
រដ្ឋធានីតេហេរ៉ង់៖ ការនាំចេញប្រេងឆៅ ចេញពីតំបន់ឈូងសមុទ្ទអារ៉ាប់ បានត្រឡប់ទៅរកកម្រិតនៅមុនពេលផ្ទុះជម្លោះ នៅក្នុងខែកញ្ញា ដោយសារក្រុមហ៊ុនផលិតប្រេងនានា បានងាកទៅប្រើប្រាស់ផ្លូវដឹកជញ្ជូនជំនួស និងការផ្ទេរប្រេងពីនាវាមួយទៅនាវាមួយទៀត ដើម្បីចៀសវាងការឆ្លងកាត់ច្រកសមុទ្ទហ័រមូស(Hormuz) ថ្វីបើការនាំចេញរបស់អ៊ីរ៉ង់ចនៅតែស្ថិតក្នុងកម្រិតទាបជាងមធ្យមភាគ នៅមុនពេលមានជម្លោះយ៉ាងណាក៏ដោយ។ នេះបើតាមបណ្ដាញទូរទស្សន៍គ្រប់គ្រងដោយរដ្ឋអាល្លឺម៉ង់ DW ចេញផ្សាយ នៅរសៀលថ្ងៃចន្ទទី៥ ខែតុលា...។

បើតាមទិន្នន័យដឹកជញ្ជូនពីក្រុមហ៊ុនវិភាគពាណិជ្ជកម្ម Kpler បានឱ្យដឹងថា ការនាំចេញប្រេងឆៅចេញពីតំបន់មជ្ឈិមបូព៌ា (មិនរាប់បញ្ចូលអ៊ីរ៉ង់) បានកើនឡើងលើសកម្រិត នៅមុនពេលមានជម្លោះ កាលពីចុងខែកញ្ញា ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាដឹកប្រេង នៅក្នុងច្រកសមុទ្ទហ័រមូសយ៉ាងណាក៏ដោយ។ ទិន្នន័យនេះ បានបង្ហាញថា បរិមាណនាំចេញប្រេង កើនលើសកម្រិតមធ្យមភាគ នៅមុនពេលមានជម្លោះ ប្រហែល១៨លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងរយៈពេល៤ថ្ងៃ នៅក្នុងសប្តាហ៍ នៃចុងខែកញ្ញា ដោយកើនឡើងដល់ចន្លោះពី១៩,៥លាន ទៅ២២,៥លានបារ៉ែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុន Kpler ឱ្យដឹងបន្តថា នៅពេលច្រកសមុទ្ទហ័រមូសត្រូវបានបិទ បន្ទាប់ពីជម្លោះជាមួយអ៊ីរ៉ង់ ចាប់ផ្តើម បរិមាណប្រេងឆៅ(មិនមែនរបស់អ៊ីរ៉ង់)ដឹកចេញពីតំបន់នេះនៅក្នុងរយៈពេល៧ថ្ងៃ គិតជាមធ្យមបានធ្លាក់ចុះ៧២ភាំគរយ នៅក្នុងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ។

ការនាំចេញប្រេងកើនឡើងវិញ គឺអាស្រ័យលើការប្រើប្រាស់ផ្លូវដឹកជញ្ជូនជំនួស និងការផ្ទេរប្រេងពីនាវាមួយទៅនាវាមួយទៀត។ នៅក្នុងខែកញ្ញា ប្រេងឆៅប្រហែល៤០ភាគរយ ត្រូវបានដឹកចេញពីតំបន់ឈូងសមុទ្ទអារ៉ាប់ ដោយមិនឆ្លងកាត់ច្រកសមុទ្ទហ័រមូសនោះឡើយ បើធៀបត្រឹមតែ១៧ភាគរយប៉ុណ្ណោះ នៅមុនពេលមានជម្លោះជាមួយអ៊ីរ៉ង់។ បើតាម Kpler ឱ្យដឹងបន្ថែមថា ប្រេងឆៅជាង៧០ភាគរយ ត្រូវបានផ្ទេរពីនាវាដឹកប្រេងមួយទៅនាវាមួយទៀត នៅតំបន់លម្ហសមុទ្ទ ស្ថិតក្នុងឈូងសមុទ្ទអូម៉ង់ (Gulf of Oman) កាលពីខែសីហា។ ផ្ទុយទៅវិញ ស្ទើរតែគ្មានការផ្ទេរប្រេងឆៅ ចេញពីតំបន់ឈូងសមុទ្ទអារ៉ាប់ទៅកាន់នាវាផ្សេងទៀត នៅក្នុងឈូងសមុទ្ទអូម៉ង់ឡើយ នៅមុនពេលមានជម្លោះ។ ទន្ទឹមគ្នា ប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានបង្កើនការនាំចេញប្រេង តាមសមុទ្ទក្រហម (Red Sea) ខណៈអារ៉ាប់រួម (UAE) បានប្រើប្រាស់បំពង់បង្ហូរប្រេងរបស់ខ្លួន ទៅកាន់ទីក្រុងហ្វូចៃរ៉ាស់ (Fujairah)។

ប្រទេសនាំចេញប្រេងឆៅសំខាន់ៗ នៅក្នុងតំបន់នេះ រួមមាន៖ អារ៉ាប៊ីសាអូឌីត, អារ៉ាប់រួម (UAE) និងអ៊ីរ៉ាក់។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់នៅតែជាករណីលើកលែងដ៏សំខាន់មួយ ដោយការនាំចេញរបស់ប្រទេសនេះ នៅតែស្ថិតក្នុងកម្រិតទាបជាងមធ្យមភាគ នៅមុនពេលមានជម្លោះដ៏ខ្លាំងក្លា ដែលមូលហេតុចម្បង គឺដោយសារគោលនយោបាយរបស់សហរដ្ឋអាម៉េរិក៕


