រំដែនថៃ-ភូមា។

ក្នុងចំណោមការផ្លាស់ប្ដូរសំខាន់ៗ និងមានលក្ខណៈទ្រង់ទ្រាយនេះ លោក ជ័យនរ៉ុង កាស៊ី (ชัยณรงค์ กาสี) ដែលជាមេបញ្ជាការកងវរសេនាធំថ្មើរជើងលេខ១២ ត្រូវបានផ្លាស់ទៅកាន់តំណែងជាអនុមេបញ្ជាការកងពលធំថ្មើរជើងលេខ២ ជំនួសលោក នត្ថពល ជួនច្រើន (ณัฐพล จวนเจริญ) ហើយលោក នត្ថពល ជួនច្រើន ត្រូវបានប្តូរទៅកាន់តំណាងរបស់លោក ជ័យនរ៉ុង កាស៊ី ពោលគឺឆ្លាស់តំណែងគ្នាកាន់។

បញ្ជាការកងពលធំ ជាអង្គភាពធំជាង ឬខ្ពស់ជាងបញ្ជាការកងវរសេនាធំ។ កងពលធំថ្មើរជើងលេខ២ និងកងវរសេនាធំថ្មើរជើងលេខ១២ សុទ្ធតែជាអង្គភាព មានភារកិច្ច និងការទទួលខុសត្រូវនៅតំបន់ព្រំដែន។ ចំពោះលោក ជ័យនរ៉ុង កាស៊ី គឺធ្លាប់ដឹកនាំប្រតិបត្តិការសន្តិសុខនៅខេត្តស្រះកែវរបស់ថៃ ដែលនៅជាប់ព្រំដែននឹងកម្ពុជា ក្នុងអំឡុងផ្ទុះសង្គ្រាមជាមួយគ្នា២លើក កាលពីឆ្នាំ២០២៥កន្លងទៅ។

ការពង្រឹងអំណាចកងទ័ពនៅតាមព្រំដែននេះ ធ្វើឡើងស្របពេលរាជរដ្ឋាភិបាលថៃ ទើបនឹងអនុម័តកញ្ចប់ថវិកាជាង១០៤លានដុល្លារបន្ថែមទៀត ទុកឱ្យកងទ័ពខ្លួនចំណាយលើការទិញសព្វាវុធថ្មី និងការជួសជួលសព្វាវុធដែលកំពុងមានស្រាប់ឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមចេញប្រយុទ្ធ ក្នុងករណីផ្ទុះសង្គ្រាមតាមព្រំដែនជាមួយកម្ពុជាសាជាថ្មី នៅជុំទី៣។ កញ្ចប់ថវិកានេះ ត្រូវបានអនុម័តកាលពីខែកញ្ញាកន្លងទៅ ហើយត្រូវបានចុះផ្សាយដោយកាសែត The Nation របស់ថៃ នៅថ្ងៃទី៣ ខែតុលា។

អាវុធសាហាវៗ ដែលថៃកំពុងបើកភ្នែកធំៗសម្លឹងមើល និងប៉ងចង់ទិញបន្ថែមនោះ មានដូចជា គ្រាប់មីស៊ីលបាញ់បានចម្ងាយឆ្ងាយប្រភេទ Rampage (រ៉ាំផេក) ដែលបាញ់ចេញពីយន្តហោះចម្បាំង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតប្រភេទ Himars (ហាយម៉ាស), គ្រាប់បែក ដែលអាចកម្ទេចលេណដ្ឋានជ្រៅៗ, និងនាវាចម្បាំងប្រភេទ Frigate (ហ្វ្រីហ្គេត) ជាដើម។ កញ្ចប់ថវិកាជាង១០៤លានដុល្លារនេះ មិនអាចទិញអាវុធថ្លៃៗទាំងនេះបានទាំងអស់នោះទេ។ ប្រសិនបើត្រូវទិញមែននោះ រាជរដ្ឋាភិបាលថៃ នឹងចាក់បញ្ចូលថវិកាមួយចំនួនបន្ថែមទៀត ជាក់ជាមិនខាន៕










