
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) បានចេញបទបញ្ជាពីការប្រកាសអាសន្នទៅកាន់អាជ្ញាធរខេត្តទាំង៧៦ទូទាំងប្រទេស ឱ្យបង្កើនល្បឿនបង្ហូរទឹកចេញពីអាងស្តុកទឹក និងផ្លូវទឹកទាំងអស់ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការធ្លាក់ភ្លៀងធ្លាក់ខ្លាំងសាជាថ្មី ដែលបានព្យាករឃើញថា ភ្លៀងនឹងបង្អុរធ្លាក់ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ...។

ផ្អែកលើការព្យាករឧតុនិយម បានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងគំហុកនឹងវាយប្រហារតំបន់ភាគខាងជើង ភាគខាងកើត ភាគកណ្តាល ភាគខាងត្បូង និងតំបន់ជុំវិញរាជធានីបាងកក ដែលបង្កឱ្យមានហានិភ័យខ្ពស់នៃគ្រោះទឹកជំនន់ភ្លាមៗ។ អ្វីដែលកាន់តែប្រឈមធ្ងន់ធ្ងរនោះ គឺបាតុភូតទឹកសមុទ្ទជោរខ្ពស់នៅចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែតុលា នឹងធ្វើឱ្យការបង្ហូរទឹកទន្លេចូលទៅក្នុងឈូងសមុទ្ទត្រូវកកស្ទះ និងយឺតយ៉ាវ ដែលនឹងបង្កបញ្ហាដល់ការរំដោះទឹកចេញពីអាងទន្លេចៅព្រះយា ឬ(ចៅប្រៈយ៉ា เจ้าพระยา) ខណៈអត្រាបង្ហូរទឹកពីទំនប់ចៅព្រះយាបច្ចុប្បន្ន ស្ថិតក្នុងកម្រិត២៥០០ម៉ែត្រគូបក្នុងមួយវិនាទីស្រាប់។

ដើម្បីឆ្លើយតបនឹងសភាពការណ៍នេះ រាជរដ្ឋាភិបាលថៃ បានបញ្ជាឱ្យដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ម៉ាស៊ីនបូមទឹក និងឧបករណ៍ជំរុញលំហូរទឹកទៅកាន់តំបន់ប្រឈមខ្ពស់ជាបន្ទាន់ ជាពិសេសតំបន់ភាគខាងត្បូង ដើម្បីត្រៀមរៀបចំផែនការជម្លៀសខ្លួន និងសង្គ្រោះបន្ទាន់២៤ម៉ោងលើ២៤ម៉ោង៕




