
រដ្ឋធានីប៉េកាំង៖ អ្នកវិទ្យាសាស្រ្តចិនមួយក្រុម បានបង្កើតរោងចក្រផលិតរួមគ្នា (Co-Production Plant) ខ្នាតតូចមួយ ដែលដំណើរការប្រកបដោយស្ថិរភាព ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធតែមួយ សម្រាប់ទាញយកអ៊ីដ្រូសែន និងទឹកសាប ចេញពីទឹកសមុទ្ទ ព្រមទាំងអាចទាញយកអ៊ុយរ៉ាញ៉ូម និងប្រូមីន (Bromine) មកវិញ ហើយថែមទាំងជួយបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់អគ្គិសនីបាន រហូតដល់ប្រហែល១៥ភាគរយថែមទៀតផង។ នេះបើតាមសារព័ត៌មានហុងកុង South China Morning Post បានចេញផ្សាយកាលនៅថ្ងៃចន្ទទី៥ ខែតុលា...។

ទស្សនាវដ្ដីវិទ្យាសាស្រ្ត Nature Energy បានចុះផ្សាយនូវអត្ថបទមួយ ដោយបង្ហាញថា អ្នកវិទ្យាសាស្រ្ដចិនមួយក្រុម ដឹកនាំដោយលោក ដែង តេហ៊ួយ (Deng Dehui) និងលោកស្រី លីវ យ៉ានទីង (Liu Yanting) មកពីវិទ្យាស្ថានរូបវិទ្យា គីមី Dalian (Dalian Institute of Chemical Physics) នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តចិន បានកែលម្អបច្ចេកវិទ្យាមានស្រាប់មួយចំនួន ដែលកាលពីមុនមានតម្លៃថ្លៃ និងប្រើប្រាស់ថាមពលច្រើន។ ការផលិតអ៊ីដ្រូសែន ចេញពីទឹកសមុទ្ទ តាមរយៈដំណើរការប្រើប្រាស់ថាមពលកកើតឡើងវិញ គឺជាមធ្យោបាយដ៏សំខាន់បំផុតមួយ ឆ្ពោះទៅរកការផលិតអ៊ីដ្រូសែនបៃតង (Green Hydrogen) ប៉ុន្តែវិធីសាស្ដ្រសំខាន់ៗទាំងពីរ ដែលមានស្រាប់នោះ សុទ្ធតែមានគុណវិបត្តិរៀងៗខ្លួន។

អ្នកវិទ្យាសាស្រ្ដចិនមួយក្រុមនេះ បានបង្កើតសម្ភារមួយប្រភេទ មានលក្ខណៈដូចអេប៉ុង ដែលពួកគេអះអាងថា អាចចាប់យកសារធាតុអ៊ុយរ៉ាញ៉ូម ចេញពីទឹកសមុទ្ទបាន នៅក្នុងអត្រាខ្ពស់ជាង៨ដង នៃអត្រាដែលក្រសួងថាមពលសហរដ្ឋអាម៉េរិក (DOE) បានកំណត់ជាគោលដៅ។ សម្ភារទាំងនោះមានឈ្មោះ Phos Cage ប្រើប្រាស់ក្រុមផូស្វាត (phosphate groups) ជាអន្ទាក់គីមី សម្រាប់ចាប់យកអ៊ុយរ៉ាញ៉ូម ពីទឹកសមុទ្ទ ដោយជ្រើសរើសយកតែធាតុនេះប៉ុណ្ណោះ។ ការស្រាវជ្រាវបែបនេះ អាចផ្តល់នូវមធ្យោបាយមួយទៀត នៅក្នុងការទទួលបានបរិមាណអ៊ុយរ៉ានីញ៉ូមដ៏ច្រើនសន្ធឹកសន្ធាប់ ដែលរលាយនៅក្នុងមហាសមុទ្ទនានា នៅជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានឧបសគ្គធំៗ លើផ្នែកវិស្វកម្ម និងសេដ្ឋកិច្ចដែលត្រូវដោះស្រាយ នៅមុនពេលបច្ចេកវិទ្យាទាំងនេះ អាចយកទៅប្រើប្រាស់ នៅក្នុងកម្រិតពាណិជ្ជកម្ម។

ក្រុមការងារ មកពីវិទ្យាស្ថានបច្ចេកវិទ្យាជីវថាមពល និងជីវដំណើរការ Qingdao នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តចិន ក៏បានរាយការណ៍ផងដែរ អំពីការទាញយកអ៊ុយរ៉ាញ៉ូមបាន រហូតដល់៥០,៤មិល្លីក្រាម នៅក្នុងមួយក្រាម នៃសារធាតុស្រូបយកពីទឹកសមុទ្ទធម្មជាតិ។ នេះបើធៀបនឹងកម្រិតស្ដង់ដារ៦មិល្លីក្រាម ក្នុងមួយក្រាម ដែលសម្រេចបានដោយសារធាតុស្រូបយក (adsorbents) ដ៏ល្អបំផុតរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីការដាក់ឱ្យប៉ះពាល់ជាមួយទឹកសមុទ្ទនៅក្នុងរយៈពេលយូរ កាលពីអំឡុងឆ្នាំ២០១៦ ដែលធ្វើឱ្យលទ្ធផលពិសោធន៍ដែលបានរាយការណ៍ថា នេះមានកម្រិតខ្ពស់ជាងជាង៨ដង។ សារធាតុអ៊ុយរ៉ាញ៉ូម ក៏ត្រូវគេញែកចេញពីល្បាយដែលមានធាតុផ្សំផ្សេងៗជាច្រើនទៀតដែលរលាយនៅក្នុងទឹកសមុទ្ទ។ ជាពិសេស វ៉ាណាឌីយូម អាចមានប្រតិកម្មជាមួយទីតាំងគីមីដដែលៗ ដែលត្រូវបានប្រើសម្រាប់ការចាប់យកអ៊ុយរ៉ាញ៉ូម ដែលធ្វើឱ្យការទាញយកដោយជ្រើសរើស មានការលំបាកខ្លាំង។

នៅក្នុងការធ្វើតេស្តមានលោហៈជាច្រើនប្រភេទ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សម្ភារមានទម្រង់ជាគ្រាប់តូចៗរបស់វា មានសមត្ថភាពជ្រើសរើសចាប់យកអ៊ុយរ៉ាញ៉ូមបានល្អជាងលោហៈផ្សេងៗទៀត រួមទាំង វ៉ាណាឌីយ៉ូម (Vanadium) ផងដែរ។ ចំណុចទាក់ទាញ នៃការចាប់យកអ៊ុយរ៉ាញ៉ូម ពីទឹកសមុទ្ទ គឺមានទំហំដ៏ធំធេង សម្រាប់ធនធានដែលអាចមាន។ ធនធានអ៊ុយរ៉ាញ៉ូម នៅលើដីគោកដែលគេបានដឹង ត្រូវបានប៉ាន់ប្រមាណថា មានប្រហែល៧,៩លានតោន ខណៈមហាសមុទ្ទនានា នៅលើពិភពលោក ត្រូវបានគេប៉ាន់ប្រមាណថា មានផ្ទុកអ៊ុយរ៉ាញ៉ូម ប្រហែល៤,៥ពាន់លានតោន។ ភាគច្រើន នៃសារធាតុអ៊ុយរ៉ានីញ៉ូទាំងនេះ បានហូរចូលទៅក្នុងមហាសមុទ្ទ នៅក្នុងរយៈពេលដ៏យូរលង់តាមបែបភូមិសាស្ត្រ ហើយត្រូវបានទឹកនាំចូលទៅក្នុងសមុទ្ទ។

សម្រាប់ប្រទេសនានាដែលកំពុងពង្រីកវិស័យថាមពលនុយក្លេអ៊ែរ នេះអាចជាប្រភពបន្ថែមដ៏ធំសម្បើម នៃឥន្ធនៈនុយក្លេអ៊ែរ។ ប្រទេសចិនពឹងផ្អែកខ្លាំងលើការនាំចូលអ៊ុយរ៉ាញ៉ូម។ បើតាមតួលេខរបស់សមាគមនុយក្លេអ៊ែរពិភពលោក (World Nuclear Association) ដែលត្រូវបានដកស្រង់ដោយកាសែត South China Morning Post (SCMP) ការរុករករ៉ែនៅក្នុងប្រទេសចិន បានផលិតអ៊ុយរ៉ាញ៉ូម ប្រហែល១៦០០តោនក្នុងឆ្នាំ២០២៤ បើធៀបនឹងតម្រូវការប្រហែល ១៣ ០០០តោន សម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់ខ្លួន។

សហរដ្ឋអាម៉េរិក បានចំណាយពេលជាច្រើនទសវត្សរ៍ ដើម្បីសិក្សា ថាតើទឹកសមុទ្ទ អាចជួយបំពេញគម្លាតនេះបានដែរឬទេ? អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍ជាតិ Oak Ridge និងមន្ទីរពិសោធន៍ជាតិ Pacific Northwest បានបង្កើត និងសាកល្បងសរសៃ ស្រូបយកអ៊ុយរ៉ាញ៉ូម នៅក្នុងទឹកសមុទ្រធម្មជាតិ រួមទាំងការពិសោធន៍ នៅតំបន់ Sequim Bay ស្ថិតក្នុងរដ្ឋវ៉ាស៊ីនតោន (Washington State ) ផងដែរ។ ជាលទ្ធផល កម្មវិធីរបស់សហរដ្ឋអាម៉េរិក បានរកឃើញថា ភាពអាចទៅរួចផ្នែកសេដ្ឋកិច្ច នៅតែមិនអំណោយផល បើធៀបនឹងការរុករករ៉ែ នៅតាមបែបប្រពៃណី នៅលើដីគោក៕


